ចិញ្ចឹមឃ្មុំជោគជ័យ…បរាជ័យចិញ្ចឹមមាន់ តើមូលហេតុអ្វី?


ខេត្តបាត់ដំបង ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ សហគមន៍​ «​ខាំ​កូ គីឡូ​៣៨» បាន​អះអាង​ពី​ភាព​ជោគជ័យ នៃ​កសិដ្ឋាន​ចិញ្ចឹម«​សត្វ​ឃ្មុំ​»​របស់​ខ្លួន ។ ប៉ុន្តែ​ស្រប​ពេល​ជាមួយនឹង​ភាព​ជោគជ័យ​នៃ​ការ​ចិញ្ចឹម​ឃ្មុំ​នេះ សហ​គមន៍​នេះ​ ក៏​បាន​បង្ហាញ​ពី​ភាព​បរាជ័យ​នៃ​កសិដ្ឋាន​ចិញ្ចឹម​«​សត្វ​មាន់​» រាប់​ម៉ឺន​ក្បាល​របស់​ពួក​គេ​យ៉ាងធ្ងន់ធ្ងរ​ដែរ ដោយសារ​តែ​ទីផ្សារ​តូច​ចង្អៀត និង​រឿង​លុយកាក់​ដែល​ពួក​ឈ្មូ​ញ​កណ្ដាល​ទិញ​មាន់​យក​ទៅ​លក់​បន្ត ហើយ​ជំពាក់​រាប់​ម៉ឺន​ដុល្លារ មិន​ព្រម​សង​ទៅ​សហ​គម​វិញ ។

ប្រធាន​សហគមន៍ «​ខាំ​កូ គីឡូ​៣៨» លោក អុ​ឹ​ម សុ​ភ័​ក្រ បាន​និយាយ​ថា ពិតមែនតែ​កសិដ្ឋាន​ចិញ្ចឹម​«​សត្វ​ឃ្មុំ​» ទ​ទូល​បាន​ជោគជ័យ តែ​ពេល​នេះ​កសិដ្ឋាន​ចិញ្ចឹម​«​សត្វ​មាន់​» នៅ​ក្នុង​សហគមន៍​របស់​លោក​ស្ទើរតែ​ដួល​រលំ​ទាំងស្រុង​ទៅ​ហើយ ។ លោក​បាន​លើក​ឡើង​អំពី​ភាព​បរាជ័យ​នេះ​ថា «​មូលហេតុ​ដែល​បរាជ័យ នៃ​ការ​ចិញ្ចឹម​មាន់ ដោយសារ​តែ​ទីផ្សារ​តូច​ចង្អៀត ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ឈ្មូ​ញ​កណ្ដាល​ដែល​ទិញ​មាន់​ពី​សហគមន៍​ខ្ញុំ​…​យក​ទៅ​លក់​បន្ត​ជំពាក់​លុយ​មិន​ព្រម​សង​តែ​ម្ដង ។ ដែល​ធ្វើ​ឲ្យ​ប្រជា​កសិករ​ចំនួន​១៦​គ្រួសារ នៅ​ក្នុង​សហគមន៍​ខ្មុំ​» ពេល​នេះ​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​» ។

សហគមន៍ «​ខាំ​កូ គីឡូ​៣៨» នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៣៨ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ។ សហគមន៍​នេះ​បាន​ផ្ដូ​ច​ផ្ដើម​ឡើង ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នេះ​ចំនួន​១៦​គ្រួសារ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ទាំង​ផ្នែក​បច្ចេកទេស ទាំង​សម្ភារ និង​ឧបត្ថម្ភ​ទុន​ខ្លះ​ៗ ពី​សហគមន៍​មួយ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ។ បើ​តាម​ការ​ផ្ដល់​បទ​សម្ភាស​ជាមួយ​កោះសន្តិភាព​នា​ពេល​កន្លង​មកនេះ អ្នកគ្រប់​គ្រង​សហគមន៍​បាន​ឲ្យ​ដឹង​ថា សហគមន៍ «​ខាំ​កូ គីឡូ​៣៨» នេះ​បាន​ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​ចិញ្ចឹមសត្វ និង​ការ​ដាំ​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ ។

បើ​និយាយ​អំពី​ប្រវត្តិ នៃ​ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់ លោក អុ​ឹ​ម សុ​ភ័​ក្រ ប្រធាន​សហ​គម​នេះ បាន​និយាយ​ថា ការ​ចិញ្ចឹម​មាន់​នេះ បាន​ចាប់ផ្ដើម​ឡើង​ពី​ការ​ចិញ្ចឹម​បែប​លក្ខណៈ​គ្រួសារ នៅ​ចុងឆ្នាំ​២០១៦ ដែល​មាន​កសិករ​ត្រឹមតែ​ចំនួន​១១​គ្រួសារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោយ​ពី​មានការ​ជួយ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​ពី​សហគមន៍​ជនជាតិ​កូរ៉េ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៧ ទើប​សហគមន៍​របស់​លោក​ទាំង​១៦​គ្រួសារ បាន​ចាប់ផ្ដើម​ពង្រីក​ខ្លួន​សាងសង់​រោង​ចិញ្ចឹម​មាន់​គ្រប់​ៗ​គ្នា​សរុប​មាន​ចំនួន​១៦​កន្លែង ដែល​រោង​នីមួយ​ៗ អាច​ដាក់​មាន់បាន​ចាប់ពី​១០០០​ក្បាល​ឡើង​ទៅ ។

លោក អុ​ឹ​ម សុ​ភ័​ក្រ បាន​បញ្ជាក់​ថា ការ​ចិញ្ចឹម​មាន់​ប្រហែល​១​ឆ្នាំ​ដំបូង សហ​គម​របស់​លោក​ស្ទើរ​គ្រប់​គ្រួសារ​ហាក់​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ ។ ប៉ុន្តែ​មិន​បាន​មួយ​ដង្ហើមចង្រិត​ផង ស្រាប់តែ​មុខរបរ​នេះ ហាក់​ត្រដរខ្យល់​ដួល​តូង​តែ​ម្ដង ។ ប្រធាន​សហគមន៍​រូប​នេះ​បាន​និយាយ​អំពី​មូលហេតុ នៃ​ការ​ដួល​រលំ​នេះ​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ស្ទើរតែ​មិន​ជឿ ដែល​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​សហគមន៍​ខ្ញុំ ត្រូវ​ដួល​រលំ​យ៉ាង​ឆាប់រហ័ស​បែប​នេះ​» ។

គាត់​និយាយ​ថា ដំបូង​វា​មាន​ទីផ្សារ​ល្អ​ណាស់ លុះ​ក្រោយមក​ស្រាប់តែ​ធ្លាក់​ចុះ​យ៉ាង​កំ​ហុ​ក ។ ព្រោះតែ​មាន់​សហគមន៍​ខ្ញុំ ត្រូវ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​មាន់​របស់​ក្រុមហ៊ុន​ធំ​ៗ​ដ៏​ទៃ​ទៀត ដែល​គេ​មាន​ខ្នងបង្អែក​រឹង​មាំ ហើយ​គេ​សំបូរ​ម៉ូយ​ធំ​ៗ ចាំ​ទិញ​ទ​ទូល​ជា​ប្រចាំ ។ គេ​សម្រុកចូល​ស្ទើរ​គ្រប់​ទីផ្សារ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​មាន់នៅ​ក្នុង​សហគមន៍​ខ្ញុំ កាន់តែ​រួម​ចង្អៀត ខណៈ​មាន​ម៉ូយ​កំប៉ិកកំប៉ុក​ប៉ុន្មាន​នាក់ ហើយ​ទិញ​ជំពាក់​ទៀត​នោះ មិន​អាច​ទៅ​រួច​ឡើយ ។

លោក សុ​ភ័​ក្រ បាន​ចាត់​ទុក​បញ្ហា​ធំ​ដែល​នាំ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ដួល​រលំ គឺ «​ពួក​ឈ្មួញកណ្ដាល​ទិញ​មាន់​ជំពាក់​រាប់​ម៉ឺន​ដុល្លារ ហើយ​មិន​ព្រម​សង​» ។ លោក សុ​ភ័​ក្រ បាន​និយាយ​ថា «​ស្រប​ពេល​ទីផ្សារ​កាន់តែ​រួម​តូច​ហើយ ឆ្លៀត​ពួក​ឈ្មួញកណ្ដាល​ទិញ​មាន់​ជំពាក់​ទៀត រឿង​អី​មិន​រលំ ? » លោក​បញ្ជាក់​ថា បំណុល​ដែល​ពួក​ឈ្មួញកណ្ដាល​ជំពាក់​នោះ សរុប​ជិត​២​ម៉ឺន​ដុល្លារ ។

នេះ​ជា​មួល​ហេតុ ដែល​នាំ​ឲ្យ​សហគមន៍​«​ខាំ​កូ គីឡូ​៣៨» ទាំង​១៦​គ្រួសារ​ត្រូវ​ដួល​រលំ​ងើប​មិន​រួច​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ប៉ុន្តែ លោក សុ​ភ័​ក្រ បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​សហគមន៍​របស់​លោក​នៅ​សេសសល់​មាន់​ចិញ្ចឹម​ប្រហែល​២​ពាន់​ក្បាល​ប៉ុណ្ណោះ ក្រៅពី​នេះ​សល់​តែ​រោង​ទទេរ​ស្អាត​ដែល​ទុក​ចោល ព្រោះ​គ្មាន​ទុន​សម្រាប់​ទិញ​ពូជ​ចិញ្ចឹម​បន្ត ។

ជាមួយនឹង​ភាព​បរាជ័យ នៃ​ការ​ចិញ្ចឹម​មាន់នៅ​ក្នុង​សហគមន៍​នេះ គ្រួសារ​កសិករ​ខ្លះ បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​អំពី​ការ​ប្រឈម​នឹង​បំណុល​ដែល​ជំពាក់​អង្គការ​បណ្ដាក់ទុន​នានា បើ​ទោះជា​ប្រាក់​ទុន​មួយ​ចំនួន នៃ​ការ​ចិញ្ចឹម​មាន់​នេះ បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​សហគមន៍​ជនជាតិ​កូរ៉េ​ក្ដី ។ គ្រួសារ​ខ្លះ​បាន​ប្រាប់​ថា ការ​ចិញ្ចឹម​មាន់នៅ​ក្នុង​សហគមន៍​នេះ ពិតជា​ទទួល​បាន​ប្រាក់​ចំណូល​គ្រាន់បើ​មែន ។

ប៉ុន្តែ​ចំណូល​នេះ​ហាក់​ទ​ទូល​បាន​ត្រិ​ម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ស្រាប់តែ​សហគមន៍​ទាំងមូល​ត្រូវ​ចាញ់បោក​ពួក​ឈ្មួញកណ្ដាល ដែល​ទិញ​មាន់​យក​ទៅ​លក់​ហើយ​ជំពាក់​លុយ​មិន​ព្រម​សង​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ជា​មួយ​នឹង​ប្រាក់​បំណុល​ជិត​២​ម៉ឺន​ដុល្លារ​នេះ កសិករ​នៅ​ក្នុង​សហគមន៍​បាន​អំពាវនាវ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​មេ​ត្ត​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ផង ទោះបី​តាម​មធ្យោបាយ​ណា​ក្ដី ព្រោះ​ពួក​គាត់​គ្មាន​ទុន​សម្រាប់​ចិញ្ចឹម​មាន់​បន្ត​ទៀត​ទេ ។ មិនតែប៉ុណ្ណោះ​គ្រួសារ​ខ្លះ​កំពុង​ជំពាក់​បំណុល​គេ​វ័ណ្ឌ​.​ក​ទៀត​ផង ។

ពាក់ព័ន្ធ​នឹង​រឿង​ឈ្មួញ​ជំពាក់​លុយ​ថ្លៃ​មាន់​ជិត​២​ម៉ឺន​ដុល្លារ មិន​ព្រម​សង​នេះ បើ​តាម​លោក​អុ​ឹ​ម សុ​ភ័​ក្រ ប្រធាន​សហគមន៍​«​ខាំ​កូ គីឡូ​៣៨» បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​មាន​បញ្ជី​ឈ្មោះ​ពួក​ឈ្មួញ​ទិញ​មាន់​ជំពាក់​ទាំងនោះ ។ គាត់​បាន​ព្យាយាម​ច្រើន​លើក​ច្រើន​សា​ហើយ ក្នុង​ការ​ទាមទារ​លុយ​ជំពាក់​នេះ​ពី​ឈ្មួញ តែ​ពួក​គេ​បាន​ត្រិ​ម​តែ​សន្យា​ថា «​ចាំ​ថ្ងៃនេះ​…​ចាំ​ថ្ងៃ​នោះ​…​ពួក​គេ​នឹង​សង​» ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃនេះ ដែល​កសិក​ដ្ឋា​ន​ចិញ្ចឹម​មាន់នៅ​ក្នុង​សហគមន៍​ដួល​រលំ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ នៅ​តែ​មិនឃើញ​ពួក​ឈ្មួញ​ទាំងនោះ​យក​លុយ​មក​សង​ទៀត ។

លោក សុ​ភ័​ក្រ ហាក់​បាន​បង្ហាញ​ពី​ភាព​អស់សង្ឃឹម​បែប​នេះ​ថា «​ខ្ញុំ​មិនដឹង​គិត​យ៉ាងណា​ទេ ចំពោះ​រឿង​អ្នក​ទិញ​មាន់​ជំពាក់​រាប់​ម៉ឺន​ដុល្លារ​គេចវេស​មិន​ព្រម​សង​នេះ ? ពេល​នេះ​ខ្ញុំ និង​សហគមន៍​ទាំងមូល​កំពុង​ពិចារ​ណា​អំពី​ផ្លូវច្បាប់ តើ​គួរ​ធ្វើ​ដូច​ម្ដេច ? ព្រោះ​ពេល​នេះ​គ្រួសារ​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍ ពិតជា​ជួប​នូវ​ការ​លំបាក​មែន ដោយសារ​តែ​រឿង​លុយ​ថ្លៃ​មាន់​ដែល​ឈ្មួញ​ជំពាក់​មិន​ព្រម​សង​នេះ​» ៕ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ