ខេត្តព្រៃវែង ៖ ដោយសារឥទ្ធិពលនៃជំងឺប៉េសជ្រូកអាហ្វ្រិក បានធ្វើអោយប្រជាពលរដ្ឋជាច្រើនលែងហ៊ានទិញសាច់ជ្រូកយកទៅទទួលទាន ។ កត្តានេះបានធ្វើអោយប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកនៅតាមទីផ្សារ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង នៅទូទាំងខេត្តមានសត្វជ្រូករស់ដែលមានសុខភាពល្អចំនួន៦ម៉ឺនក្បាល ត្រូវកកស្ទះលក់មិនដាច់។
ដើម្បីលើកទឹកចិត្តដល់បងប្អូនជាអ្នកចិញ្ចឹមជ្រូក អ្នកលក់សាច់ជ្រូក និងលើកទឹកចិត្តអោយប្រជាពលរដ្ឋត្រឡប់មកទទួលទានសាច់ជ្រូកវិញ កាលពីរសៀលថ្ងៃទី២៥ កក្កដា មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានរៀបចំធ្វើពិធីហូបសាច់ជ្រូក ដូចជាសាច់ជ្រូកខ្វៃ នំបាញ់ហយ និងបន្លែស្រស់ៗគ្រប់មុខ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការតាមមន្ទីរនានាជុំវិញខេត្ត រួមជាមួយនឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា មូលហេតុដែលបារព្ធធ្វើពិធីហូបសាច់ជ្រូកនេះឡើង គឺដោយសារជ្រូកកសិករចិញ្ចឹមតាមទ្រុង នៅទូទាំងខេត្តជិត៦ម៉ឺនក្បាលបានកកស្ទះ លក់មិនចេញ ហើយនៅតាមទីផ្សារនីមួយៗក៏លក់សាច់ជ្រូកមិនដាច់ ដោយសារតែលេចឮពាក្យចចាមអារ៉ាមថា សត្វជ្រូកមានជំងឺប៉េស្តជ្រូកអាហ្វ្រិច ហូបសាច់ជ្រូកប៉ះពាល់ដល់សុខភាពនោះ។
លោកបន្តថា តាមពិតទូទាំងខេត្តព្រៃវែង ជ្រូកទាំងអស់គ្មានជំងឺប៉េស្តជ្រូកអាហ្វ្រិចនោះទេ ជ្រូកទាំងអស់សុទ្ធតែមានសុខភាពល្អ ជាពិសេសជ្រូកដែលយកទៅកាប់លក់លើទីផ្សារ សុទ្ធតែបានឆ្លងកាត់ការពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីជំនាញពេទ្យសត្វ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាហូបសាច់ជ្រូកឡើងវិញផង។ ម្យ៉ាងទៀត ការហូបសាច់ជ្រូក ក៏ជាការលើកទឹកចិត្ត ដល់កសិករចិញ្ចឹមជ្រូក បន្តចិញ្ចឹមតទៅទៀត ។
លោក សុខ ជា តំណាងលក់ចែកចាយជ្រូករស់របស់ក្រុមហ៊ុន ស៊ីភី ប្រចាំខេត្តកណ្តាល, ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានបន្ថែមថា មិនត្រឹមតែកសិករចិញ្ចឹមជ្រូកទេដែលលក់ជ្រូកមិនដាច់ សូម្បីតែក្រុមហ៊ុនស៊ីភី ក៍លក់មិនដាច់ដែរ ក្នុងមួយថ្ងៃៗខេត្តមួយៗ លក់ដាច់ត្រឹមតែពីរទៅ៣ក្បាលប៉ុណ្ណោះ ខណៈមុនពេលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងមួយថ្ងៃៗលក់ដាច់រាប់រយក្បាល។
ពាក់ព័ន្ធបញ្ហាខាងលើ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រឡប់មកហូបសាច់ជ្រូកឡើងវិញ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានហូបសាច់ជ្រូកបណ្តើររៀបរាប់ថា «ខ្ញុំហូបសាច់ជ្រូក ធម្មតារាល់ថ្ងៃ មិនបោះបង់វាទេ មិនដែលមានជំងឺយាយីរាងកាយខ្ញុំឡើយ ដូចនេះ តាមរយៈពិធីជួបជុំហូបសាច់ជ្រូកនេះ សូមបងប្អូនប្រជាពលរដ្ឋទូទៅ មេត្តាទទួលទានសាច់ជ្រូកឡើងវិញផង ដើម្បីលើកទឹកចិត្តដល់កសិករយើងខំចិញ្ចឹមជ្រូក បន្តទៅទៀត»៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ