មី​ស៊ីល ​S-400 ​បន្ដ​បញ្ជូន​មក​តួ​ក​គី​ ទោះ​អា​មេ​រិ​ក​ខឹង


ប្រទេស​តួ​ក​គី ៖ ការ​ផ្ដល់​មី​ស៊ី​ល ​S-400​ របស់​រុ​ស្ស៊ី បាន​បន្ត​ទោះបី​មានការ​ព្រមាន​នានា​របស់​អា​មេ​រិ​ក​ក្ដី​។ ក្រុង​វ៉ា​ស៊ិន​តោន​ភ័យ​ខ្លាច​ថា ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​អាកាស​នោះ​របស់​រុ​ស្ស៊ី​ដល់​ក្រុង​អង់កា​រ៉ា បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ការ​សម្ងាត់​នានា នៃ​បច្ចេកវិទ្យា​យន្តហោះ​បំបាំងកាយ​អា​មេ​រិ​ក​F-35​។

ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​អះអាង​ថា បណ្ដា​ការ​ព្រមាន​របស់​ក្រុង​វ៉ា​ស៊ិន​តោន​មិន​បាន​ផ្លាស់​ប្ដូរ​អ្វី​ឡើយ ដោយ​ការ​ផ្ដល់​បណ្ដា​មី​ស៊ី​ល​S-400 ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១២​កក្កដា​មក នៅ​ប​ន្ថ​នា​ថ្ងៃ​ទី​១៣​កក្កដា​នៅ​ក្រុង​អង់កា​រ៉ា​។ តាម​TWITTER​ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​ថ្លែង​ថា ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​អាកាស​និង​មី​ស៊ីល​រយៈ​ឆ្ងាយ​S-400 បាន​បន្ត​នា​ថ្ងៃ​ទី​១៣​កក្កដា ។ យន្តហោះ​ទី​៤​របស់​រុ​ស្សុ​ី​ដែល​ដឹក​បណ្ដា​ឧបករណ៍​របស់​S-400 បាន​មក​ចុះ​ចត​នៅ​មូលដ្ឋាន​អាកាសចរណ៍​MURTED​ជិត​ក្រុង​អង់កា​រ៉ា​។

ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​អាកាស​ដ៏​ទំនើប​នោះ កំណត់​ពី​ការ​ពង្រីក​ទំនាក់ទំនង​កាន់តែ​ខ្លាំង​រវាង​រុ​ស្ស៊ី និង​តួ​ក​គី ដែល​ហាក់ដូចជា​ចង់​រំំ​កិល​ខ្លួន ឲ្យ​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​ប្លុក​លោក​ខាងលិច ចាប់តាំងពី​រដ្ឋប្រហារ​មិន​សម្រេច​ពី​ខែកក្កដា​ឆ្នាំ​២០១៦​មក ប្រឆាំង​ប្រធានាធិបតី​លោក​រី​ស៊ីប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន​។

តួ​ក​គី​បាន​បដិសេធ​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​១០​កក្កដា ការ​ព្រមាន​របស់​អា​មេ​រិ​ក​ទាក់ទិន​នឹង​ការ​ទទួល​មី​ស៊ីល​ទាំងនោះ​របស់​រុ​ស្ស៊ី ដោយ​អំពាវនាវ​ដល់​ក្រុង​វ៉ា​សិ​ុ​ន​តោន ចៀសវាង​កុំ​ចាត់​បណ្ដា​វិធានការ​ដែល​អាច​បំផ្លាញ​ដល់​ទំនាក់ទំនង​ទ្វេភាគី​។ ប៉ុន្តែ​អា​មេ​រិ​ក​វាយតម្លៃ​ថា ប្រព័ន្ធ​របស់​រុ​ស្ស៊ី​នោះ​ពុំ​ស៊ី​គ្នា​នឹង​បណ្ដា​ប្រព័ន្ធ​របស់​អូតង់​ឡើយ ដោយ​អូតង់​អះអាង​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​។

ចំណែក​សមាជិក​សភា​អា​មេ​រិ​ក​ជា​ច្រើន​រូប ចង់​ឲ្យ​មានទណ្ឌ​កម្ម​នានា​ប្រឆាំង​តួ​ក​គី​។ ក្រុង​វ៉ា​ស៊ិ​ន​តោន​យល់​ថា មាន​គ្រោះថ្នាក់​ដែល​បណ្ដា​ប្រតិបត្តិ​កររ​ស្ស៊ី មក​ជួយ​បណ្ដុះបណ្ដាល​ពួក​យោធា​តួ​ក​គី​ក្នុង​ការ​ប្រើ​មី​ស៊ី​ល​S-400 អាច​ក្នុង​ពេល​ដំណាលគ្នា​ចាប់​បាន​បណ្ដា​ការ​សម្ងាត់​នៃ​បច្ចេកវិទ្យា របស់​យន្តហោះ​បំបាំងកាយ​ថ្មី​អា​មេ​រិ​ក​F-35 ដែល​តួ​ក​គី​ក៏​ចង់​ទិញ​មក​ប្រើ​ដែរ​។ សមាជិក​សភា​អា​មេ​រិ​ក​ច្រើន​រូប​បាន​អំពាវនាវ ឲ្យ​លុប​ចោលការ​ផ្ដល់​បណ្ដា​យន្តហោះ​F-35​ដល់​ក្រុង​អង់កា​រ៉ា ហើយ​ស្នើ​ឲ្យ​មានទណ្ឌ​កម្ម​ប្រឆាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​តួ​ក​គី ដែល​ទាក់ទិន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​រុ​ស្ស៊ី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ