ខេត្តបាត់ដំបង ៖ ការជួសជុលនិងអភិរក្សប្រាសាទឯកភ្នំ បាននិងកំពុងធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ។
កាលពីពេលថ្មីៗកន្លងមក លោកគឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងបញ្ជាក់ថា ជាជំហានដំបូងដែលត្រូវជួសជុល គឺចាប់ពីថ្ងៃទី៤ មេសា ឆ្នាំ២០១៩ ចំពោះខ្លោងទ្វារ រោងទងប៉ែកខាងលិច ។
រួចហើយ ធ្វើជាបន្តបន្ទាប់ទៅទៀតតាមគម្រោង ដោយប្រើប្រាស់ថវិកាជាតិ ដែលជាចំណែកមួយក្នុងការលើកតម្កើងវិស័យទេសចរណ៍ ព្រមទាំងរក្សាការពារបន្ថែមទៀតលើសម្បត្តិវប្បធម៌របស់ដូនតាយើងបានបន្សល់ទុកមកដែលកំពុងមានចំណាប់អារម្មណ៍ពីអ្នកទេសចរអន្តរជាតិចង់ស្គាល់ ចង់ឃើញដោយផ្ទាល់ភ្នែក ។
ប្រាសាទឯកភ្នំ ជាប្រាសាទមានវ័យចំណាស់មួយក្នុងចំណោមប្រាសាទជាច្រើន ដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១១ អំឡុងឆ្នាំ១០០២-១០៥០ក្នុងសម័យមហានគរ នៅតាមតំបន់វាលទំនាបស្រែមាត់បឹងទន្លេសាប ក្នុងភូមិចាស់ធម្មជាតិមានប្រជាជនរស់នៅពីយូរលង់ណាស់មកហើយ ។
ប្រាសាទនេះមានផ្ទាំងរូបក្បាច់ផ្តែរ ១-ព្រះវិស្ណុផ្ទុំលើនាគអនន្តរ លក្ម្សីុគង់នៅចុងជើង ព្រះព្រហ្មគង់នៅលើផ្កាឈូក ដែលផុសចេញពីផ្ចិតព្រះវិស្ណុ។
២-ហនុមានទៅសួរសុខទុក្ខនាងសិតា នៅពេលនាងសិតាជាប់ឃុំនៅនគរលង្ការ ។
៣-រឿងកូរសមុទ្រទឹកដោះ…។
ប្រាសាទឯកភ្នំធ្វើឡើងដើម្បីឧទិ្ទសថ្វាយដល់អាទិទេពនៃសាសនាព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនា (លទ្ធិទេវរាជ) ។ ប្រាសាទនេះបានបាក់បែក និងស្រុតចុះខ្លះដោយសារបាតុភូតធម្មជាតិរួមនិងអាយុកាលដ៏ចំណាស់ផង រួមទាំងកត្តាសង្គ្រាម និងជនទុច្ចរិតផង ។ ប្រាសាទឯកភ្នំសាងសង់អំពីថ្មភក់ និងថ្មបាយក្រៀម មានខ្លោងទ្វារបែរមុខទៅទិសខាងកើត និងខ្លោងទ្វារទៅទិសខាងលិច មានប្រវែង៦៣ម៉ែត្រការ៉េ បួនជ្រុង។
ប្រាសាទនេះមានចម្ងាយពីទីរួមខេត្តបាត់ដំបង១១គីឡូមែត្រ ស្ថិតនៅក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ សព្វថ្ងៃភ្ញៀវជាតិ និងអន្តរជាតិបានចាប់អារម្មណ៍យល់ដឹងតាមឯកសារថាជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ ហើយបានទៅលេងកម្សាន្តមិនដាច់ឡើយ ។
នៅជិតប្រាសាទឯកភ្នំ មានវត្តអារាមវ័យចំណាស់មួយដែលកើតឡើងនៅគ.ស១៧៥៧ មានអាយុកាល២៤៤ឆ្នាំ ក្នុងសភាពចាស់ទ្រុឌទ្រោមផង និងទទួលភាពខ្ទេចខ្ទាំខ្លាំងពីសម័យប៉ុល ពត ។ ក្នុងសម័យនោះគេបានយកទីវត្តជាទីលានសម្លាប់មនុស្សទាំងថ្ងៃទាំងយប់ ។
វត្តនេះបានកសាងឡើងវិញនាឆ្នាំ១៩៩១មកដល់ឆ្នាំ២០០១ ហើយរហូតដល់សព្វថ្ងៃនេះក្នុងពេលបុណ្យទានតាមប្រពៃណីជាតិ ម្តងៗ មានមនុស្សម្នាពីគ្រប់ទិសទីតែងតែទៅកម្សាន្តនៅទីវត្តអារាមដ៏ចំណាស់នេះ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ