ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តុរកំពុងក្លាយជាសាច់អាំងពេញនិយម

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជា​ការ​ពិត​ណាស់​ម្ហូបអាហារ ពិសេស​ប្លែក​ៗ​មាន​ច្រើន​មុខ​សម្រាប់​ចុងភៅ​ចំអិន​ក្នុង​ការ​ទទួលទាន​ប្រចាំ​ថ្ងៃ ប៉ុន្តែ​អ្វី​ដែល​ប្លែក​ពិសេស​ជាងគេ​នោះ​គេ​សង្កេត​ឃើញ​ថា នៅ​ក្នុងភូមិ​មួយ​ចំនួន​នៅ​ក្នុង ឃុំ​ព្រែក​អំបិលមាន​អ្នកស្រុក​ច្រើន​នាក់ បាន​យក​សាច់​កណ្តុរ​ធ្វើ​ជា​ម្ហូប​សម្រាប់​ទទួលទាន​ប្រចាំ​ថ្ងៃ​ផង​ដែរ ។កណ្តុរ​ត្រូវ​បាន​គេ​ចាប់​យក​មក​ពី​ក្នុង​ព្រៃ ដី​ដំណាំ​ស្រូវ…

ខេត្តកណ្តាល ៖ ជា​ការ​ពិត​ណាស់​ម្ហូបអាហារ ពិសេស​ប្លែក​ៗ​មាន​ច្រើន​មុខ​សម្រាប់​ចុងភៅ​ចំអិន​ក្នុង​ការ​ទទួលទាន​ប្រចាំ​ថ្ងៃ ប៉ុន្តែ​អ្វី​ដែល​ប្លែក​ពិសេស​ជាងគេ​នោះ​គេ​សង្កេត​ឃើញ​ថា នៅ​ក្នុងភូមិ​មួយ​ចំនួន​នៅ​ក្នុង ឃុំ​ព្រែក​អំបិលមាន​អ្នកស្រុក​ច្រើន​នាក់ បាន​យក​សាច់​កណ្តុរ​ធ្វើ​ជា​ម្ហូប​សម្រាប់​ទទួលទាន​ប្រចាំ​ថ្ងៃ​ផង​ដែរ ។
កណ្តុរ​ត្រូវ​បាន​គេ​ចាប់​យក​មក​ពី​ក្នុង​ព្រៃ ដី​ដំណាំ​ស្រូវ ដំណាំ​កសិផល​ផ្សេង​ៗ ដើម្បី​យក​លក់​នៅ​ក្នុង​ផ្សារ ។

សាច់​កណ្តុរ​ដែល​ពី​មុន​មក​គេ​ខ្ពើម ត្រូវ​បាន​គេ​ដឹក​លក់​តាម​កញ្ឆេ​ម៉ូតូ​បន្លែ​ស្ទើរតែ​រាល់ថ្ងៃ នៅ​ក្នុងភូមិ​ព្រែក​ក្រាញ់​ដែល​ជា​ភូមិ​ក្នុង​ស្ថិត​ក្នុង​ឃុំ​ព្រែក​អំបិល ។ ជាង​នេះ​សាច់​កណ្តុរ​ត្រូវ​បាន​ក្លាយជា​ទំនិញ​ពិសេស​មួយ លក់ដាច់​ណាស់​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ​ឬ​ធ្វើ​ជា​គ្រឿងក្លែម​ជា​អាហារ​កំពុង​ពេញ​និយម ហើយ​អ្នក​ដែល​ខ្ពើម​ក៏​លែង​ខ្ពើម​ដែរ​ក្លាយជា​សាច់​មាន​ទីផ្សារ ។

សាច់​កណ្តុរ​ត្រូវ​បាន​អ្នកស្រុក​ភាគច្រើន​ក្នុងភូមិ​ហូប​ស្ទើរ​គ្រប់​រដូវ​ទៅ​ហើយ ប៉ុន្តែ​រដូវ​ដែល​សាច់ កណ្តុរ​ឆ្ងាញ់​គឺ​នៅ​រដូវវស្សា ឬ​អាច​និយាយ​បាន​ថា​រដូវ​ទឹក​ចូល​ព្រែក ។ រដូវ​នេះ​កណ្តុរ​មាន​សាច់ ឬ​ខ្លាញ់​ច្រើន​ធាត់​មូល​នៅ​ពេល​យក​សាច់​វា​អាំង ឬ​ចៀន​ក្រៀម​មាន​ក្លិន​ឈ្ងុយ​មើលទៅ​គួរ​ឲ្យ​ចង់​ហូប ។សាច់​កណ្តុរ​ក៏​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​គឺ​១​គីឡូក្រាម​មាន​តម្លៃ​រហូត​ដល់​១៧.០០០​រៀល ឬ​២​ម៉ឺន​រៀល​ក៏​មាន​ដែរ សម្រាប់​លក់​តាម​កញ្ឆេរ​ម៉ូតូ ។ បើ​លក់​តាម​ផ្សារតម្លៃ​ពី​១២.០០០​រៀល ទៅ​១៥.០០០​រៀល​ឯណោះ គ្មាន​«​អេ​»​ទេ ឱ្យ​តែ​មាន​លក់​គឺ​គ្មាន​សល់ ។

លោក វ​ណ្ណា​រ៉ា ជា​អ្នក​រស់នៅ​ក្នុងភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ដែល​ជា​អ្នក​ចូល​ចិត្ត​ហូប​សាច់​កណ្តុរ និង​ជា​ចុងភៅ​ចំអិន​កណ្តុរ​បាន​ឲ្យ​ដឹង​ថា សាច់​កណ្តុរ​អាច​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ​សម្រាប់​ទទួលទាន និង​សម្រាប់​អ្នក​ក្លែមស្រា ។

លោក​ថា កណ្តុរ​អាច​យក​ទៅ​ប្រឡាក់​ចៀន បំពង ឬ​អាំង​ជ្រលក់​ជាមួយ​ទឹកត្រី​លាយ​អំពិល​ទុំ ទឹក​ម្ជូរ​សណ្តាន់​ជាដើម ។ លើស​ពី​នេះ​សាច់​កណ្តុរ​ក៏​អាច​ធ្វើ​ម្ហូប​ជា​ច្រើន​ដូច​ជា​ចិញ្ច្រាំ​ឆា​ជាមួយ​ខ្មី ឆា​ក្តៅ​ដូច​សាច់​គោ ឬ​សាច់​ផ្សេង​ទៀត​ផង​ដែរ ពិសេស​គឺ​រ៉ូ​ទី​ឬ​បំពង​ប្រេង​ឡើង​ស្រួយ ។ លើស​ពី​នេះ​សាច់​កណ្តុរ​ស្លម្ជូរ​គ្រឿង​ក៏​ពិសេស​បំផុត​ដែរ ។ អ្នកខ្លះ​យក​កណ្តុរ​ស្ល​ការី​ក៏​កាន់តែ​ពេញ​និយម ។

លោក វ​ណ្ណា​រ៉ា ក៏​បាន​ឲ្យ​ដឹង​ថា សាច់​កណ្តុរ​ភាគច្រើន​ត្រូវ​បាន​ប្រជាជន​ចូល​ចិត្ត​ហូប ដោយសារ​ជា​អាហារ​នេះ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ព្រោះ​ជា​សត្វ​ស៊ី​ស្មៅ ឫស​ឈើ ស្រូវ ផ្លែ​ឈើ​ព្រៃ ដំណាំ​កសិក​ផល​មួយ​ចំនួន​ជា​អាហារ​គឺជា​សត្វ​ស្អាត បើ​វា​រស់នៅ​ក្នុង​ព្រៃ​ចម្ការ​លើកលែង​កណ្តុរ​តាម​ភូមិ គេ​មិន​យក​ធ្វើ​ម្ហូប​ទេ​…​អា​ហ្នុ​ង​បាន​ខ្ពើម ។

យ៉ាងណា​ក្តី​លោក វ​ណ្ណា​រ៉ា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុងភូមិ​មាន​អ្នក​ហូប​សាច់​កណ្តុរ​ច្រើន ប៉ុន្តែ​ក៏​មាន​អ្នក​អត់​ហូប​ដែរ គឺ​ចំនួន​តិច​ប៉ុណ្ណោះ អ្នក​ខ្ពើម ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ថា​រាល់​ការ​ជួបជុំ​មិត្តភក្តិ​ក្នុងភូមិ ពិសេស​នោះ​ពេល​ហូប​ស្រា​បៀរ​លោក​តែងតែ​ទិញ​សាច់​កណ្តុរ​ធ្វើ​ជា​គ្រឿងក្លែម​ទៀត​ផង ។

លោក​បន្ថែម​ថា មិត្តភក្តិ​លោក​ដែល​មក​ផឹក​ជាមួយ​គ្នា ក៏​ចូល​ចិត្ត​ហូប​សាច់​កណ្តុរ​ផង​ដែរ ហើយ​ពេល​ខ្លះ​ពួក​គេ​បាន​ឲ្យ​កុម្ម​ង់​សាច់​កណ្តុរ​ទុក​ទទួលទាន ឬ​ធ្វើ​ជា​គ្រឿងក្លែម​ទៀត​ផង​ពេល​ណា​បាន​ណាត់​ជួបជុំ​គ្នា ។ចំណែក​លោក សេរី ដែល​អ្នក​ភូមិ​ផ្សេង ធ្វើការ​នៅ​ភ្នំពេញ ក៏​បាន​ឲ្យ​ដឹង​ថា លោក​ក៏​ឧស្សាហ៍​ហូប​សាច់​កណ្តុរ​ផង​ដែរ នៅ​ពេល​ចុះ​មក​លេង​ដល់​ស្រុក​ម្តង​ៗ ។

លោក​ថា​សាច់​កណ្តុរ​ធ្វើ​ម្ហូប​ឆ្ងាញ់​ពិសេស​នោះ​គឺ​ធ្វើ​គ្រឿងក្លែម​ដោយ​យក​ទៅ​អាំង​ឲ្យ​ស្ងួត​ឬ ស្រួយ ជ្រលក់​ទឹក​ម្ជូរសណ្តាន់​ខ្ចី និង​ឆា​ក្តៅ ឆារ​គ្រឿង ឆា​អំពិល​ទុំ ឬ​ឆា​ម្ជូរ ង៉ាំ​ងូវ​ជាដើម ។លោក​បន្ត​ថា ហូប​សាច់​កណ្តុរ​មិន​ទ្រ​លាន់​ដូច​សាច់​ជ្រូក​នោះ​ទេ ព្រោះ​សាច់​កណ្តុរ​មិន​មាន​ខ្លាញ់ ដោយសារ​ពេល​គេ​ធ្វើ​គេ​បាន​យក​ខ្លាញ់​ចេញ​អស់​មាន​តែ​សាច់​ក្រហម​ស្អាត ។

ដោយឡែក​លោក ស្រស់ ដែល​ជា​ជាងដែក​រស់នៅ​ក្នុងភូមិ​អន្លង់​តា​សេក ក៏​បាន​ឲ្យ​ដឹង​ថា លោក​ក៏​ចូល​ចិត្ត​ហូប​សាច់​កណ្តុរ​ផង​ដែរ​។ លោក​ថា​សាច់​កណ្តុរ​ឆ្ងាញ់​នៅ​ពេល​យក​វា​ប្រឡាក់​គ្រឿង ហើយ​ហាល​ឲ្យ​ស្ងួត រួច​យក​អាំង​ឲ្យ​ស្រួយ​ជ្រលក់​ទឹក​ម្ជូរសណ្តាន់​ឬ​ទឹក​ម្ជូរអំពិល​ទុំ ។ លោក​ថា​ពេល​ខ្លះ​លោក​ក៏​យក​សាច់​កណ្តុរ​ឆា​គ្រឿង ឬ​ឆា​ខ្ញី​ផង​ដែរ ពិសេស​ទៀត​ឆា​គល់​ស្លឹកគ្រៃ​ជាដើម និយាយ​ទៅ​ដូច​ស្រក់ទឹកមាត់​តែ​ម្តង ៕ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ