រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅតាមបណ្តាខេត្តមួយចំនូួន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ ត្រូវចុះទៅដល់ទីកន្លែងកើតជំងឺផ្ទាល់ដើម្បីចាត់វិធានការឱ្យទាន់ពេលវេលា ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យតាមបណ្តាញសង្គម នៅថ្ងៃ១២ ខែកក្កដា នៅក្នុងកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំដល់បណ្ដាខេត្ត ដែលមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក សូមចុះពិនិត្យតាមដានដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
សូមជម្រាបថា កាលពីថ្ងៃទី១១ កក្កដា កន្លងមកនេះ លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបានថ្លែងក្នុងសន្នីសិទសារព័ត៌មានថា ជំងឺប៉េស្តជ្រូកជាជំងឺឆ្លងរាតត្បាតធ្ងន់ធ្ងរបង្កដោយវីរុសឆ្លងរាលដា លយ៉ាងឆាប់រហ័ស នៅលើសត្វជ្រូកគ្រប់ប្រភេទតាមរយៈការចម្លងផ្ទាល់រវាងជ្រូក ស្រុក និងជ្រូកស្រុក ជ្រូកស្រុក និងជ្រូកព្រៃ ឬដោយប្រយោល វីរុសអាចរស់នៅបានយូរក្នុងសាច់ជ្រូក ផលិតផលសាច់ជ្រូក។
សូមរំលឹកថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសវៀតណាម កំពុងគំរាមកំហែងដល់ទីផ្សារជ្រូកនៅកម្ពុជា ខណៈមន្ត្រីជំនាញបានអះអា ងថាជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺមិនឆ្លងដល់មនុស្សឡើយ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តរបស់កម្ពុជាចំនួន៥ហើយ មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏កាចសាហាវមួយនេះរួមមាន ៖ ខេត្តរតនគិរី ,ត្បូងឃ្មុំ , ស្វាយរៀង តាកែវនិងកណ្ដាល៕ សម្រួលដោយ៖ ស្រីណា
ចែករំលែកព័តមាននេះ