ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ម្ចាស់​បុរី​ផ្ទះល្វែង «​គឹ​ម ធី​» ចេញ​មក​បញ្ជាក់​ថា មានច្បាប់​សាងសង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម កោះសន្តិភាព​បាន​ធ្វើការ​ចុះ​ផ្សាយ​រួច​មក​ហើយ​អំពី​សកម្មភាព​របស់​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ផ្អាក​ដំណើរការ​សាងសង់​សំណង់​បុរី​ផ្ទះល្វែង «​គឹ​ម ធី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម កោះសន្តិភាព​បាន​ធ្វើការ​ចុះ​ផ្សាយ​រួច​មក​ហើយ​អំពី​សកម្មភាព​របស់​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ផ្អាក​ដំណើរការ​សាងសង់​សំណង់​បុរី​ផ្ទះល្វែង «​គឹ​ម ធី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ។

សេចក្តីរាយការណ៍​បាន​បន្ត ដោយ​ការ​ផ្អាក​មិន​ឲ្យ​សាងសង់​បន្ត​នេះ​ត្រូវ​បាន​អាជ្ញាធរ​ប្រាប់​ថា​បាន​ត្រួតពិនិត្យ​ឃើញ​ថា សំណង់​ខាងលើ​មាន​ចំនួន​២០៩​ល្វែង ដែល​កំពុង​សាងសង់​គ្មាន​ច្បាប់​ត្រឹមត្រូវ ទើប​អាជ្ញាធរ​សម្រេច​ឃាត់​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​ម្ចាស់​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​សិន ។ ក្រោយ​ពេល​មានការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​ខាងលើ តំណាង​ម្ចាស់​បុរី​មួយ​នេះ​បាន​ចេញ​មក​បកស្រាយ​ភ្លាម​ៗ​ដែរ ដោយ​អះអាង​ថា បុរី​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​ការ​បកស្រាយ​នេះ គឺជា​ការ​ពិត និង​ដើម្បី​កុំ​ឲ្យ​អតិថិជន​ដែល​ទិញ​ផ្ទះ​ពី​បុរី​របស់​ខ្លួន​ក៏​ដូច​ជា មហាជន​ទាំងអស់​មានការ​យល់​ច្រឡំ​ថា បុរី​គ្មាន​ច្បាប់ និង​នាំ​ឲ្យ​អតិថិជន​មានការ​ព្រួយបារម្ភ​ចំពោះ​រឿង​នេះ ។

តំណាង​រូប​នេះ​បាន​បញ្ជាក់​ថា មុន​នឹង​សាងសង់​បង្កើត​នូវ​បុរី «​គឹ​ម ធី​» នេះ​លោក​សុខ សម្បត្តិ ដែល​ជា​ម្ចាស់​បុរី​បាន​សុំ​ច្បាប់​ទៅ​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ត្រឹមត្រូវ​រួចរាល់​ហើយ ទើប​ដំណើរការ មិនមែន​ចេះ​តែ​ធ្វើ​អ្វី​ៗ ដោយ​លោតឆ័ត្រ​នោះ​ឡើយ ។ បន្ទាប់​មក​អាជ្ញាធរ​បាន​អនុញ្ញាត​ច្បាប់​ឲ្យ ដោយ​ខាង​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះហត្ថលេខា ដោយ​អភិបាល​ខណ្ឌ​ហែម ដា​រិ​ទ្ធិ លេខ​១៤២ ចុះ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៦ និង​សាលាសង្កាត់​កា​កាប​ចុះហត្ថលេខា​ដោយ​លោក​ចៅសង្កាត់ សុខ អ៊ែ​ល លេខ​២០៩៦/២០១៦​ចុះ​ថ្ងៃ​ទី​០១ ខែ​ម​សា ឆ្នាំ​២០១៦ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក សុខ សម្បត្តិ ធ្វើការ​សាងសង់​ផ្ទះ​ចំនួន​១៥០​ល្វែង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ក្រុមហ៊ុន​បាន​ធ្វើការ​សាងសង់​រហូត​មក​ដល់​ពេល​នេះ​ថ្វី​ដ្បិតតែ​ក្រុមហ៊ុន​បាន​សាងសង់​លើស​ពី​ច្បាប់​អនុញ្ញាត​ខ្លះ​មែន ប៉ុន្តែ​ពុំ​មែនមាន​ន័យ​ថា ល្មើសច្បាប់​នោះ​ទេ ។ គឺ​ក្រុមហ៊ុន​កំពុង​រត់ការ​សុំ​ច្បាប់​បន្ថែម​ទៀត ប៉ុន្តែ​ដោយសារ​តែ​តម្រូវការ​របស់​អតិថិជន​ដែល​មានការ​ប្រញាប់​ក្នុង​ការ​ទទួល​បាន​ផ្ទះ ហើយ​សំអាង​ថា មានច្បាប់​ស្រាប់​ផង​នោះ ទើប​ក្រុមហ៊ុន​ធ្វើការ​សាងសង់​បណ្ដើរ និង​រត់​សុំ​ច្បាប់​បណ្ដើរ ហើយ​គ្រាន់តែ​ច្បាប់​មិន​ទាន់​ធ្លាក់​មក​តែ​ប៉ុណ្ណោះ​ទេ ដូច្នេះ​សូម​អតិថិជន​របស់​បុរី គឹ​ម​ធី ទាំងអស់​កុំ​មានការ​យល់​ច្រឡំ ឬ​ព្រួយបារម្ភ​អី​សូម​ទុកចិត្ត​លើ​បុរី​ចុះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ