ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡង់​គ្រីស្ស័រ​ដឹក​ឈើ​គ្រញូង​ជាប់​អន្ទាក់​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស

15 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​រថយន្ត​ឡង់គ្រីស្សរ័មួយ​​គ្រឿង​ដែល​លួច​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់ ​បាន​​ត្រូវ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្ទាក់​ចាប់​​បាន​កាល​ពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ​ថ្ងៃទី​​១៨​ មីនា ​ឆ្នាំ​២០១១​ ត្រង់​ចំណុច​ភូមិ​ព្រែក១​ ឃុំ​​សំរោង ​ស្រុក​ភ្នំក្រវាញ​ ខេត្ត​ពោធិ៍​សាត់។​ រថយន្ត​​នោះ​ព៌ណ​សំបក​ឪឡឹក ​ពាក់​ស្លាកលេខ​ ភ្នំពេញ​2F-3475 ​ផ្ទុក​ឈើ​គ្រញូង​ចំនួន​​២៧៦ ​ដុំ​​ស្មើ​នឹង​១.០៨៨​​ម៉ែត្រ​គូប ​អ្នក​បើកបរ​រត់​​គេច​ខ្លួន​​បាត់។

​តាម​ប្រភព​​ពី​លោកព្រិន្ទបាលឯក ហេង ហៃ ប្រធាន​ក្រុម​កងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស ដែល​ដឹកនាំកំលាំង​បង្ក្រាបផ្ទាល់ឲ្យដឹងថា នៅ​យប់​នោះ បន្ទាប់ពី​ភ្នាក់​ងារផ្ដល់ព័ត័មានថា មាន​រថយន្ត​ប្រភេទ​ឡង់​គ្រីស្សរ័​មួយ​គ្រឿង ពាក់​ស្លាក​លេខខាងលើលួចផ្ទុកឈើគ្រញូង​កំពុង​ធ្វើ​ដំណើរពីស្រុកវាលវែងឆ្ពោះទៅកាន់ផ្លូវ​ជាតិលេខ​៥ ភ្លា​ម​នោះ​លោកបានចាត់កំលាំង​ចល័ត​ចាំ​ស្ទាក់​ជាបន្ទាន់។ លុះនៅវេលាម៉ោងជិត៨យប់ ទើប​ឃើញ​រថយន្តនោះធ្វើដំណើរមកដល់ភូមិ​ព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ។ ឃើញ​ដូច្នេះ​លោក​បាន​បើករថយន្តប្រដេញតាមពីក្រោយ​ជាប់​រហូត​ចំងាយប្រហែលមួយ​គីឡូ​ម៉ែត្រ ​រថយន្ត​នោះទំនង​ជា​ដឹងថា ក្រុមរបស់លោកជា​សមត្ថ​កិច្ច​ក៏​បត់​ចូល​ក្នុងព្រៃរួច​ឈប់​រថយន្ត​រត់គេចខ្លួន​​បាត់​តែ​ម្ដង ដែល​ជន​ល្មើស​មានគ្នាចំនួន៣​នាក់។ នៅ​ពេល​ពិនិត្យក្នុងរថយន្តឃើញមានដឹក​ឈើ​​ប្រណីត​ក៏​បានយកមករក្សា​ទុក​នៅផ្នែករដ្ឋបាល​ព្រៃឈើស្រុកភ្នំក្រវាញទាំងយប់ លុះព្រឹកឡើង​ទើប​ធ្វើពិធីប្រគល់ជាផ្លូវ​ការទាំង​រថយន្ត និងឈើ​គ្រញូងចំនួន២៧៦​ដុំ ស្មើនឹង​១.០៨៨​ម៉ែត្រ​គូប​នោះ។

លោក​ហេង ហៃ បន្ត​ថា អ្នក​បើក​បរ​រត់គេច​ខ្លួនក៏​ពិតមែន ប៉ុន្តែក្នុងរថយន្តបន្សល់​ទុក​វត្ថុ​តាង​គឺ​​អាវ​ប៉ារ៉ាមានស្លាកឈ្មោះ​សួន សំអឿន ឋាន​ន្តរ​ស័ក្តិ​​អនុ​សេនីយ៍ឯកមិនដឹងអង្គភាពណាទេ ប៉ុន្តែ​ក្នុង​នាម​បណ្ណ័ដាក់ថាក្រុមហ៊ុនដឹកជញ្ជូន​សួន សំអឿន មានគ្រឿងចក្រសំរាប់ជួល​ទទួលដឹក​ដី ថ្ម ក្រួស និង​​ខ្សាច់គ្រប់ប្រភេទដែលមានអាសយ​ដ្ឋាន​ភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន។ លោក​ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុក​ភ្នំក្រវាញ​បាន​ឱ្យ​ដឹង​ថា ឥឡូវនេះ​យើង​កំពុង​ប្រកាសឲ្យឈ្មោះសួន សំអឿន ចូល​ខ្លួន​មក​បង់ការផាកពិន័យដើម្បីយករថយន្តទៅ​វិញ។ បើ​ក្នុងរយៈពេលមួយខែឈ្មោះសួន សំអឿន មិន​ចូល​ខ្លួនមកដោះស្រាយទេ យើង​នឹង​បញ្ជូនសំណុំ​រឿងទៅតុលាការ​ដើម្បី​ចាត់ការតាមនីតិ​វិធី៕