ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ប្រកាស​ព័ត៌មាន

4 ឆ្នាំ មុន
  • ភ្នំពេញ

នា​ព្រឹក​ថ្ងៃ​ពុធ ០៨​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​គយ…

នា​ព្រឹក​ថ្ងៃ​ពុធ ០៨​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) មាន​ប្រារព្ធ​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ផង​ដែរ​។

ក្នុង​របាយការណ៍​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយ​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៩ ចំណូល​សរុប​មាន​ប្រមាណ​ជាង ៥.៩ ទ្រី​លាន​រៀល (​ប្រមាណ ១,៤៧៥ លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង ២៥.៥% (​ប្រមាណ ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​) ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​។
លទ្ធផល​ចំណូល​នេះ ត្រូវ​ប្រមាណ​ជា ៦៥% នៃ​ផែនការ​ឆ្នាំ ដែល​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ប្រចាំឆ្នាំ​២០១៩​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ និង​អាករ​សំខាន់​ៗ​ដែល​ប្រមូល​ដោយ​គយ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ ពន្ធគយ (​ពន្ធ​នាំ​ចូល ) មាន​កំណើន​ជាង ៣៣.៨%, អាករ​ពិសេស​កើន ៣១.១% និង​អាករ​លើ​តម្លៃបន្ថែម (VAT)​កើន ២៨.៦%​។

គួរ​បញ្ជាក់​ថា មុខទំនិញ​ជា​ប្រភព​ចំណូល​សំខាន់​ៗ​រួម​មាន ៖ (១).​យានយន្ត និង​គ្រឿងចក្រ​គ្របដណ្តប់​ប្រមាណ​ជាង ៥២% នៃ​ចំណូល​សរុប​, (២).​ប្រេងឥន្ធនៈ និង​ថាមពល​ប្រមាណ ១៧.១% នៃ​ចំណូល​សរុប និង (៣).​ទំនិញ​ចម្រុះ​និង​គ្រឿងសំណង់​មាន​ប្រមាណ ២៩.៥% នៃ​ចំណូល​សរុប​។ លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ គឺ​បាន​មក​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​, ការ​កែទម្រង់​មុត​ស្រួច​របស់​រាជ​រដ្ឋា​ភិបាល​, ការ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់​អង្គភាព​គយ និង​ការ​រីក​ចម្រើន​ផ្នែក​សមត្ថភាព​ធន​ធាន​មនុស្ស​។

ទន្ទឹម​នឹង​ការងារ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​បាន​លើស​ផែនការ អគរ ក៏​បាន​សម្រេច​នូវ​សមិទ្ធផល​នានា​ផ្សេង​ទៀត​ដូច​ជា ការ​ចូលរួម​កសាង​បទ​ប្បញ្ញត្តិ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​គយ​, ការ​ធ្វើ​វិចារណ​កម្ម​អត្រាពន្ធគយ​លើ​ទំនិញ​មួយ​ចំនួន​, ការ​ពង្រឹង​ការងារ​បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​, ការ​ចូលរួម​ទប់ស្កាត់​ការ​លាង​សម្អាត​ប្រាក់ និង​ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាម​រយៈ​ការ​ចូលរួម​អនុវត្ត​វិធានការ​កែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​គយ ដូច​ជា​ការ​អនុវត្ត​កម្រៃ​ផ្លូវការ​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់ អគរ , ការ​កាត់​បន្ថយ​កម្រៃ​ស្កែ​ន និង​បរិមាណ​កុង​តែ​ន័​រដែ​ល​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ ដោយ​ម៉ាស៊ីន​ស្កែ​ន​, ការ​ផ្សព្វផ្សាយ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) និង​ការ​ជំរុញ​យ៉ាង​សកម្ម​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ និង​ប្រព័ន្ធ​បញ្ជ​តែ​មួយ​អាស៊ាន ហើយ​បាន​ដាក់​ឲ្យ​អនុវត្ត​ជំហាន​ដំបូង​នៃ​ប្រព័ន្ធ​ទាំង​ពីរ​នេះ ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ជាដើម​។

ក្នុង​ឱកាស​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មនសិកា និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រី​គយ និង​រដ្ឋាករ​គ្រប់​រូប ចំពោះ​លទ្ធផល​ប្រកបដោយ​សុទិដ្ឋិនិយម និង​ក្ដី​រំពឹង​ខ្ពស់ និង​បាន​ណែនាំ​សម្រាប់​ជា​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៩ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​មួយ​ចំនួន​រួម​មាន​៖
(១)​ត្រូវ​បន្ត​ពង្រឹង​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​អង្គភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​គយ និង​រដ្ឋាករ និង​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម ៤​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​អភិក្រម ៥ ប្រការ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់

និង (២) ត្រូវ​បន្ត​អនុវត្ត​វិធានការ​កែទម្រង់​ស៊ីជម្រៅ និង​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ឱ្យ​សកម្ម ក្នុង​នោះ​ត្រូវ​អនុវត្ត​ខ្លឹមសារ​ប្រកាស​ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់ អគរ ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធ​ភាព​, ត្រូវ​បញ្ចប់​ឲ្យ​បាន​ឆាប់​ការ​កែសម្រួល​អនុ​ត្រឹ​ត្យ ២០៩, ជំរុញ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​ឲ្យ​គ្របដណ្តប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ការ​គ្រោងទុក​, តាមដាន​និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ការ​កែសម្រួល​គោលការណ៍ និង​នីតិវិធី​នៃ​ការ​ស្កែ​ន​កុង​តែ​ន័​រ​, យកចិត្តទុកដាក់​អនុវត្ត និង​បង្កើន​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ និង​ប្រកាស​របស់ ក​សហ​វ ពាក់ព័ន្ធ​នឹង​ការ​លើកទឹកចិត្ត​ផ្នែក​គយ សម្រាប់ SMEs ជាដើម​។

លើស​ពី​នេះ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​រំលេច​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល អគរ ត្រូវ​អនុវត្ត រួម​មាន (១).​ត្រូវ​បន្ត​ជំរុញ​ផ្ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បន្ត​លើកកម្ពស់​អនុ​លោម​ភាព​វិស័យ​ឯកជន​, (២).​បន្ត​ពង្រឹង​យន្ដការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន ក្នុង​ការ​អនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​, (៣).​ត្រូវ​រក្សា​តុល្យភាព​នៃ​ការ​គ្រប់គ្រង​របស់​គយ ក្នុង​ខណៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​,

(៤).​បន្ត​ពង្រឹង​ការងារ​បច្ចេកទេស ដូច​ជា​ការ​កំណត់​តម្លៃ​គិត​ពន្ធគយ​, លេខ​កូដ​ទំនិញ​, វិធាន​ដើម​កំណើត​ទំនិញ​, (៥).​ជំរុញ​បញ្ចប់សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ការ​អនុវត្ត​ច្បាប់ និង​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន (៦).​អនុវត្ត​នូវ​យន្តការ​បំពេញបែបបទ​មុន​ពេល​ទំនិញ​មក​ដល់ (Pre-Arrival Processing) ដែល​នឹង​ជួយ​សម្រួល​បន្ថែម​ទៀត​ដល់​ធុរជន​ពាក់ព័ន្ធ សំដៅ​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​មាត់ច្រក​ដើម​ទី ជាដើម​,
(៧)​បន្ត​ការ​ចូលរួម​ការ​កសាង​ច្បាប់​ស្តី​ពី​វិនិយោគ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​, (៨).​រៀបចំ​កសាង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២០ នៃ​ការងារ​គយ​និង​រដ្ឋាករ ដោយ​ឈរ​លើ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០១៩, (៩).​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឈាន​ទៅ​លើ​យន្តការ​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ទិន្នន័យ​ស្ថិតិ​ក្នុង​ទម្រង់​កំណត់​មួយ​ចំនួន​ដោយ​ស្វ័យប្រវត្តិ​តាម​មធ្យោបាយ​អេ​ឡិច​ត្រូ​និ​ច

(១០).​បន្ត​បង្កើន​ការ​យកចិត្តទុកដាក់​ការ​ត្រួតពិនិត្យ​គ្រប់គ្រង​ចរាចរណ៍​សាច់ប្រាក់​រូបិយ​បណ្ណ ពាក់ព័ន្ធ​ស្រប​​តាម​ផែនការ​យុទ្ធសាស្ត្រ​នឹង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ដើម្បី​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ និង (១១). សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ ដើម្បី​ក្នុង​ធ្វើការ​សិក្សា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នូវ​លើ​គោលនយោបាយ​ការ​ឈាន​ទៅ​ប្រើប្រាស់​រថយន្ត​ប្រើ​រួច និង​រថយន្ត​ថ្មី​កាត់​បន្ថយ​ការ​នាំ​ចូល​រថយន្ត​ដែល​មាន​អាយុកាល​ប្រើប្រាស់​ច្រើន​ឆ្នាំ​។

ដើម្បី​ជា​ការ​លើកទឹកចិត្ត ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​និង​បណ្ណ​សរសើរ ជូន​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​ស្នាដៃ​មួយ​ចំនួន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ