ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្លឹង​ឃើញ​ទីផ្សារ​ឥណ្ឌូ​នេ​ស៊ី សម្រាប់​ការ​នាំ​អង្ករ​ក្រអូប​និង​ពង្រឹង​កិច្ចសហការ​ផលិត​គ្រឿង​បង្គុំ​ទោចក្រយាន

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ពង្រីក​ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ថ្មី​ៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ថា កម្ពុជា​មាន​បំណង​នាំ​អង្ករ​ក្រអូប «​ផ្កាម្លិះ​អង្គរ​» ដែល​ទទួល​បាន​ចំណាត់​លេខ​១…

​រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ពង្រីក​ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ថ្មី​ៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ថា កម្ពុជា​មាន​បំណង​នាំ​អង្ករ​ក្រអូប «​ផ្កាម្លិះ​អង្គរ​» ដែល​ទទួល​បាន​ចំណាត់​លេខ​១ កាលពី​ឆ្នាំ​២០១៨ ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពង្រឹង​កិច្ចសហការ​លើ​ឧស្សាហកម្ម​ផលិត​សម្ភារ និង​គ្រឿង​បង្គុំ​ទោចក្រយាន​នៅ​ក្នុង​ប្រទេស ព្រមទាំង​អភិវឌ្ឍន៍​ឧស្សាហកម្ម​គាំទ្រ​សម្រាប់​ការ​ផលិត​ទោចក្រយាន ដើម្បី​បង្កើន​តម្លៃបន្ថែម​ក្នុងស្រុក​សម្រាប់​ផលិតផល​នេះ និង​នាំ​ចេញ​ផលិតផល​សម្រេច ១០០% ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

​លោក ប៉ាន សូរ​ស័ក្តិ នា​ឱកាស​ចូលរួម​ជា​គណៈអធិបតី​ភាព​ជាមួយ​លោក​ជំទាវ អ៊ី​ណា ហា​នី​ង​ត្យា​ស គ្រី​ស្នា​មឺ​ទី (Ina Hagningtyas Krisnamurthi) ប្រឹក្សា​ពិសេស​ក្រសួងការបរទេស​ទទួល​បន្ទុក​សេដ្ឋកិច្ច​ការទូត​ឥណ្ឌូ​នេ​ស៊ី ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី ឆ្នាំ​២០១៩ ដែល​រៀបចំ​ឡើង​នៅ​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​លើក​ឡើង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី សម្រេច​បាន​ទឹកប្រាក់ ៥៥៨.៦២​លាន​ដុល្លារ (​កម្ពុជា​នាំ​ចូល ៥២៥,៦​លាន​ដុល្លារ និង​នាំ​ចេញ ៣៣​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​២០១៨ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច (​ការ​មិន​យកពន្ធ​ត្រួត​គ្នា និង​ទប់ស្កាត់​អំពើ​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់​ចំណូល​) ក៏​ដូច​ជា​វិស័យ​ទេសចរណ៍ (​ការ​បើក​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ហ្សា​កា​តា​-​ភ្នំពេញ​) ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​នា​ពេល​ថ្មី​ៗ​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ដើម្បី​បង្កើន​ពាណិជ្ជកម្ម​រវាង​គ្នា​បន្ថែម​ទៀត កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី ក៏​បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​នៅ​ខេត្តសៀមរាប ដើម្បី​អោយ​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ​អាច​ជួប​គ្នា និង​ស្វែងរក​ឱកាស​នាំ​ចេញ​នាំ​ចូល​ផលិតផល​ទាំង​ពីរ​ប្រទេស​បម្រើ​អោយ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី ។

សូម​ជម្រាប​ថា គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ សម្រេច​បាន​ទឹកប្រាក់ ១៩៦.២៦​លាន​ដុល្លារ គឺ​បាន​កើនឡើង ១០.៤៨% ធៀប​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៨ ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌូ​នេ​ស៊ី បាន​កើនឡើង ៧.៧៥% និង​នាំ​ចូល​កើនឡើង ៥៤.១៨%​។

ដោយឡែក​សម្រាប់​ឧស្សាហកម្ម​ទោចក្រយាន កម្ពុជា​បាន​នាំ​ចូល​បំណែក និង​គ្រឿងបន្លាស់ (​លី​ប​, តួ​, ដៃ​, ចង្កៀង​, អំ​ព្រី​យ៉ា​…) ពី​ឥណ្ឌូ​នេ​ស៊ី​ចំនួន ៧,១៩​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៨ ។ ដោយឡែក​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​វិញ ក្នុង​រយៈពេល​៦​ខែ​នេះ បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ បាន​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​បរិមាណ ២៨១.៥៣៨​តោន ខណៈ​ឆ្នាំ ២០១៨​ពេញ​មួយ​ឆ្នាំ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ប្រមាណ​៦២៦​ពាន់​តោន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ