រាជធានីភ្នំពេញ ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ចធនាគារពិភពលោកបានបញ្ជាក់ឱ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជា មិនទាន់ងើបឡើង ដូចនៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ចិន និងតៃវ៉ាន់ទេ ។ ដូច្នេះនៅកម្ពុជា វិស័យចលនទ្រព្យដីធ្លី ប្រហែលជាត្រូវការពេលវេលាបន្ថែមទៀត ទើបអាចងើបឡើងវិញបន្តិចម្តងៗ ។
ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយពីរបាយការណ៍បច្ចុប្បន្នភាពអាស៊ីបូពា៏ និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «ធ្វើឱ្យមានភាពរឹងមាំបច្ចុប្បន្នសម្រាប់ប្រសើរអនាគត» នៅព្រឹកថ្ងៃចន្ទ ទី២១ មីនា នេះ លោកជា ហួត អ្នកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ទៅកាន់ក្រុមអ្នកកាសែតដោយបន្តថា គ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមី នៅប្រទេសជប៉ុន កាលពីសប្តាហ៍មុន មិនបានប៉ះពាល់ ឬជះឥទ្ធិពលអវិជ្ជមាន ដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឡើយ ។ ផលប៉ះពាល់នៃការរញ្ជួយដី ចំពោះកំណើនសេដ្ឋកិច្ចប្រទេសជប៉ុន ទំនងជាមានរយៈពេលបណ្តោះអាសន្ន តែវាប៉ះពាល់តិចតួចដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។ កម្ពុជានាំចេញទៅជប៉ុនប្រមាណជា៣,៦% នៃការនាំចេញសរុប ។ ក្នុងនោះកម្ពុជានាំចូលពីជប៉ុនវិញ មានប្រហែលជា២,៦% នៃការនាំចូលសរុប ។ ដូច្នេះវាហាក់ដូចជា តួលេខ មួយតូចតាចមែនទែន បើប្រៀបធៀបនឹងការនាំចេញទៅប្រទេសសិង្ហបុរី វៀតណាម និងអាមេរិក ។
លោកជា ហួត បានបន្ថែមថា បញ្ហាគ្រោះមហន្តរាយនៅជប៉ុន និងវិបត្តិសង្គ្រាមនៅពិភពអារ៉ាប់ មិនប៉ះពាល់ដោយផ្ទាល់មកលើសេដ្ឋកិច្ចកម្ពុជាទេ ព្រោះប្រទេសទាំងនោះ មិនមែនជាដៃគូជំនួយសំខាន់របស់ប្រទេសកម្ពុជាឡើយ ។ ជប៉ុននាំចេញនាំចូលមកកម្ពុជាតិចតួចប៉ុណ្ណោះ ។ ប៉ុន្តែប្រទេសសំខាន់ដែលមានទំនាក់ទំនងនាំចេញ នាំចូលយ៉ាងជិតស្និទ្ធជាមួយកម្ពុជា រួមមាន សហភាពអឺរ៉ុប អាមេរិក កាណាដា សិង្ហបុរី ចិន វៀតណាម និងប្រទេសថៃជាដើម ។ ដូច្នេះ បើមានបញ្ហាក្នុងបណ្តាប្រទេសធំៗ ទាំងនេះ ទើបមានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ធនាគារពិភពលោកដែលមានចំណងជើងថា ធ្វើឱ្យមានភាពរឹងមាំបច្ចុប្បន្ន សម្រាប់ប្រសើរអនាគត បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១០ បានងើបប្រសើរឡើងច្រើនជាងការរំពឹងទុក រហូតដល់៦,៧% ។ កំណើនសេដ្ឋកិច្ចកម្ពុជាបានមកពីកត្តាសំខាន់បី គឺកំណើនផ្នែកកសិកម្ម-ការនាំចេញវិស័យកាត់ដេរ និងកំណើនពីវិស័យទេសចរណ៍។ ធនាគារពិភពលោក ក៏បង្ហាញពីការព្យាករណ៍របស់ខ្លួនថា នៅឆ្នាំ២០១១ សេដ្ឋកិច្ចកម្ពុជានឹងមានកណើនកម្រិត៦,៥% ។ ក្នុងនោះការនាំចេញរបស់កម្ពុជា ត្រូវគេរំពឹងថា នឹងនៅតែល្អប្រសើរ ដោយសារការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ខណៈដែលការវិនិយោគនឹងទទួលអត្ថប្រយោជន៍ពីការងើបឡើងវិញ ជាបន្តលើការវិនិយោគផ្ទាល់ពីបរទេស និងឥណទានសម្រាប់វិស័យឯកជន ៕
ចែករំលែកព័តមាននេះ