ខេត្តសៀមរាប៖ ព្រះសិវៈរាំ គឺជាបដិមាបុរាណមួយដែលបានបែកបាក់បាត់រូបរាងដើមទៅជាបំណែកថ្ម តូចៗ ។ លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅពិនិត្យការងារជួសជុល និងផ្គុំរូបព្រះសិវៈរាំនេះឡើងវិញនៅអភិរក្សដ្ឋានអង្គរ ។
រូបព្រះសិវៈរាំដែលកំពុងជួសជុល គឺមានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ ដែលបច្ចុប្បន្នគឺបែកខ្ទេចខ្ទាំជា១០.០០០បំណែក ត្រូវបានអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ កំពុងជួសជុលដោយយកចិត្តទុកដាក់ និងអត់ធ្មត់បំផុតដើម្បីផ្គុំបំណែក តូចៗឱ្យមានរូបរាងឡើងវិញ ។
យោងតាមផេកហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្សាយថា កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទៅពិនិត្យមើលការងារជួសជុលនោះ ។ លោកជំទាវបានសម្តែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញអភិរក្សទាំងអស់ ដែលបានតស៊ូព្យាយាមសិក្សាស្រាវជ្រាវ និងតភ្ជាប់រូបបដិមាដ៏ធំនេះ ដើម្បីរក្សាតម្លៃសិល្បៈបុរាណខ្មែរទុកជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ ។
អ្នកជំនាញបានរៀបរាប់ប្រាប់លោកជំទាវពីការងាររបស់ពួកគេក្នុងការផ្គុំបំណែកថ្មដែលបែកបាក់ទាំងនោះឲ្យចេញជារូបរាងដើមវិញ គឺរូបព្រះសិវៈរាំ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ