រាជធានីភ្នំពេញ ៖ រោងចក្រខ្មែរដំឡើងរថយន្តទី១ គឺជារោងចក្រដំឡើងរថយន្តដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាសម័យនេះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងចម្ងាយប្រហែលជាង១គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ក្រុមហ៊ុនមួួយនេះគឺជាក្រុមហ៊ុនធ្វើអាជីវកម្មរួមចំនួន៣ គឺកម្ពុជា ចិនប៉េកាំង និងចិនហុងកុង ដែលបានប្រើប្រាស់ទុនសរុបចំនួន១៥លានដុល្លារសហរដ្ឋអាមេរិក ។
លោកជូលី ប្រធានផ្នែកលក់របស់ក្រុមហ៊ុនដំឡើងរថយន្តខ្មែរទី១ នេះបានឱ្យដឹងថា បច្ចុប្បន្ន រោងចក្រដែលបានដំណើរការអស់រយៈពេលជាង៣ខែមកហើយនោះ កំពុងតែមានការមមាញឹកក្នុងការដំឡើងរថយន្តចំនួន៣ប្រភេទគឺរថយន្តប្រភេទភីកអាប់ រថយន្តប្រភេទ១៥កៅអី និងរថយន្តដឹកទំនិញប្រភេទ១តោន រហូតដល់៣តោន ។
លោក Li Shi Yong ប្រធានគ្រប់គ្រងរោងចក្រខ្មែរដំឡើងរថយន្តទី១ នេះបានឱ្យដឹងថា រថយន្តទាំងនេះបានផលិតឡើងតាមបច្ចេកវិទ្យាទំនើបទាន់សម័យ ការរចនាម៉ូដ និងរូបរាងរថយន្តទាំងមូល ស្អាតសង្ហា មានភាពរឹងមាំ ធន់បានយូរ ស៊ីប្រេងតិច និងការបញ្ចេញផ្សែងមកខាងក្រៅរបស់ម៉ាស៊ីនមិនបំពុលបរិស្ថានឡើយ។ លោកបានបញ្ជាក់ថា មុននឹងមានការផលិតរថយន្តនេះឡើង ក្រុមហ៊ុនបានកំណត់គោលនយោបាយជាចំបង គឺសំដៅលើការដឹកជញ្ជូន ដូច្នេះគ្រប់លក្ខណៈរបស់រថយន្តត្រូវតែមានភាពរឹងមាំ ព្រោះតម្រូវការប្រជាកសិករចូលចិត្តធ្វើម៉េចដឹកឱ្យបានច្រើន ។
តាមការឱ្យដឹងពីលោកប្រធានផ្នែកទីផ្សារធំជាងគេរបស់ក្រុមហ៊ុនខ្មែរដំឡើងរថយន្តទី១ ថា ក្រុមហ៊ុនធំដែលជាក្រុមហ៊ុនមេមានទីតាំងស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន បានដំណើរការតាំងពីឆ្នាំ១៩៥៨មកម៉្លេះ ។ ក្រុមហ៊ុននេះមានភាគហ៊ុនរវាងរដ្ឋ និងឯកជនរបស់ចិន កម្លាំងផលិតក្នុង១ឆ្នាំជាង១លានគ្រឿង និងបានលក់ចែកចាយនៅពាសពេញពិភពលោក ។ ប្រទេសកម្ពុជា គឺជាសាខាទី៤ហើយបន្ទាប់ពីរោងចក្រដ៏ធំរបស់ចិនមួួយនេះបានដំឡើងនៅរុស្ស៊ី ម៉ារ៉ុក និងវៀតណាម ហើយនាអនាគតមានគម្រោងទៅបង្កើតនៅអឺរ៉ុប និងអាមេរិកខាងជើងជាបន្តទៀត ។
មូលហេតុដែលនាំឱ្យក្រុមហ៊ុនចិនសម្រេចចិត្តមកបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជាលើកនេះ ត្រូវបានលោកប្រធានទីផ្សារឱ្យដឹងថា គឺលោកបានមើលឃើញកម្ពុជាមានស្ថិរភាពនយោបាយ មានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏ដើម្បីបង្កើតការងារសម្រាប់ប្រជាពលរដ្ឋខ្មែរទៀតផង ។ អ្វីដែលជាចំណុចសំខាន់ផ្សេងទៀតនោះ គឺការមើលឃើញការនាំចូលរថយន្តជជុះ មិនធានាសុវត្ថិភាពហើយបំពុលបរិស្ថានទៀតផង ។ រយៈពេលជាង៣ខែមកនេះ រោងចក្របានបញ្ចេញលក់រថយន្តគ្រប់ប្រភេទអស់ជាង១០០គ្រឿងហើយ ។
រោងចក្របានធានាការដំឡើងឱ្យបាន១ម៉ឺនគ្រឿងក្នុង១ឆ្នាំ នាពេលអនាគត ។ រោងចក្រខ្មែរដំឡើងរថយន្តទី១នេះ បានចុះបញ្ជីនិងចាប់ដំណើរការតាំង ពីឆ្នាំ២០០៩មកម៉្លេះ ។ សម្រាប់អតិថិជនដែលបានជាវរថយន្តពីក្រុមហ៊ុននេះទៅ គឺមានធានានូវសេវាកម្មច្រើនយ៉ាង ដូចជាសេវាកម្មថែទាំជួសជុលឱ្យតែស្ថិតនៅក្នុងឆ្នាំកុងត្រាដែលមានរយៈពេល២ឆ្នាំ ឬស្មើនឹង៥ម៉ឺនគីឡូម៉ែត្រ បើទោះជាមានបញ្ហានៅទីណាក៏ដោយ គឺក្រុមហ៊ុននឹងបញ្ជូនអ្នកឯកទេសទៅដល់ភ្លាម ឬបើមានត្រង់កន្លែងណានៃគ្រឿងរថយន្តមិនត្រឹមត្រូវអាចយកមកដល់រោងចក្រជួសជុលកែលម្អឡើងវិញភ្លាមៗតែម្តង ៕





ចែករំលែកព័តមាននេះ