ប្រទេសអង់គ្លេស ៖ ជាអ្នកគាំទ្រBREXITខ្លាំងបំផុត លោកបូរីសចនសុនបានក្លាយជានាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ដោយមានសំឡេងគាំទ្រច្រើនលើសលុប ហើយក្រោយពីដណ្ដើមបានជ័យជម្នះនោះ លោកសន្យានាថ្ងៃទី២៣កក្កដាថា នឹងនាំ់ប្រទេសលោក ចាកចេញពីសហភាពអឹរ៉ុបហៅBREXITនាថ្ងៃទី៣១តុលាខាងមុខនេះ។
ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងថា តើលោកអាចទទួលបានការធ្វើសម្បទាននានាដែលលោកទាមទារពីសហភាពអឹរ៉ុបដែរឬអត់ឡើយ។ ក្រោយការប្រកាសថា លោកនឹងជាអ្នកបន្តតំណែងនាយករដ្ឋមន្ត្រីពីលោកស្រីTHERESA MAYលោកបូរីសចនសុនថ្លែងថា យើងនឹងអនុវត្តBREXITនាថ្ងៃទី៣១តុលា ជាកាលបរិច្ឆេទកំណត់បន្ទាប់ពីពន្យារពេល២លើកមក។ យើងនឹងទាញយកបណ្ដាកាលានុវត្តភាព ដែលនឹងជួយដល់សា្មរតីវិជ្ជមានថ្មី។
លោកបូរីសចនសុនអតីតអភិបាលក្រុងឡុងដ៏និងជាអតីតរដ្ឋមន្ត្រីការបរទេស ក្នុងការប្រកួតប្រជែងគ្នាជាមួយប្រមុខការទូតបច្ចុប្បន្ន លោកJEREMY HUNT ដណ្ដើមសំឡេងបានដល់ទៅ៦៦% ក្នុងចំណោមតំណាងសមាជិកគណបក្សអភិរក្សនិយម ប្រមាណជា១៥៩.០០០នាក់ដែលចូលរួមបោះឆ្នោត។ ដូច្នេះលោកជានាយករដ្ឋមន្ត្រីថ្មីហើយចូលកាន់តំណែងនារសៀលថ្ងៃទី២៤កក្កដា ក្រោយពីទៅចូលគាល់ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២មក។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសម្ដែងការអបអរសាទរថា នេះជារឿងដ៏អស្ចារ្យមួយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ