ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​រដ្ឋ​អាមេរិក​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​​លី​ប៊ី

15 ឆ្នាំ មុន

សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​១ មីនា ពី​ការ​បញ្ជូន​កង​នាវា​ចម្បាំង​ទៅ​កាន់​លី​ប៊ី​ ដោយ​វាយ​តម្លៃ​ថា ប្រទេស​នេះ​អាច​ធ្លាក់​ទៅ​ក្នុង​ភាព​ច្របូក​ច្របល់​ប្រសិន​បើ​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ពុំ​ព្រម​បោះ​បង់​ចោល​អំណាច​ទេ​នោះ​។ រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក​ លោក​រ៉ូ​ប៊ែត​ហ្គេត​ថ្លែង​ថា នាវាចម្បាំង​ទំនើប​២​គ្រឿង​នឹង​ទៅ​ដល់​សមុទ្រ​មេ​ឌី​ទែរ៉ា​ណេ​បន្តិច​ទៀត​រួម​ជាមួយ​កង​ទាហាន​ម៉ារីនចំនួន​៤០០​នាក់​ ដែល​អាច​ចូល​រួម​ប្រសិន​បើ​ចាំ​បាច់​ក្នុង​ប្រតិ​បត្តិ​ការ​ជម្លៀស​មនុស្ស​ចេញ​ និង​ជួយ​ទ្រ​ទ្រង់​ខាង​មនុស្ស​ធម៌​។

នៅ​អ៊ីស្មា​លី​យ៉ា​ភាគ​ខាង​ត្បូង​ព្រែក​ជីក​ស៊ុយ​អេ​អ្នក​ទទួល​ខុស​ត្រូវ​អេហ្ស៊ីប​មួយ​រូប​រាយ​ការណ៍​ថា​ នាវា​ចម្បាំង​​ទំនើប​២​គ្រឿង​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក​ គឺ​នាវា​ USS KEASA-GEដែលអាច​​ដឹក​កង​ម៉ារីន​២.០០០​នាក់​ និង​នាវា USS PONCE រួម​នឹង​នាវា​អម​ការ​ពារ​បាន​ឆ្លង​កាត់​​​ព្រែក​ជីក​ស៊ុយ​អេ​នា​ព្រឹក​ថ្ងៃ​ទី​២ មីនា សំដៅ​សមុទ្រ​មេ​ឌី​ទែរ៉ា​ណេ​។ នាវា​ពិឃាត​ USS BARRY បាន​ឆ្លង​កាត់​ព្រែក​ជីក​ស៊ុយ​អេ​រួច​ហើយ​ដោយ​ពេល​នេះ​ស្ថិត​នៅ​និរតី​នៃ​សមុទ្រ​មេ​ឌី​ទែរ៉ា​ណេ​។ ថ្លែង​ទៅ​កាន់​សារ​ព័ត៌​មាន​លោក​ហ្គេត​មាន​ប្រសាសន៍​ថា យើង​គ្រោង​សំរាប់​ការ​ជ្រើស​រើស​ និង​លទ្ធ​ភាព​មួយ​ចំនួន​។ នៅ​ពុំ​ទាន់​មាន​ការ​សំរេច​ចិត្ត​ណា​មួយ​លើ​ការ​ផ្តួច​ផ្តើម​គំនិត​ដទៃៗ​ទៀត​ឡើយ​។ លោក​បន្ត​ថា អ.ស.ប​នៅ​ពុំ​ទាន់​អនុញ្ញាត​ឱ្យ​​ប្រើ​កំលាំង​យោធា​ក្នុង​ប្រទេស​លី​ប៊ី​នៅ​ឡើយ​ និង​ថា​ប្រទេស​ជា​ច្រើន​ក្នុង​អូតង់​ក៏​នៅ​ពុំ​ទាន់​​ឈាន​ទៅ​សំរេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​លើ​​ចំណុច​នេះ​ដែរ​។

ការ​ដាក់​ពង្រាយ​កងនាវា​​ចម្បាំង​ និង​យន្ត​ហោះ​អាមេរិក​នៅ​ក្បែរ​ប្រទេស​លី​ប៊ី​​ត្រូវ​បាន​គេ​បក​ស្រាយ​ថា ជា​ការ​បង្ហាញ​កំលាំង​មួយ​ប៉ុណ្ណោះ​ព្រោះ​ទាំង​សហ​រដ្ឋ​អាមេរិក​ ទាំង​ពួក​សម្ព័ន្ធ​មិត្ត​ក្នុង​អង្គ​ការ​អូ​តង់​ហាក់​ដូច​ជា​ពុំ​ចង់​ឱ្យ​មាន​អន្តរា​គមន៍​​យោធា​ដោយ​ផ្ទាល់​ក្នុង​ប្រទេស​មួយ​ដែល​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រទេស​នេះឥឡូវ​រហូត​ផុត​ពី​ការ​ត្រួត​ត្រា​​របស់​លោក​កា​ដា​ហ្វី​ទៅ​ហើយ​។ ផ្ទុយ​ទៅ​វិញ​ក្រុង​វ៉ា​ស៊ីន​តោន​ និង​សម្ព័ន្ធ​មិត្ត​គ្រោង​បង្កើត​តំបន់​ហាម​មិន​ឱ្យ​មាន​ការ​ហោះ​ហើរ​មួយ​ពី​លើ​ដែន​ដី​លី​ប៊ី ៕