ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយឱ្យដឹងដោយយោងលើរបាយការណ៍ទីភ្នាក់ងារហ្វាស់ របស់អ៊ីរ៉ង់ថា រដ្ឋាភិបាលក្នុងតេហេរ៉ង់ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីម៉ាមូត អាម៉ាឌីណេចាត់ លួចបង្កើត UFO យ៉ាងសម្ងាត់ និងបានបង្ហាញថាសហោះខាងលើកាលពីពេលថ្មីៗកន្លងមក ។ នៅក្នុងរបាយការណ៍បញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់បានដាក់ឈ្មោះថាសហោះរបស់ខ្លួនថា «សូហាល» ដែលភាសានៅតំបន់ពែរ្ស៍ សំដៅទៅលើ «ផ្កាយព្រះសៅរ៍» ។ ដោយឡែកតាមទីភ្នាក់ងារព័ត៌មានរបស់រដ្ឋាភិបាលអ៊ីរ៉ង់បង្ហើបឱ្យដឹងថា ថាសហោះខាងលើត្រូវបានបង្កើតឡើងសម្រាប់ថតយករូបភាពនៅលើអាកាសតែប៉ុណ្ណោះ ទោះបីជាអ្នកវិភាគនៅក្នុងប្រទេសលោកខាងលិចមានគំនិតយល់ឃើញថា ធាតុពិត អ៊ីរ៉ង់អាចប្រើប្រាស់ថាសហោះ (UFO) នេះ ក្នុងផ្នែកយោធាក៏ដោយ ។
សម្រាប់ទិន្នន័យដែលទីភ្នាក់ងារហ្វាស់របស់អ៊ីរ៉ង់ធ្វើការផ្សព្វផ្សាយបានបញ្ជាក់ថា UFO ដែលផលិតនៅប្រទេសអ៊ីរ៉ង់មួយគ្រឿងនេះ អាចហោះហើរបានដោយខ្លួនឯង មិនចាំបាច់ពឹងផ្អែកលើអាកាសយានិកណាម្នាក់ និងមានភ្ជាប់ប្រព័ន្ធបង្ហាញទិសដៅ GPS មានប្រព័ន្ធម៉ាស៊ីនថតរូបចែកចេញជា២ឈុត មានលក្ខណៈភ្លឺច្បាស់ស្ថិតក្នុងកម្រិត១០ មេហ្គាភិកសេល និងអាចបញ្ជូនរូបថតទៅមជ្ឈមណ្ឌលប្រតិបត្តិការនៅលើផែនដីបានភ្លាមៗ បន្ទាប់ពីថតរូបភាពចប់ ដោយមិនចាំបាច់ត្រូវរង់ចាំឱ្យមានឧបករណ៍សម្រាប់បញ្ជូនទេ ។
ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះនៅមិនទាន់មានការបង្ហាញរូបភាពពិតប្រាកដណាមួយនៃថាសហោះខាងលើដែលចាត់ទុកថា ជាផលិតផលផ្នែកសន្តិសុខចុងក្រោយរបស់អ៊ីរ៉ង់ជាសាធារណៈឡើយ ។ អាថ៌កំបាំងខាងលើ ធ្វើឱ្យរូបរាងពិតប្រាកដរបស់ថាសហោះមួយគ្រឿងនេះ នៅមានពិភាក្សាវែកញែកនានាថា តើវាមានរូបរាងដូច គ្នានឹងថាសហោះរបស់មនុស្សពិភពផ្កាយ ឬមួយក៏មានរូបរាងស្រដៀងនឹងយន្តហោះចម្បាំងដែល គ្មានអ្នកបើកបររបស់កងទ័ពអាមេរិក ។
គួរបញ្ជាក់ថា កាលពីអំឡុងរដូវស្លឹកឈើជ្រុះកន្លងមក អាជ្ញាធរអ៊ីរ៉ង់បានបង្ហាញឱ្យឃើញនាវា «បាវ៉ា-២» ដែលបញ្ជាក់ថា អាចហោះបាន ទោះបីជាមិនធ្លាប់មានអ្នកណាម្នាក់បានឃើញពីសក្តានុពលដ៏ពិតប្រាកដរបស់វាក៏ដោយ ៕
ចែករំលែកព័តមាននេះ