ក្រុងប៉ោយប៉ែត ៖ នៅវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី៣០ មីនា ប៉ូលិសក្រុងបានឆែកឆេរលំនៅឋានសង្ស័យចែកចាយ និងសេពគ្រឿងញៀនចំនួន២កន្លែងស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៧នាក់ និងថ្នាំញៀនមួយចំនួន ព្រមទាំងសំភារជក់មួយចំនួន ។
ទីតាំង២កន្លែងនោះ ស្ថិតនៅចម្ងាយពីគ្នាប្រហែល៥០ម៉ែត្រប៉ុណ្ណោះ។ ជនសង្ស័យទាំង៧នាក់នោះប្រុសចំនួន៣នាក់ និងស្រី៤នាក់ រួមមាន១-ឈ្មោះដប រ៉ង ភេទប្រុស អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះម៉ៅ អាយុ៣២ឆ្នាំ ៣-ឈ្មោះសុំ ម៉ៅ ហៅម៉ៅ ហ៊ុប ភេទស្រី អាយុ៥៨ឆ្នាំ, ៤-ឈ្មោះម៉ៅ ក្រឹម ភេទប្រុស អាយុ១៨ឆ្នាំ,៥-ឈ្មោះសេក វរៈ ភេទប្រុស អាយុ៣៨ឆ្នាំ, ៦-ឈ្មោះញឹម សីលា ភេទស្រី អាយុ៣៣ឆ្នាំ, ៧-ឈ្មោះអ៊ុន អ៊ុក ភេទស្រី អាយុ៣១ឆ្នាំ ។ ប៉ូលិសបានឆែកឆេរឃើញថ្នាំញៀនប្រភេទយ៉ាម៉ាពណ៌ក្រហមចំនួន២១គ្រាប់ និងសំភារសំរាប់ជក់មួយចំនួន។ ថ្នាំញៀនទាំង២១គ្រាប់រកឃើញនៅផ្ទះរបស់ឈ្មោះសំ ម៉ៅ ហៅម៉ៅ ហ៊ុប ចំនួន១៣គ្រាប់ និង៨គ្រាប់រកឃើញនៅផ្ទះឈ្មោះដប រ៉ង និងប្រពន្ធឈ្មោះម៉ៅ ស្រី ។
ក្នុងពេលសមត្ថកិច្ចឆែកឆេរផ្ទះ២នោះជនសង្ស័យ២នាក់បានចង្អុលបង្ហាញថា ផ្ទះលក់គ្រឿងទេសមួយទៀតដែលនៅចម្ងាយប្រហែល១០ម៉ែត្រពីផ្ទះឈ្មោះរ៉ងជាអ្នកលក់ថ្នាំញៀនឱ្យផងដែរ ប៉ុន្តែម្ចាស់លំនៅឋាននោះដឹងខ្លួនទាន់ក៏គេចបាត់ ។ លោកអនុសេនីយ៍ឯកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតប្រាប់ថា អនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីស្នងការខេត្តពិសេសតាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃដើម្បីភូមិ-ឃុំមានសុវត្ថិភាពសមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន។ ការបង្ក្រាបនេះគឺអនុវត្តជាក់ស្តែងក្រោយពីទទួលសេចក្តីរាយការណ៍ពីភ្នាក់ងារថា ផ្ទះទាំង២នោះមានចែកចាយ និងសេពគ្រឿងញៀន។
ជនសង្ស័យ និងវត្ថុតាងទាំងអស់លោកអធិការប្រាប់ថា ក្រោយពីធ្វើកំណត់ហេតុរួចនឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីមានវិធានការបន្ត។ ដោយឡែកឈ្មោះដប រ៉ង ក្រោយពីសួរនាំមិនមានការពាក់ព័ន្ធ ព្រោះជាកម្មករសំណង់ទើបមកពីធ្វើការត្រូវប៉ូលិសចាប់ ម្យ៉ាងមានកូនតូចដល់ទៅ៤នាក់ក្នុងបន្ទុក ដូច្នេះចាប់តែប្រពន្ធប៉ុណ្ណោះ ហើយសុំគោលការណ៍ទៅថ្នាក់លើដើម្បីដោះលែងឱ្យវិលត្រឡប់ទៅមើលថែទាំកូនវិញ ៕





ចែករំលែកព័តមាននេះ