ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នែក​ឡើង​បាយ​មិន​មែន​ជា​ប្រភេទ​ជំងឺ​ឆ្លង​ទេ​គឺ​បណ្ដាល​មក​ពី​ភាព​ស្រអាប់​នៃ​កែវ​ភ្នែក​គេ​អាច​ព្យាបាល​ភ្នែក​ឡើង​បាយ​បាន​ទទួល​លទ្ធផល​ល្អ​បើ​សិន​កុំ​ទុក​ឱ្យ​ទុំ​ហួស​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​​​ ជា​ការ​ពិត​ណា​ស់​ ភ្នែក​ឡើង​បាយ​ជំងឺ​បាយ​ភ្នែក​គឺ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មក​ពី​ការ​ស្រអាប់​នៃ​កែវ​ភ្នែក​ ដោយ​សម្លឹង​ទៅ​វត្ថុ​មួយ​ ស្រាប់តែ​ឃើញ​បែក​ជា​ពីរ​ ជា​បី​ ឬ​ជួន​កាល​ស្រវាំង​ភ្នែក​រក​មើល​អ្វី​មិន​យល់​មួយ​រំពេច​ ។​ អាការៈ​បែប​នេះ​ បើ​សិន​ជា​អ្នក​មិន​ប្រញាប់​ធ្វើ​ការ​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​វេលា​ទេ​ ភ្នែក​នឹង​អាច​វិវឌ្ឍន៍​ទៅ​រក​ពិការ​ភាព​បាន​ ។​

រាជធានីភ្នំពេញ​ ៖​​​ ជា​ការ​ពិត​ណា​ស់​ ភ្នែក​ឡើង​បាយ​ជំងឺ​បាយ​ភ្នែក​គឺ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មក​ពី​ការ​ស្រអាប់​នៃ​កែវ​ភ្នែក​ ដោយ​សម្លឹង​ទៅ​វត្ថុ​មួយ​ ស្រាប់តែ​ឃើញ​បែក​ជា​ពីរ​ ជា​បី​ ឬ​ជួន​កាល​ស្រវាំង​ភ្នែក​រក​មើល​អ្វី​មិន​យល់​មួយ​រំពេច​ ។​ អាការៈ​បែប​នេះ​ បើ​សិន​ជា​អ្នក​មិន​ប្រញាប់​ធ្វើ​ការ​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​វេលា​ទេ​ ភ្នែក​នឹង​អាច​វិវឌ្ឍន៍​ទៅ​រក​ពិការ​ភាព​បាន​ ។​

លោក​វេជ្ជបណ្ឌិត​ ងី​ ម៉េង​ ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​បាន​ប្រាប់​កោះសន្ដិភាព​ថា​ ជំងឺ​បាយ​ភ្នែក​កើត​មក​ពី​ភាព​ស្រអាប់​របស់​កែវ​ភ្នែក​ធ្វើ​ឱ្យ​សរសៃ​ប្រាសាទ​បាត​ភ្នែក​ទទួល​ពន្លឺ​បាន​មិន​ពេញ​លេញ​ល្អ​ បង្ក​ឱ្យ​កែវ​ភ្នែក​ស្រអាប់​ ប្រៀប​ដូច​សម្លឹង​ឆ្លង​កាត់​កញ្ចក់​ដែល​ជាប់​ដោយ​ធូលី​ តែ​មិន​មាន​អាការៈ​ហើម​ រលាក​ ឬ​ក៏​ឈឺ​ចាប់​ទេ​ តែ​កែវ​ភ្នែក​ស្រអាប​ឡើង​ៗ​ ហើយ​ពន្លឺ​ក៏​កាន់​តែ​ធ្លាក់​ចុះ​ផង​ដែរ​ ។​

ចំពោះ​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​បាយ​ភ្នែក​នេះ​ភាគ​ច្រើន​បណ្ដាល​មក​ពី​កត្ដា​មួយ​ចំនួន​ដូច​ជា​ ៖​
១-​កត្ដាវ័យ​៖​ ភាព​ជរា​ដែល​ធ្វើ​ឱ្យ​កែវ​ភ្នែក​ស្រអាប់​ ហើយ​ឡើងរឹង​ ។​ បាយ​ភ្នែក​ប្រភេទ​នេះ​អាច​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ​ ។​

២-​ឧប្បត្ដិហេតុ​៖​ បាយ​ភ្នែក​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ប្រសិន​បើ​គ្រាប់ភ្នែក​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​ជា​មួយ​សារធាតុ​គីមី​ ឬ​ពន្លឺ​កាំ​រស្មី​ ។​

៣-​បង្ក​ឡើង​ដោយ​ជំងឺ​៖ បាយ​ភ្នែក​ក៏​អាច​បង្ក​ឡើង​ដោយ​ជំងឺ​មួយ​ចំនួន​ដូច​ជា​ ការ​ឆ្លង​មេរោគ​ ជំងឺ​ទឹកនោម​ផ្អែម​ ការ​ប្រើ​ប្រាស់​ឱសថ​មិន​ត្រូវ​តាម​ប្រភេទ​ជំងឺ​ វា​អាច​ជា​មូល​ហេតុ​ធ្វើ​ឱ្យកែវ​ភ្នែក​ស្រអាប់​ ។​ លក្ខណៈ​តំណពូជ​ ដែល​អ្នក​ខ្លះ​កើត​ជំងឺ​នេះ​តាំង​ពី​កំណើត​មក​ម៉្លេះ​ ខណៈ​នៅ​ក្នុង​ផ្ទៃ​ ស្រ្ដី​ជា​ម្ដាយ​កើត​ជំងឺ​ស្អូច​ ។​

លោក​វេជ្ជបណ្ឌិត​បាន​បន្ដ​ថា​ បាយ​ភ្នែក​ស្ដែង​ឱ្យ​ដឹង​តាម​រយៈ​អាការៈ​មួយ​ចំនួន​ដូច​ជា​ កែវ​ភ្នែក​ស្រវាំង​លឿន​ ឬ​យឺត​អាស្រ័យ​ទៅ​តាម​កម្រិត​និង​ទីតាំង​របស់​ភាព​ស្រអាប់​ក្នុង​កែវ​ភ្នែក​ ប្រសិន​ជា​កើត​​នៅ​បរិវេណ​ខាងៗ​អ្នក​ជំងឺ​អាច​នៅ​មើល​ឃើញ​ច្បាស់​ធម្មតា​ ។​​ ប៉ុន្ដែ​ពេល​ខ្លះ​ អ្នក​ជំងឺ​អាច​ឃើញ​វត្ថុ​បែក​ជា​ពីរ​ជួរ​ Diplopia ​និង​ស៊ូ​ពន្លឺ​មិន​បាន​ត្រូវ​ការ​វ៉ែន​តា​ជា​ជំនួយ​ ។​ សភាព​ភ្នែក​មាន​អាការៈ​បែប​នេះ​ កាល​ណា​លោក​អ្នក​ទុក​យូរ​ រហូត​បាយ​ភ្នែក​ឡើង​ទុំ​ហួស​អាច​វិវឌ្ឍន៍​ទៅ​រក​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ និង​ជំងឺ​រលាក​ប្រស្រី​ភ្នែក​ដែល​ធ្វើ​ឱ្យ​​ភ្នែក​ឡើង​ក្រហម​ និង​អាច​ឈាន​ទៅ​ពិការ​បាន​ ។​

លោក​អ្នក​គួរ​ចងចាំ​ថា​​ បាយ​ភ្នែក​មិន​មែន​​ជា​ជំងឺ​ឆ្លង​ ឬ​រាល​ដាល​ពី​ភ្នែក​ម្ខាង​ទៅ​ភ្នែកម្ខាង​ទៀត​ទេ​ ទោះ​បី​ភាគច្រើន​នឹង​កើត​ឡើង​ព្រម​គ្នា​ទាំង​សង​ខាង​ តែ​អាការៈ​អាច​ធ្ងន់​ឬ​ស្រាល​មិន​ស្មើ​គ្នា​ឡើយ​ ។​ បាយ​ភ្នែក​រមែង​កើត​ឡើង​យឺតៗ​ ធ្វើ​ឱ្យ​កែវ​ភ្នែក​របស់​អ្នក​ជំងឺ​ស្រអាប់​ ស្រវាំង​ មើល​មិន​ច្បាស់​ តែ​ជា​ទូទៅ​បាយភ្នែក​ជា​ជំងឺ​ដែល​គេ​អាច​ព្យាបាល​បាន​ទទួល​ផល​ល្អ​ ។​

វិធី​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ​
លោក​វេជ្ជបណ្ឌិត​ ងី​ ម៉េង​ ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​បានពន្យល់​ពីរបៀប​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ​ដូច​តទៅ​ ៖​
ករណី​ខ្លះ​ គ្រូ​ពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បន្ដក់ភ្នែក​ ដើម្បី​ព្យាយាម​បង្អន់​ភាព​ធ្ងន់​​ធ្ងរ​របស់​បាយ​ភ្នែក​ តែ​មិន​មាន​ថ្នាំ​ប្រភេទ​ណា​អាច​កាត់​បន្ថយ​​ ឬ​បញ្ឈប់​បាយ​ភ្នែក​បាន​ទេ​ ពេល​កែវ​ភ្នែកស្រអាប់​ ឬ​ស្រវាំង​ ។​ ការ​វះកាត់​ ឬ​ការ​បំបែក​បាយភ្នែក​ជា​វិធី​ព្យាបាល​ដែល​ជួយ​ធ្វើ​ឱ្យ​កែវ​ភ្នែក​របស់​អ្នក​ជំងឺ​ឡើង​ថ្លា​ និង​មើល​ឃើញ​បាន​ដូច​ដើម​ ។​ ការ​ព្យា​បាល​ត្រូវ​​បែង​ចែក​ទៅ​តាម​ដំណាក់កាល​ ដំបូង​គ្រូពេទ្យ​ឯកទេស​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​គ្រាប់​ភ្នែក​យ៉ាង​លម្អិត​ ដើម្បី​រក​មើល​​ទីតាំង​ និងភាព​ធ្ងន់​ធ្ងរ​របស់​បាយភ្នែក​ ក្រៅ​ពីនេះ​ វេជ្ជបណ្ឌិត​ត្រូវ​ការ​វាស់​សម្ពាធ​ទឹក​ភ្នែក​ និង​ពិនិត្យ​ទឹក​ចាហួយ​ភ្នែក​ជា​មួយ​សរសៃ​ប្រសាទ​ភ្នែក​យ៉ាង​លម្អិត​ ដើម្បី​ឱ្យ​ដឹង​ច្បាស់ថា​ បាយ​ភ្នែក​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​កែវ​ភ្នែក​ឡើង​ស្រអាប់​ស្រវាំង​​ ឬ​មាន​ជំងឺ​ផ្សេងៗ​មក​ផ្សំ​ជា​មួយ។​ វិធី​បក​បាយ​ភ្នែក​ដែល​និយម​ប្រើ​ជា​ទូទៅ​មាន២​របៀប​ ក្រោយ​ពី​ការ​យក​បំ​ណែក​បាយ​ភ្នែក​ចេញ​ហើយ​ វេជ្ជបណ្ឌិត​នឹង​ដាក់​កែវ​ភ្នែក​សិប្បនិម្មិត​ជំនួស​ដើម្បី​ឱ្យ​មើល​ឃើញ​ច្បាស់​ធម្មតា​ ។​

១-​វិធី​បំបែក​បាយ​ភ្នែក​ដោយ​ប្រើ​ LILTRA SOUND (Phacoemulsification Machine)​ ​ការ​រំលាយ​បាយ​ភ្នែក​ដោយ​ប្រើ​ LILTRASOUND ​ជា​វិធីចុង​ក្រោយ​ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ ក្នុង​ការ​បំបែក​បាយ​ភ្នែក​ តែ​គួរ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ថែ​រក្សា​ ។​ ត្រូវ​ធ្វើ​ការ​សម្អាត​គ្រាប់ភ្នែក​ដោយ​ទទួល​ទាន​ថ្នាំ​ និង​បន្ដក់​ថ្នាំ​តាម​ការ​​ណែ​នាំ​របស់​វេជ្ជបណ្ឌិត​ ។​

២-​ការ​វះ​កាត់ភ្នែក​ឡើង​បាយ​បែប​បើក​មុខ​របួស​ធំ​ៈ ដោយ​បើក​មុខ​របួស​ប្រមាណ​ជា​១០​មីល្លីម៉ែត្រ​ ដើម្បី​យក​គ្រាប់​កែវ​ភ្នែក​ដែល​ឡើង​បាយ​នោះ​ចេញ​ រួច​គ្រូពេទ្យ​នឹង​ដាក់​កែវ​ភ្នែក​សិប្បនិម្មិត​ចូល​ទៅ​ជំនួស​ ក្រោយ​មក​ទើប​ដេរ​បិទ​មុខ​របួស​ដោយ​ប្រើ​ចេស​នីឡុង​ប្រភេទ​ពិសេស​ ។​
លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ មាន​សំណួរ​ចោទ​សួរ​ថា​ ហេតុ​អ្វី​ត្រូវ​ដាក់​កែវ​ភ្នែក​សិប្បនិម្មិត​ IOL (Intra Ocular Lens)ជំនួស​?​ ដោយ​ហេតុ​ថា​ ក្រោយ​ពី​ការ​បញ្ចេញ​បំណែក​បាយ​ភ្នែក​អស់​ហើយ​ មិន​មាន​កែវ​ភ្នែក​បញ្ចេញ​ពន្លឺ​ជា​ហេតុ​ធ្វើ​ឱ្យ​ភ្នែក​នៅ​ស្រវាំង​ ។​ ដូច​នេះ​ ទើប​គ្រូពេទ្យ​ដាក់​កែវ​ភ្នែក​សិប្បនិម្មិត​ជំនួស​ដើម្បី​ឱ្យ​មើល​ឃើញ​ធម្មតា​ ។​ កែវ​ភ្នែក​សិប្បនិម្មិត​នេះ​មាន​អាយុ​កាល​យូរ​រហូត​មួយ​ជីវិត​ ។​ បច្ចុប្បន្ន​ គេ​ប្រើ​កែវ​ភ្នែក​សិប្បនិម្មិត​ពណ៌លឿង​ ដើម្បី​ជួយ​ទប់​ពន្លឺ​ព្រះ​អាទិត្យ​ និង​ការពារ​សរសៃ​ប្រសាទ​បាត​ភ្នែក​ ព្រម​ទាំង​ធ្វើ​ឱ្យ​គំហើញ​កាន់​តែ​ប្រសើរ​ ៕