នៅក្នុងគម្ពីរបុញ្ញបទីបបានពោលថា ការមិននិយាយភូតកុហក មិនបោកប្រាស់អ្នកដទៃ ដោយពាក្យសម្តី មិននិយាយញុះញង់ស៊កសៀត មិននិយាយសម្តីអាក្រក់ ទ្រគោះបោះបោក ឬជេរប្រទេច មិននិយាយសម្តីឥតប្រយោជន៍ ដោយសេចក្តីមិនលោភ មិនក្រោធខឹង មិនវង្វេង នេះហៅថា ធ្វើបុណ្យតាមផ្លូវវាចាជាថ្នាក់សីល ។
បុគ្គលណាពោលសរសើរគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងគុណមាតាបិតា ឬនិយាយទូន្មានអ្នកដទៃឲ្យស្គាល់បាប បុណ្យ គុណ ទោស និងស្គាល់អំពើដែលជាប្រយោជន៍ និងមិនមែនជាប្រយោជន៍ ទាំងជួយបង្ហាត់បង្រៀនវិជ្ជាល្អគ្រប់បែបយ៉ាងទៅតាមវិជ្ជាដែលខ្លួនចេះដោយមិនលាក់លាមទុក បុគ្គលនោះបាននាមថា ធ្វើបុណ្យតាមវាចា ។
កាលបើសាធុជនចេះអប់រំវាចា មិននិយាយពាក្យរោយរាយឥតប្រយោជន៍ក្នុងពួកក្រុម ហើយគេចចៀសចាកទៅរកទីស្ងាត់ នៅអប់រំកាយ អប់រំចិត្ត តាំងស្មារតីភាវនា ជាឧបាយទប់អារម្មណ៍ឲ្យហ្នឹងនៅតែមួយ ដើម្បីឲ្យបានទទួលសេចក្តីស្ងប់រម្ងាប់ នេះហៅថា ធ្វើបុណ្យដោយវាចាថ្នាក់ភាវនា ។
អ្នកដែលធ្វើបុណ្យតាមផ្លូវវាចាតែងបានជាទីស្រឡាញ់រាប់អានអំពីក្រុមមនុស្សដែលនៅជុំវិញខ្លួន និងរមែងទទួលសព្ទសាធុការពរពីទេវតាឱ្យបានសុខចម្រើនតរៀងទៅ ។
ចែករំលែកព័តមាននេះ