ខេត្តបន្ទាយមានជ័យ ៖ កម្ទេចមីចំនួន៦.៥១០គីឡូក្រាម ខ្លាញ់មាន់ចំនួន២១៥លីត្រ និងដំណាប់ដូងជាង៧០០គីឡូក្រាម ត្រូវសមត្ថកិច្ចចម្រុះរួមមាន សមត្ថកិច្ចប៉ូលិសប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុងសិរីសោភ័ណ មន្ទីរសុខាភិបាលខេត្ត មន្ទីរបរិស្ថានខេត្ត ពាណិជ្ជកម្មខេត្ត និងកាំកុងត្រូលខេត្តបន្ទាយមានជ័យ នាំយកទៅដុតកម្ទេចចោល នៅចំណុចជិតភ្នំតុប ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី១៥ មីនា ។ ពិធីនេះក៏មានវត្តមានលោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តបានអញ្ជើញចូលរួមផងដែរ ។
លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដើម្បីមានវិធានការទប់ស្កាត់នូវរាល់បទល្មើសទាំងឡាយក្នុងភូមិសាស្ត្រខេត្ត ក្នុងនោះការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានរួមសហការជាមួយកម្លាំងប៉ូលិសប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ បានធ្វើការចុះបង្ក្រាបបទល្មើសសេដ្ឋកិច្ចដែលក្រុមឈ្មួញទុច្ចរិតមួយចំនួនមានការឃុបឃិតជាមួយបណ្តាញអង្គភាពការពារព្រំដែនគោក លួចនាំទំនិញខូចគុណភាពចូលតាមច្រករបៀងមួយចំនួនមកទឹកដីកម្ពុជា ព្រោះតែផលប្រយោជន៍របស់ខ្លួន មិនគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ជាលទ្ធផល កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសខេត្តសហការជាមួយកម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃ បានធ្វើការត្រួតពិនិត្យរថយន្តនីស្សាន់មួយគ្រឿងដែលបានដឹកកម្ទេចមីចំនួន៦.៥១០គីឡូក្រាម និងទឹកអាស៊ីដចំនួន៥៩ប៊ីដុង ស្មើនឹង១.១៨០គីឡូក្រាម ចូលពីប្រទេសសៀម ។ ក្នុងនោះសមត្ថកិច្ចក៏បានឃាត់រថយន្តមួួយគ្រឿងទៀត ដែលមានដឹកដំណាប់ដំឡូង គ្មានស្លាកសញ្ញាត្រឹមត្រូវ និងកាលបរិច្ឆេទឯកសារច្បាស់លាស់នាំមកពីប្រទេសវៀតណាម ដែលមានទម្ងន់ជាង៧០០គីឡូក្រាម ។ លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ មីនា សមត្ថកិច្ចចម្រុះបានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់រួមមាន កម្ទេចមីចំនួន៦.៥១០គីឡូក្រាម ខ្លាញ់មាន់២១៥លីត្រ និងដំណាប់ដូងជាង៧០០គីឡូក្រាម។
បើតាមការអះអាងរបស់លោកវរសេនីយ៍ទោយិន សិទ្ធ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ មីនា នេះថា ទឹកអាស៊ីដចំនួន៥៩ប៊ីដុង ដែលចាប់បានកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ តាមការពិនិត្យនិងធ្វើតេស្តរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញឱ្យដឹងថា ជាអាស៊ីដស៊ុលហ្វូរិច ដែលមានសារធាតុញៀន៥០% ប្រសិនបើគេយកអាស៊ីដនេះទៅលាយផ្សំជាមួយសារធាតុផ្សេងទៀតវាអាចទៅជាគ្រឿងញៀនបាន ៕




ចែករំលែកព័តមាននេះ