ក្រុងប៉ោយប៉ែត ៖ កាលពីរសៀលថ្ងៃទី២៦ កុម្ភៈ ស្ត្រីឈ្មោះឆន ចាន់ខុម អាយុ៤៩ឆ្នាំ និងបុរសជាប្តីឈ្មោះយឹម យ៉េន អាយុ២៩ឆ្នាំ រស់នៅចំណុចព្រៃព្រិច ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បានមកស្រែកទ្រហោយំចំពោះមុខអ្នកសារព័ត៌មានឱ្យជួយអន្តរាគមន៍ដល់កូនរបស់គាត់ផង ។ ស្ត្រីឈ្មោះឆន ចាន់ខុម ជាម្តាយបានរៀបរាប់ប្រាប់កោះសន្តិភាពថា កូនរបស់គាត់ឈ្មោះរឿន អ៊ីសាប៊េល ភេទស្រី អាយុ២៨ឆ្នាំ បានចេញពីប្រទេសកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីអស់រយៈពេល៧ខែមកហើយ គឺចាប់ពីថ្ងៃទី៨ សីហា ឆ្នាំ២០១០ តាមរយៈក្រុមហ៊ុនអ៊ឹងរិទ្ធីគ្រុប ។
ស្ត្រីជាម្តាយបានបន្តថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១១ កូនស្រីរបស់គាត់ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី នោះបានជួបជនជាតិខ្មែរម្នាក់ជាកម្មករធ្វើការនៅប្រទេសម៉ាឡេស៊ី ដូចគ្នា ហើយបានខ្ចីទូរស័ព្ទដៃទាក់ទងមកលេខទូរស័ព្ទរបស់គាត់ ដោយប្រាប់ឱ្យជួយផង បើមិនជួយទេ ប្រាកដជាស្លាប់នៅស្រុកគេហើយ ។ បន្ទាប់មកទូរស័ព្ទនោះដាច់លែងទំនាក់ទំនងគ្នាបាន។ ស្ត្រីជាម្តាយបានបញ្ជាក់ថា លេខទូរស័ព្ទដែលទាក់ទងចូលមកទូរស័ព្ទរបស់គាត់នោះមានលេខ +៦០១៦៤៨៦៤១២០ ។ ក្រោយពេលទទួលដំណឹងពីកូនស្រីរបស់គាត់ហើយរូបគាត់បានព្យាយាមទូរស័ព្ទទៅក្រុមហ៊ុនអ៊ឹងរិទ្ធីគ្រុប ជាច្រើនលើក ប៉ុន្តែគ្មានអ្នកលើកសោះ ទើបរូបគាត់ទាំងពីរនាក់ប្តីប្រពន្ធបាននាំគ្នាទៅប្តឹងដល់ក្រសួងមហាផ្ទៃឱ្យជួយអន្តរាគមន៍នាំកូនគាត់មកស្រុកវិញ ។
ស្ត្រីជាម្តាយបាននិយាយថា នៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១១ ខាងអង្គការបានហៅរូបគាត់ឱ្យទៅជួបក្រុមហ៊ុនអ៊ឹងរិទ្ធីគ្រុប ប៉ុន្តែខាងក្រុមហ៊ុនមិនបានឱ្យគាត់ជួបកូនស្រីតាមទូរស័ព្ទដោយផ្ទាល់នោះទេ គឺគេបានយកខ្សែអាត់សំឡេងកូនរបស់គាត់មកឱ្យស្តាប់ ។ នៅពេលដែលពួកគាត់ស្តាប់សំឡេងកូននិយាយក្នុងខ្សែអាត់នោះ គឺរូបគាត់សន្និដ្ឋានថា កូនស្ត្រីនិយាយលែងដឹងខុសត្រូវអស់ហើយ ។ បន្ទាប់មកពួកគាត់សំណូមពរដល់ស្ថាប័នមានសមត្ថកិច្ចជំនាញឱ្យជួយអន្តរាគមន៍យកកូនស្រីរបស់គាត់មកស្រុកវិញផង ។ ពេលនេះ ពួកគាត់លែងចង់បានលុយទៀតហើយ ឱ្យតែបានកូនរបស់គាត់វិលត្រឡប់មកស្រុកជួបជុំគ្រួសារវិញ ។ ចំពោះការអង្វរករសុំរបស់អាណាព្យាបាលឱ្យស្ថាប័នមានសមត្ថកិច្ចជួយអន្តរាគមន៍នាំយកកូនស្រីរបស់គាត់វិលត្រឡប់មកស្រុកវិញនោះ រហូតមកដល់ព្រឹកថ្ងៃទី១ មីនា ពុំទាន់មានដំណឹងពីនរណាមួយដែលបានធ្វើឱ្យពួកគាត់ទាំងពីរនាក់ទទួលនូវភាពកក់ក្តៅនៅឡើយទេ ។
លោកស្រីអ៊ឹង ស៊ាងរិទ្ធី អគ្គនាយកក្រុមហ៊ុនអ៊ឹង រិទ្ធីគ្រុប បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី១ មីនា ថា ចំពោះស្ត្រីជាម្តាយឈ្មោះឆន ចាន់ខុម និងបុរសឈ្មោះយឹម យ៉េន រស់នៅក្រុងប៉ោយប៉ែត ដែលបានឱ្យកូនស្រីឈ្មោះរឿន អ៊ីសាប៊េល ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនស្របច្បាប់របស់គាត់ពិតមែន ។ លោកស្រីបន្តថា បន្ទាប់មកទាំង២នាក់ប្តីប្រពន្ធបានប្តឹងក្រុមហ៊ុនរបស់គាត់នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៅក្រសួងមហាផ្ទៃពិតមែន ។ រូបគាត់តំណាងក្រុមហ៊ុនក៏បានជួបជាមួយឪពុកម្តាយស្ត្រីដែលមានឈ្មោះទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រួចហើយដែរ ហើយក៏បានទូរស័ព្ទឱ្យរូបគាត់ជួបគ្នានិយាយសួរសុខទុក្ខជាមួយកូនស្រីរបស់គាត់ដែលធ្វើការនៅក្រៅប្រទេសនោះទៀតផង ដោយកូនស្រីបាននិយាយថា នាងសុខសប្បាយជាធម្មតាទេ ។ ប៉ុន្តែតំណាងបានបញ្ជាក់ទៅម្តាយឪពុកស្ត្រីនោះថា កូនស្រីរបស់ពួកគាត់មិនចេះធ្វើការទើបទាមទារត្រឡប់មកវិញ ។
លោកស្រីអគ្គនាយកក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា បើឪពុកម្តាយនៅតែទទូចសុំឱ្យកូនស្រីរបស់គាត់វិលត្រឡប់មកស្រុកវិញនោះ ដរាបណាមានប្រាក់រត់ការបែបបទច្បាប់ និងថ្លៃយន្តហោះ ម្យ៉ាងទៀតលោកស្រីប្រាប់ថា ដរាបណារកមនុស្សថ្មីទៅផ្លាស់ប្តូរ ទើបអាចវិលត្រឡប់មកបានបើពុំដូច្នោះទេ ខាងក្រុមហ៊ុននៅឯប្រទេសម៉ាឡេស៊ីនោះ នឹងប្តឹងក្រុមហ៊ុនរបស់គាត់ ៕
ចែករំលែកព័តមាននេះ