ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ផ្សាយ​កម្ពុជា​ចុះហត្ថលេខា​សម្ងាត់​ជាមួយ​ចិន​ប្រើ​មូលដ្ឋាន​យោធា​នៅ​កម្ពុជា គឺជា​ព័ត៌មាន​ប្រឌិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ការ​ចេញ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​អំពី​កម្ពុជា​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​នៅ​កម្ពុជា​គឺជា​ព័ត៌មាន​ប្រឌិត ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មានក្នុងស្រុក​មួយ​បាន​ស្រង់​សម្តី​សម្តេច​តេ​ជោ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ការ​ចេញ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​អំពី​កម្ពុជា​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​នៅ​កម្ពុជា​គឺជា​ព័ត៌មាន​ប្រឌិត ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មានក្នុងស្រុក​មួយ​បាន​ស្រង់​សម្តី​សម្តេច​តេ​ជោ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២២ កក្កដា សម្តេច​តេ​ជោ​បាន​ប្រតិកម្ម​ឆ្លើយ​តប​ភ្លាម​ៗ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​អំពី​កម្ពុជា​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយ​ចិន ប្រើប្រាស់​មូលដ្ឋាន​យោធា គឺជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។ គ្មាន​រឿង​បែប​នេះ​កើតឡើង​នោះ​ទេ ព្រោះ​មូលដ្ឋាន​យោធា​បរទេស​វា​បាន​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​»​។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​អះអាង​ច្បាស់​ៗ​បន្ត​ថា «​តើ​កម្ពុជា​ត្រូវការ​វត្តមាន​យោធា​ចិន​លើ​ទឹកដី​របស់​ខ្លួន ដើម្បី​អ្វី?7 យើង​មិន​ដែល​បាន​ពិភាក្សា​ណាមួយជាមួយ​មេដឹកនាំ​ចិន​នោះ​ឡើយ ​កុំ​ថា​ឡើយ​ដល់​មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ។ ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លែងបន្លំ​អំពី​វត្តមាន​កងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំង​និង​យើង​ហើយ​»​។

សូម​ជម្រាប​ថា ការ​ឆ្លើយ​តប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​បរទេស​មួយ​ចំនួន ព្រមទាំង​សារព័ត៌មាន VOA បាន​ចេញផ្សាយ​ដកស្រង់​តាម​សារព័ត៌មាន The Wall Street Journal ថា «​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​សម្ងាត់​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​របស់​ខ្លួន ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​កម្ពុជា ។ កិច្ចព្រមព្រៀង​នោះ គឺ​កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់មុខ ធ្វើ​ជា​មូលដ្ឋាន​ទាហានជើងទឹក​ចិន​ជា​ផ្នែក​មួយ​នៅ​ឈូង​សមុទ្រ​ខ្មែរ ហើយ​នៅ​ជិត​ព្រ​លាន​យន្តហោះ​ធំ​មួយ ដែល​កសាង​ដោយ​ចិន​នឹង​អនុញ្ញាត​ឲ្យ​ចិន​ប្រើ​ជា​មូលដ្ឋាន​យោធា​រយៈពេល​៣០​ឆ្នាំ ដាក់​ទ័ព​ដាក់​គ្រឿង​សព្វាវុធ កន្លែង​ចត​ជាដើម​»​។

គួរ​ឭ​កថា​កន្លង​មក​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​មន្ត្រី​យោធា​កំពូល​ៗ​របស់​កម្ពុជា​ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​បដិសេធ​ជា​សាធារណៈ​ច្រើន​ដង​រួច​ហើយ អំពី​បញ្ហា​នេះ និង​អះអាង​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ ច្បាប់រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​ខ្លួន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ