ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រោយរៀបពិធីភ្ជាប់ពាក្យកូនស្រីរួច ​​ម្តាយនាំនាងដើរ​ស្រោច​​ទឹកគ្រប់​វត្ត​​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នក​ភូមិ​និយាយ​ថា ក្រោយ​ពី​ភ្ជាប់ពាក្យ​រួច​មក គេ​សង្កេត​ឃើញ​ស្ត្រី​ជា​ម្តាយកូន​ស្រី​នាំកូន​ដើរ​ស្រោច​ទឹក​នៅ​តាម​ទី​អារាម​នានា​ដោយអះអាង​ថា កូនស្រី​របស់​គាត់​ត្រូវ​គេ​ដាក់ស្នេហ៍​ទើប​ចេះ​តែ​ធ្វើ​អ្វី​ប្លែក​ៗ ហើយ​បន្ទាប់​មក​ស្រាប់តែ​យក​កូនស្រី​ទៅ​បង្ខាំង​ទុក​ ដោយ​ដាក់​ច្រវាក់​នៅក្នុងផ្ទះ​ខាង​ដន្លង​មួយទៀត​នៅ​ឯ​ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ។…

ខេត្តឧត្តរមានជ័យ ៖ អ្នក​ភូមិ​និយាយ​ថា ក្រោយ​ពី​ភ្ជាប់ពាក្យ​រួច​មក គេ​សង្កេត​ឃើញ​ស្ត្រី​ជា​ម្តាយកូន​ស្រី​នាំកូន​ដើរ​ស្រោច​ទឹក​នៅ​តាម​ទី​អារាម​នានា​ដោយអះអាង​ថា កូនស្រី​របស់​គាត់​ត្រូវ​គេ​ដាក់ស្នេហ៍​ទើប​ចេះ​តែ​ធ្វើ​អ្វី​ប្លែក​ៗ ហើយ​បន្ទាប់​មក​ស្រាប់តែ​យក​កូនស្រី​ទៅ​បង្ខាំង​ទុក​ ដោយ​ដាក់​ច្រវាក់​នៅក្នុងផ្ទះ​ខាង​ដន្លង​មួយទៀត​នៅ​ឯ​ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ។

ប៉ុន្តែ​ក្រោយមក កូនស្រី​រត់​រួច​ក៏​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ ហើយ​ទូរស័ព្ទ​មក​បងស្រី​បង្កើត​ឱ្យទៅ​យក តែ​បងស្រី​បានទូរស័ព្ទ​ប្តឹង​លោក​មេ​ភូមិ​តា​សំ ពី​ការ​ដែល​ម្តាយ​បង្ខាំង​ប្អូនស្រី ហើយ​លោក​មេ​ភូមិ​ទូរស័ព្ទ​ទៅ​នគរបាល ទើប​មានការ​ភ្ញាក់ផ្អើល​ ហើយ​នគរបាល​ក៏​ទៅ​នាំ​ខ្លួន​កូនស្រី​នោះ​មក​សាកសួរ និង​ឈាន​ទៅ​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយតែម្តង ។

សូមបញ្ជាក់ថា រឿងរ៉ាវ​ស្មាន​មិន​ដល់មួយ រហូត​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចេញ​ដីកា​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​បង្ខាំង​កូនស្រី​បង្កើត​ដាក់​ច្រវាក់​នៅ​ក្នុងផ្ទះ​អស់​រយៈពេល​មួយ​ថ្ងៃមួយ​យប់ កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​តា​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។ ស្ត្រី​ដែល​នគរបាល​ឃាត់ខ្លួន​នេះ​ឈ្មោះ ហៀ​ង ម៉ុម អាយុ​៤៦​ឆ្នាំ មាន​ប្តី​ឈ្មោះ សុំ វ៉ា​ន និង មានកូន​៧​នាក់ ក្នុង​នោះ​ស្រី​៤​នាក់ ជា​កសិករ និង​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​រស់នៅ​ជិតខាង​ឱ្យ​ដឹង​ថា កូនស្រី​របស់​ស្ត្រី​រូប​នេះ​ឈ្មោះ សុំ ស្រី​និ​ច អាយុ​១៩​ឆ្នាំ បាន​ជាប់ចិត្ត​ស្នេហា​ជា​មួយ​យុវជន​ម្នាក់​នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយស្រុក​ត្រពាំង ​ប្រាសាទ ហើយ​បាន​ចុះ​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​រស់នៅ​ផ្ទះ​ខាង​ប្រុស ។ ក្រោយមក​ស្ត្រី​ជា​ម្តាយកូន​ស្រី​នេះ​បាន​ទៅ​ផ្ទះ​ខាង​ប្រុស​ធ្វើការ​សម្របសម្រួល​គ្នា ហើយ​ខណៈនោះ​ម្តាយ​ឪពុក​ខាង​ប្រុស​បាន​ព្រមព្រៀង​ភ្ជាប់ពាក្យ​ចូល​ស្តីដណ្តឹង​ទៅ​តាម​ប្រពៃណី ដោយ​ផ្តល់​លុយ​៥០០​ដុល្លារ​ជា​ថ្លៃទឹកដោះ ។

ការ​ព្រមព្រៀង​ក៏​ឈាន​ដល់​ការ​រៀបចំ​ពិធី​ភ្ជាប់ពាក្យ ដោយ​មាន​អញ្ជើញ​ភ្ញៀវ​ពី​ទី​ជិត​ទី​ឆ្ងាយ ព្រមទាំង​មាន​តា​អាចារ្យ​ចៅ​មហា​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ និង​រៀប​មង្គលការ​កូនប្រុស​កូនស្រី​នៅ​ក្នុង​អំឡុង​ខែ វិច្ឆិកា​ខាង​មុខ ។

មន្ត្រី​នគរបាល​ប៉ុ​ស្គិ៍​អូរ​ស្វាយ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​សាកសួរ និង​ស្តាប់​ការ​បំភ្លឺ​រួច​មក សមត្ថកិច្ច​បាន​រាយការណ៍​សុំ​យោបល់​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ទើប​លោក​ព្រះរាជអាជ្ញា​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​ស្ត្រី​ជា​ម្តាយ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ