យានអវកាសអាមេរិក DISCOVERY បានវិលត្រឡប់មកកាន់ផែនដីវិញ កាលពីថ្ងៃទី៩ មីនា បន្ទាប់ពីបញ្ចប់បេសកកម្មចុងក្រោយរបស់ខ្លួន ហើយក្រោយប្រើប្រាស់អស់រយៈពេលជិត២៧ឆ្នាំមក ។ យានអវកាស DISCOVERY បានចុះចតនៅមជ្ឈមណ្ឌលអវកាសកេណ្ណឺឌី រដ្ឋផ្លរីដា របស់សហរដ្ឋអាមេរិក នាវេលាម៉ោង១១និង៥៧នាទីម៉ោងក្នុងស្រុក បន្ទាប់ពីបំពេញបេសកកម្មរយៈពេល១៣ថ្ងៃមួយនៅឯស្ថានីយអវកាសអន្តរជាតិ ISS ។ សមាជិកក្រុមយានិកទាំង៦រូប របស់យាន DISCOVERY បានស្នាក់នៅរយៈពេល៩ថ្ងៃក្នុងស្ថានីយ ISS ។
ប្រើប្រាស់ពីដំណាច់ឆ្នាំ១៩៨៤មក យាន DISCOVERY ជាយានដ៏ចំណាស់បំផុត ហើយប្រើប្រាស់ច្រើនបំផុតក្នុងចំណោមយានអវកាសអាមេរិក ។ យាននេះធ្វើការហោះហើរសរុបចម្ងាយដល់ទៅ២៤០លានគីឡូម៉ែត្រ ក្នុងបេសកកម្មចំនួន៣០លើក ធ្វើដំណើរ១៣លើក ឆ្ពោះទៅកាន់ ISS ចំណាយពេលស្ថិតក្នុងទីអវកាសរយៈពេល៣៦៥ថ្ងៃ និងហោះហើរលើតារាវវិថីចំនួន៥.៨៣០ជុំវិញផែនដី ។ យានអវកាសនោះក្រោយបេសកកម្មក្រោយនេះ ត្រូវចូលនិវត្តន៍ហើយត្រូវគេយកទៅតម្កល់នៅឯសារមន្ទីរជាតិនៃអាកាសចរណ៍ និងអវកាសនៅទីក្រុងវ៉ាស៊ីនតោន ។ គេនឹងបញ្ជូនយាន DISCOVERY ទៅកាន់សារមន្ទីរនោះដោយដាក់ពីលើខ្នងយន្តហោះធុនប៊ូអ៊ីញ ៧៤៧ ពិសេសមួយគ្រឿង ។ យានអវកាសចុងក្រោយ២ទៀតរបស់អង្គការ NASA គឺយាន ANDEAVOUR និងយាន ATLANTIS ត្រូវបំពេញការហោះហើរមួយលើកម្នាក់ទៀត គ្រោងសម្រាប់ដំណាច់ខែមេសា និងខែមិថុនា មុនពេលចូលនិវត្តន៍ដែរ ៕
ចែករំលែកព័តមាននេះ