ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់​ទុក​ថា​…​ព្រលឹង​នាង​​មាន​ផ្ទៃពោះ​ បាន​អន្ទង​ហៅ​ឃាតករ​នេះមក​ស្រុក​ខ្មែរ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន នៅ​ថ្ងៃ​ទី​២២ កក្កដា អាច​ចាត់​ទុក​ថា​ ព្រលឹងនាង​ជា​ជន​រង​គ្រោះ​បាន​អន្ទង​ជន​ជា​ឃាតករ​នៅចិន ​ឱ្យ​ចូល​មក​ស្រុក​ខ្មែរ​វិញ ​ក៏​ត្រូវកម្លាំងសមត្ថកិច្ច​​​ចាប់ឃាត់​ខ្លួន​តែ​ម្តង ។…

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន នៅ​ថ្ងៃ​ទី​២២ កក្កដា អាច​ចាត់​ទុក​ថា​ ព្រលឹងនាង​ជា​ជន​រង​គ្រោះ​បាន​អន្ទង​ជន​ជា​ឃាតករ​នៅចិន ​ឱ្យ​ចូល​មក​ស្រុក​ខ្មែរ​វិញ ​ក៏​ត្រូវកម្លាំងសមត្ថកិច្ច​​​ចាប់ឃាត់​ខ្លួន​តែ​ម្តង ។ តាមចម្លើយ​សារភាពឃាតករ​​បានឱ្យ​ដឹង​ទៀត​ថា រាល់​សកម្មភាព​ឈាន​ដល់​ការ​សម្លាប់​ និង​ដុត​សាកសព​នារី​រង​គ្រោះជា​សង្សារនេះ គឺរូប​ខ្លួន​ធ្វើ​តែ​ម្នាក់ឯង​គត់ ​មិន​មាន​អ្នកចូលរួម​ទេ​ ដោយសារ​តែ​ជម្លោះ​បែក​ការណ៍​ដឹង​ដល់​ប្រពន្ធដើមគេ ។

សូមរំលឹកថា ​សំណុំរឿង​ឃាតកម្ម​សម្លាប់​ដុត​សព​ស្ត្រី​រង​គ្រោះ​ទាំង​មាន​ផ្ទៃពោះ​ នៅចំណុចដី​ឡូត៍​មួយ​កន្លែង​ក្បែរ​ស្ពាន​ព្រែក​ព្នៅ ត្រូវ​បាន​វែកមុខ​ឃាតករ​ឃើញ​ហើយ កាលពី​ថ្ងៃ​ទី​២២ កក្កដា​ នេះ ដែល​ជន​ដៃដល់​ជា​ចិន ឯ​ជន​រង​គ្រោះជា​ស្ត្រីជន​ជាតិចិន​ដូច​គ្នា និង​មាន​ផ្ទៃពោះ​ផង​ដែរ ។ ការ​សម្លាប់​នេះ​ ចាត់ទុកជា​អំពើ​ឃោរ ឃៅ​ព្រៃផ្សៃ សូ​ម្បី​ទារក​ក្នុង​ផ្ទៃ​ ដែល​គ្មាន​កំហុស​ក៏​មិន​អនុគ្រោះ​ដែរ ។

ជន​ជា​ឃាតករ​ ឈ្មោះ Yang Yang ភេទ​ប្រុស អាយុ​២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ED 1029380 ជា​បុគ្គលិក​ក្រុមហ៊ុន​ដឹ​ផាក​វេ ស្ថិត​នៅ​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។ ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​ឃាតករ​ខាងលើ​នេះ លោក​វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ក្បែរ​ស្ពាន​ព្រែក​ព្នៅ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយ​គេ​បានឃើញ​សាកសព​មនុស្ស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​ដុត​ឆេះ​រោល​ខ្លោច​ស្ទើរ​ក្លាយទៅជា​ផេះ ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ករណី​ដុត​សាកសព​នោះ​ លោក​ឧត្តមសេនីយ៍ឯក អុ​ិ​ន បូ​រ៉ា អគ្គស្នងការ​រង​នគរ​បាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួរ ប្រធាន​​​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដាក់​បទបញ្ជា​និង​ប្រើប្រាស់​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ឲ្យ​ចុះ​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ឃាតកម្ម​មួយ​នេះ​ជា​បន្ទាន់ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​រូប​នេះ ។

លោក​វរសេនីយ៍ ជាវ វិបុល បន្ត​ថា ក្រោយមក​ តាម​រយៈ​ការ​ធ្វើ​កោសល្យវិច័យ​សមត្ថកិច្ច​បាន​ស្គាល់​អត្ត សញ្ញាណ​ជន​រង​គ្រោះ​ឈ្មោះ Mou Xiao Lin ភេទ​ស្រី អាយុ​២៧​ឆ្នាំ នាង​មាន​ផ្ទៃពោះ បាន​ចូល​មក​ប្រទេស​កម្ពុជា នៅ​ខែមេសា ឆ្នាំ​២០១៩ ស្នាក់​នៅ​សណ្ឋាគារ​ញូ​វ​ហ្វី ប៉ា​រី​ស បន្ទប់​លេខ​២០៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​មាន​សង្សារ​ឈ្មោះ Yang Yang ជា​ជនជាតិ​ចិន​ដូច​គ្នា ។

ដោយសារ​តែ​នារី​រង​គ្រោះជា​សង្សារ​កំពុង​មាន​ផ្ទៃពោះ បុរស​ជា​សង្សារ​ដែល​ខ្លាច​ប្រពន្ធ​ដឹង​បាន​បង្ខំ​ឲ្យ​នាង​ទម្លាក់​កូន​ចោល តែ​នាង​មិន​ព្រម ។ លុះដល់​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០១៩ ក៏​បាត់​ខ្លួន​ជន​រង​គ្រោះ​ពី​បន្ទប់​ដែល​ស្នាក់​នៅ រហូត​ដល់​ម៉ោង​៩​និង​២០​នាទី​យប់ ក៏​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គេ​យក​សព​ទៅ​ដុត​ចោល​នៅ​ដី​ឡូត៍​មួយ​ក្បែរ​ផ្លូវលំ ក្រុម​១៨ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។

តាម​ការ​ពិនិត្យ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​របស់​សណ្ឋាគារ​ញូ​វ​ហ្វី ប៉ា​រី​ស នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ បាន​អូស​វ៉ា​លី​ស​ពណ៌​ទឹកប្រាក់ ចេញពី​បន្ទប់​លេខ​២០៦ លើកដាក់​រថ​យន្ត​ឡិច​សុ​ី​ស RX330 ពណ៌​.ស ហើយ​បើក​ចេញ​ទៅ​បាត់ ។ លុះដល់​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​ឡិច​សុ​ី​ស​RX330 ពណ៌​ស មាន​ស្លាក​លេខ 2AM 1334 ជា​រថយន្ត​ដឹក​សព​ដាក់​ក្នុង​វ៉ា​លី​សយ​ក​ទៅ​ដុត​ចោល​របស់​ឈ្មោះ Jiang Qing Hua ជា​ជនជាតិ​ចិន ។ ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​បានឱ្យ​ឈ្មោះ Yang Yang ខ្ចី​ដឹក​មិត្តភក្តិ​ទៅ​ព្រ​លាន​យន្ត ហោះ​អន្តរជាតិ​ភ្នំពេញ ។

លុះដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ទើប​ឃើញ​យក​រថយន្ត​មក​ទុក ​នៅ​មុខ​ការិយាល័យ​របស់​ខ្លួន​វិញ ដោយ​មាន​បន្សល់​ទុក​កាបូបស្ពាយ​ស្រី្ត​ពណ៌​ខ្មៅ​មួយ​នៅ​ក្នុង​រថយន្ត​ផង ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ឃាតករ​រួច​ស្រេច​ទៅ​ហើយ តែ​ដោយសារ​ជន​ដៃដល់​បាន​គេចខ្លួន​ទៅ​ស្រុក​ចិន​បាត់ ទើប​បានជា​រង់ចាំ​ឲ្យ​គាត់​ត្រឡប់​មក​វិញ​សិន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ជា​ឃាតករ​បាន​សារភាព​ថា ខ្លួន​បាន​ចូល​មក​កម្ពុជា​នៅ​ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ លុះដល់​ឆ្នាំ​២០១៨ ក៏​បាន​ស្គាល់​នារី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Miao Xao Lin ហើយ​ក៏​ស្រឡាញ់​គ្នា​ធ្វើ​ជា​សង្សារ ដោយ​ជួល​សណ្ឋាគារ​ញូ​វ​ហ្វី​ប៉ា​រី​ស​ស្នាក់​នៅ​បណ្តោះអាសន្ន ។ ក្រោយមក​នារី​ជា​សង្សារ​មាន​ផ្ទៃពោះ ខ្លួន​ក៏​បាន​បង្ខំ​ឲ្យ​នាង​យក​កូន​ចេញ ដោយ​ខ្លាច​រឿងរ៉ាវ​លួច​មាន​ស្រី​បែកធ្លាយ​ដល់​ប្រពន្ធ តែ​នាង​មិន​ព្រម ។

លុះដល់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ក៏​កើត​មាន​ជម្លោះ​នឹង​គ្នា ហើយ​ពេល​នោះ ខ្លួន​ក៏​ច្រាន​នាង​ឲ្យ​ដួល​លើ​ឥដ្ឋ បណ្ដាល​ឲ្យ​បោក​ក្បាល​សន្លប់ ។ ឃើញ​ដូច្នោះ​ ខ្លួន​ក៏​បាន​យក​កន្សែង​រឹត​.​ក​បន្ថែម​ដើម្បី​ឲ្យ​នាង​ស្លាប់​តែ​ម្តង​ទៅ ។ ពេល​ដឹង​ថា នាង​ជា​សង្សារ​ស្លាប់​ហើយ ខ្លួន​បាន​ទៅ​ទិញ​វ៉ា​លី​ស​ធំ​មួយ​នៅ​ផ្សារ​ថ្មី ក្នុង​តម្លៃ​៨០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​មក​ដាក់​សាកសព​នាង រួច​បាន​ខ្ចី​រថយន្ត​មិត្តភក្តិ​លើក​វ៉ា​លី​ស​សាកសព​ដឹក​យក​ទៅ​ដុត​ចោល​នៅ​ដី​ឡូត៍​មួយ​កន្លែង​ទាំង​យប់ ។

ជនសង្ស័យ​ជា​ឃាតករ​សម្លាប់ ដុត​ជន​រង​គ្រោះជា​នារី​ជនជាតិ​ចិន​ដូច​គ្នា​នេះ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ