ខេត្តកំពង់ឆ្នាំង ៖ ជាធម្មតាសត្វកណ្ដុរ គឺជាសត្វចង្រៃដែលតែងតែកាត់បំផ្លាញទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ពិសេស គឺដំណាំស្រូវប្រាំង និងវស្សា ប៉ុន្តែសត្វចង្រៃមួយប្រភេទនេះបែជាមានប្រយោជន៍ដល់កសិករនៅក្នុងស្រុកជលគីរី ដោយពួកគាត់ចាប់លក់ក្លាយជាមុខរបរប្រចាំថ្ងៃ បង្កើនចំណូលជីវភាពគ្រួសារទៅវិញ ដែលតាមការប្រមាណក្នុងមួយស្រុកជលគីរីត្រូវបានឈ្មួញទិញសត្វកណ្តុរបានប្រមាណ១តោនក្នុងមួយថ្ងៃ។
កសិករឈ្មោះ លាស់ យ៉ាន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឬស្សីដង្កួច ឃុំជលសារ ស្រុកជលគីរី បាននិយាយដឹងថា ក្រៅពីការងារស្រែចំការ និងនេសាទ ប្រជាកសិករក្នុងស្រុកជលគីរីមួយភាគធំបានឆ្លៀតបង្កើតមុខរបរមួយផ្សេងទៀត គឺចាប់កណ្ដុរនៅពេលយប់ ។ សម្រាប់គាត់បានប្រកបមុខរបរមួយនេះរយៈពេលជាង៣ឆ្នាំហើយ ដោយអាចរកចំណូលបានពី៤ទៅ៥ម៉ឺនរៀល ក្នុង១ថ្ងៃ និងអាចច្រើនជាងនេះនៅពេលទឹកទន្លេឡើងខ្ពស់ ។ ពេលចាប់បាន គឺលក់អោយឈ្មួញដែលដើរទិញតាមផ្ទះដោយកណ្តុររស់ក្នុង១គីឡូក្រាមថ្លៃ១ម៉ឺនរៀល ហើយក្នុងមួយថ្ងៃគាត់ចាប់បានពី៤ទៅ៥គីឡូក្រាម ។ ប៉ុន្តែសម្រាប់អ្នកដែលមានធនធានគ្រាន់ជាងគាត់ទិញអង្គប់ចាប់កណ្តុរច្រើនក៏បានច្រើនជាគាត់ដែរ ។
បុរសរូបនោះបានបន្តថា អ្នកស្រុកព្រៃគ្រីភាគច្រើនណាស់បានបង្កើតមុខរបរចាប់កណ្ដុរដូចគាត់ដែរ ដោយធ្វើអង្គប់ ឬទិញពីផ្សារនូវអង្គប់ចាប់សត្វកណ្តុរយកទាំងរស់ បើងាប់ឈ្មួញមិនទិញទេ ។ សម្រាប់គាត់ គឺគាត់បានទិញអង្គប់ពីគេដែរ ដោយអង្គប់ខ្លះចាប់បានតែកណ្តុរ១ទេ តែអង្គប់ខ្លះទៀតចូលហើយចេញវិញមិនបាន អាចចាប់បាន៤ទៅ៥ក្បាល ។ ការដាក់អង្គប់ចាប់កណ្តុរនៅពេលយប់ដូចយើងដាក់មកចាប់ត្រីដែរ ដោយក្នុង១យប់យើងត្រូវដើរមើល និងដោះកណ្តុរចេញពីអង្គប់យកដាក់ក្នុងទ្រុងជាច្រើនសារ ព្រោះតែអង្គប់ចាប់កណ្តុរភាគច្រើនចូលបានតែ១ទេ ហេតុនេះហើយ ទើបយើងត្រូវដើរមើល និងដោះជាប្រចាំ ។
តាមការប្រមាណអ្នកស្រុកព្រៃគ្រី ចាប់កណ្តុរលក់អោយឈ្មួញក្នុង១យប់អាចពី៨រយទៅ១តោនដែរ ព្រោះអ្នកចាប់កណ្តុរមានច្រើនគ្នាណាស់ ចំណែកឈ្មួញចុះមកទិញច្រើននាក់ដែរ គឺគ្រប់កន្លែងអ្នកដែលរស់នៅតាមដងទន្លេ ។
ដោយឡែកឈ្មួញកណ្ដាលដែលជិះម៉ូតូដាក់ទ្រុងមកទិញកណ្ដុរតាមផ្ទះរបស់ប្រជាពលរដ្ឋក៏បាននិយាយដែរថា ៖ ក្នុងឈ្មួញម្នាក់អាចទិញបានជាង១០០គីឡូក្រាម យកទៅលក់នៅរាជធានីភ្នំពេញ និងឮថា បន្តយកទៅប្រទេសវៀតណាមទៀតដែលតាមការផ្ដល់ព័ត៌មានថា សត្វកណ្តុរទាំងនេះត្រូវបានយកទៅធ្វើម្ហូបដោយគេនិយមចូលចិត្តបរិភោគបំផុត ។
គួរកត់សម្គាល់ថា ៖ មិនមែនអ្នកស្រុកជលគីរីទេ គឺមានស្រុករលាប្អៀរ និងស្រុកកំពង់លែង និងកំពង់ត្រឡាច ដែលមានភូមិសាស្ត្រជាប់ដងទន្លេក៏មានការចាប់កណ្ដុរលក់ដូចគ្នានេះដែរ ដោយឈ្មួញជាអ្នកមកប្រមូលទិញដល់ៗផ្ទះតែម្តង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ