ខេត្តក្រចេះ ៖ ក្រោយពេលមិនឃើញការវិលត្រឡប់របស់កូនស្រី ដែលទៅធ្វើជាពលការិនីនៅប្រទេសម៉ាឡេស៊ី ហើយទទួលបានព័ត៌មានថា កូនស្រីមិនបានត្រឡប់មកស្រុកវិញ ទោះបីដល់អាណត្តិក្តី ដោយសារនាងមិនមានលិខិតឆ្លងដែន គឺត្រូវរង់ចាំរយៈពេលវែងតទៅទៀត ម្ដាយនិងប្អូនស្រីបានសំរេចដាក់ពាក្យបណ្ដឹងមកកាន់អង្គការសិទ្ធិមនុស្សឱ្យជួយអន្ដរាគមន៍ ដើម្បីឱ្យនាងឆាប់បានវិលត្រឡប់ ខណៈពេលត្រូវស្នាក់នៅបណ្ដោះអាសន្ននៅប្រទេសម៉ាឡេស៊ី ស្របពេលដែលនាងមានសុខភាពមិនល្អ។
កាលពីព្រឹកថ្ងៃទី១៨ មីនា ស្ដ្រីជាម្ដាយ និងប្អូនស្រីរបស់ពលការិនីដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បានមកដាក់ពាក្យបណ្ដឹងនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដក្រចេះឱ្យជួយអន្តរាគមន៍ ដើម្បីឱ្យកូនស្រីគាត់ឆាប់បានវិលត្រឡប់មកផ្ទះវិញ ។ ពួកគាត់ដឹងថា កូនស្រីបានដល់អាណត្ដិការងារ៣ឆ្នាំ និងត្រូវត្រឡប់មកផ្ទះ តែមិនបានមកដោយសារមិនមានលិខិតឆ្លងដែនត្រឹមត្រូវ គឺត្រូវក្រុមហ៊ុនបង្ខាំងទុកនៅសាខារបស់ក្រុមហ៊ុនឯប្រទេសម៉ាឡេស៊ីអស់រយៈពេលជាងកន្លះខែ ស្របពេលដែលពលការិនីរូបនេះកំពុងតែមានជំងឺប្រចាំកាយទៀតនោះ។
ស្ដ្រីឈ្មោះប៊ុត សាវឿន អាយុ៥៣ឆ្នាំ មានទីលំនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី បានរៀបរាប់ថា កូនស្រីរបស់គាត់ដែលទៅធ្វើជាពលការិនីនៅប្រទេសម៉ាឡេស៊ីនោះឈ្មោះវង់ ហ៊ាង អាយុ២៩ឆ្នាំ ជាកូនទី២ ក្នុងចំណោមបងប្អូន៨នាក់ (ស្រីបួន ប្រុសបួន) ហើយនាងបានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីតាមក្រុមហ៊ុនហ្វីលីម៉រតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលគិតរហូតមកទល់នឹងពេលនេះមានរយៈពេល៣ឆ្នាំហើយ ។ ស្ដ្រីជាម្ដាយបានរៀបរាប់ទៀតថា តាំងពីនាងចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីមក នាងពុំសូវបានទាក់ទងមកគ្រួសារនៅស្រុកខ្មែរទេ ហើយទំនាក់ទំនងរបស់់គាត់ជាមួយកូនស្រីបានញឹកញាប់ គឺក្នុងឆ្នាំ២០១១ ដោយនាងប្រាប់ថា នាងត្រូវផុតអាណត្ដិ និងបានត្រឡប់មកស្រុកវិញ នៅថ្ងៃទី៥ មីនា ។
នារីឈ្មោះវង់ ហេង អាយុ២៥ឆ្នាំ ត្រូវជាប្អូនស្រីរបស់ពលការិនីរូបនេះនិយាយថា បន្ទាប់ ពីបាត់ដំណឹងបងស្រីមិនឃើញត្រឡប់តាមការកំណត់នោះ នាងក៏បានព្យាយាមទូរស័ព្ទទៅសួរ ហើយត្រូវបងប្រាប់ថា គាត់ត្រូវក្រុមហ៊ុនបង្ខាំងទុកនៅក្នុងស្នាក់ការរបស់ក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ខណៈពេលដែលគាត់មិនមានលិខិតឆ្លងដែនត្រឹមត្រូវ ដោយត្រូវរង់ចាំអស់រយៈពេលជាង១០ថ្ងៃមកហើយ គិតចាប់ពីថ្ងៃទី៥ មីនា រហូតដល់ថ្ងៃទី១៨ មីនា ដោយក្រុមហ៊ុនប្រាប់ថា រង់ចាំថៅកែធ្វើលិខិតឆ្លងដែនអោយ ហើយថៅកែប្រាប់ថា លិខិតឆ្លងដែន គឺក្រុមហ៊ុនជាអ្នកធ្វើ។
នារីជាប្អូនរូបនេះបាននិយាយទៀតថា បងស្រីរបស់នាងបានទៅធ្វើការនៅទីនោះមានរយៈពេល៣ឆ្នាំ គឺធ្វើការតាមការកំណត់មានរយៈពេល២ឆ្នាំ ហើយដោយសារគាត់មានជំងឺសួត ឧស្សាហ៍ឈឺក៏សុំធ្វើការបន្ដមួយឆ្នាំទៀត។ រហូតមកទល់ថ្ងៃនេះ បងស្រីរបស់នាងនៅតែមិនទាន់បញ្ជាក់មកគ្រួសារថា តើនឹងអាចវិលត្រឡប់មកស្រុកខ្មែរវិញថ្ងៃណានៅឡើយទេ ដោយរង់ចាំលិខិតឆ្លងដែន តែគ្រួសារនៅតែមានការបារម្ភព្រោះគាត់មានជំងឺប្រចាំកាយ ។ ជារៀងរាល់ថ្ងៃ នាងបានទូរស័ព្ទទៅបងដែលត្រូវជាប់នៅស្នាក់ការក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ដែលការទូរស័ព្ទទៅនេះ គឺចាប់ពីម៉ោង១ ទៅម៉ោង២រំលងអធ្រាត្រ ទើបអាចនិយាយបាន ខណៈពេលដែលបុគ្គលិកក្រុមហ៊ុនដេកលក់អស់ ។ បងស្រីរបស់នាងបានរៀបរាប់តាមទូរស័ព្ទថា គាត់ពិបាករស់នៅណាស់ ព្រោះក្រុមហ៊ុនបានបង្ខាំងគាត់មិនឱ្យចេញក្រៅ និងមិនអោយមានទូរស័ព្ទប្រើទេ គឺបានចេញតែពេលបាយមួយភ្លែតប៉ុណ្ណោះ។
ទាក់ទិនទៅនឹងពាក្យបណ្ដឹងរបស់គ្រួសារពលការិនីរូបនេះ លោកស្រីធិម ណារិន មន្ដ្រីសំរបសំរួលសមាគមអាដហុកប្រចាំខេត្ដក្រចេះបានថ្លែងថា គាត់នឹងអន្ដរាគមន៍លើពាក្យបណ្ដឹងនេះទៅកាន់សមាគមអាដហុកនៅរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យក្រុមហ៊ុនរួសរាន់រៀបចំឯកសារឱ្យពលការិនីរូបនេះ ឆាប់បានវិលត្រឡប់មកស្រុកវិញ ៕


ចែករំលែកព័តមាននេះ