ខេត្តក្រចេះ៖ ក្រុមមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តក្រចេះបានអះអាងប្រាប់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនបានគំរាមកំហែងការឆ្លងចូលក្នុងខេត្តក្រចេះនោះទេ បើទោះបីជាខេត្តនេះមានព្រំដែនជាប់គ្នានិងប្រទេសវៀតណាមក៏ដោយ។ ប្រធានការិយាល័យបសុព្យាលបាលនៃមន្ទីរកសិកម្មខេត្តក្រចេះ លោក កេស សារឿន បានបញ្ជាក់នៅថ្ងៃទី១២ កក្កដា នេះថា បើទោះបីជាមិនមានការឆ្លងជំងឺជ្រូកក៏ដោយ ក៏សព្វថ្ងៃមន្ត្រីជំនាញ បាននិងកំពុងតែមានវិធានការទប់ស្កាត់នូវប្រភេទជំងឺឆ្លងនេះ។
លោកបន្តថា អាជ្ញាធរខេត្តក្រចេះ មានការរឹតបន្តឹងលើការនាំជ្រូកចូលពីប្រទេសវៀតណាម ។ ជាមួយគ្នានេះ មន្ត្រីជំនាញក៏កំពុងតែមានការទប់ស្កាត់ជាខ្លាំង លើការឆ្លងរីករាលដាលដូចជាការចុះបាញ់ថ្នាំ សម្លាប់មេរោគ នៅគ្រប់ទីសត្វឃាត និងបាញ់ថ្នាំសម្លាប់មេរោគ គ្រប់មធ្យោបាយដឹកជញ្ជូន ជ្រូកនិងផ្សព្វផ្សាយឲ្យពលរដ្ឋម្ចាស់អាជីវកម្មចិញ្ចឹមជ្រូកមានការ យល់ដឹងពីវិធានការទប់ស្កាត់ ប្រភេទជម្ងឺឆ្លងនេះដោយខ្លួនឯង។
បើតាមរបាយការណ៍របស់ពីការិយាល័យបសុព្យាលបាលបានបង្ហាញថា ខេត្តក្រចេះមានទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកធំៗចំនួន៥កន្លែង ក្នុងនោះមានជ្រូកជាង៤ម៉ឺនក្បាល កំពុងតែ ត្រូវបានចិញ្ចឹមក្នុងកសិដ្ឋាន និងចិញ្ចឹមដោយពលរដ្ឋជាលក្ខណះគ្រួសារ។
បើតាមលោក កេស សារឿន បានថ្លែងទៀតថា ស្ថានភាពសុខភាពសត្វទាំងគោ ក្របី និងជ្រូក ដែលពលរដ្ឋកំពុងតែចិញ្ចឹមជាលក្ខណះទ្រង់ទ្រាយតូចនិងធំ សព្វថ្ងៃមិនមានគំរាមគំហែង ដោយជំងឺអ្វីធំជាដុំកំភួននៅឡើយដែរ។ តែយ៉ាងណាមន្ត្រីជំនាញក៏នៅតែបន្តយកចិត្ត ទុកដាក់បង្កាកុំឲ្យមានការឆ្លងរីករាលដាលឡើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ