ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អា​មេ​រិ​ក​ចាប់អារម្មណ៍​លើ​ការ​វិនិ​យោគ​​នៅ​កម្ពុជា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សំខាន់​ៗ​ចំនួន​ពីរ​នៅ​កម្ពុជា តំណាង​ធុរជន​មក​ពី​អា​មេ​រិ​ក​រួម​ទាំង​ក្រុមហ៊ុន Facebook ផង​នោះ ហាក់​បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​លើ​ការ​វិនិ​យោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្ដេជ្ញា​នឹង​បន្ថែម​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ខណៈ​ឆ្នាំ​២០១៨​កន្លង​ទៅ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អា​មេ​រិ​ក​មាន​កំណើន ២៣%…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សំខាន់​ៗ​ចំនួន​ពីរ​នៅ​កម្ពុជា តំណាង​ធុរជន​មក​ពី​អា​មេ​រិ​ក​រួម​ទាំង​ក្រុមហ៊ុន Facebook ផង​នោះ ហាក់​បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​លើ​ការ​វិនិ​យោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្ដេជ្ញា​នឹង​បន្ថែម​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ខណៈ​ឆ្នាំ​២០១៨​កន្លង​ទៅ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អា​មេ​រិ​ក​មាន​កំណើន ២៣% ធៀប​នឹង​ឆ្នាំ​២០១៧ ។

​ជាមួយ​គ្នា​នោះ​ផង​ដែរ គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប​នៃ​ប្រទេស​ទាំង​ពីរ សម្រេច​បាន​ទឹកប្រាក់ ១.៦៥៦​លាន​ដុល្លារ គឺ​បាន​កើនឡើង ២៣,៧១% ធៀប​នឹង​រយៈពេល​ដូច​គ្នា នៅ​ក្នុង​ឆ្នាំ​២០១៨ ។ របាយការណ៍​ដដែល​នេះ បង្ហាញ​ផង​ដែរ​ថា ក្នុង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ភាគ​ច្រើន​គឺជា​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​អា​មេ​រិ​ក​នាំ​ចូល​មក​វិញ​នូវ​ទំហំ​ទឹកប្រាក់​តិចតួច ។

​នៅ​ក្នុង​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក Alexander Feldman តំណាង​​ក្រុមហ៊ុន​ចំនួន​១៥​មក​ពី​អា​មេ​រិ​ក បានអោយ​ដឹង​ថា ខ្លួន​មក​កម្ពុជា​ពេល​នេះ គឺ​ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម ពី​សក្ដានុពល​នៅ​កម្ពុជា ថា​តើ​កម្ពុជា​នៅ​មាន​អ្វី​បន្ថែម​ដើម្បី​អោយ​ខ្លួន​អាច​វិនិយោគ​បាន ។

​Alexander Feldman បាន​មាន​ប្រសាសន៍​ថា «​យើង​មក​លើក​នេះ ដើម្បី​ជួប​ជាមួយ​មន្ត្រី​ធំ​ៗ​កម្ពុជា និង​សិក្សា​ពី​បញ្ហា​ប្រឈម​ទៅ​វិញ​ទៅ​មក​លើ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​តំណាង​ក​ក្រុមហ៊ុន​ដែល​មក​ដល់​កម្ពុជា នា​ពេល​នេះ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ធំ​ៗ និង​អាច​មាន​លទ្ធភាព​បណ្ដាក់ទុន​វិនិយោគ​បាន។

​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ចង់​បានការ​វិនិយោគ​ច្រើន​ថែម​ទៀត​ពី​អា​មេ​រិ​ក ដើម្បី​ជួយ​ធ្វើ ពិពិធ​កម្ម​បង្កើត​ការងារ និង​បង្កើន​តម្លៃបន្ថែម​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។

​លោក​បាន​បញ្ជាក់​ជូន​ធុរជន​អា​មេ​រិ​កថា «​ក្នុង​ពេល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា កំពុង​មានការ​រីក​ចម្រើន​បែប​នេះ ក្នុង​កំណើន​ប្រមាណ​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ កម្ពុជា​ចង់​បានការ​វិនិយោគ​បន្ថែម​កាន់តែ​ច្រើន​ពី​អា​មេ​រិ​ក ដើម្បី​ធ្វើ​ពិពិធ​កម្ម​, បង្កើត​ការងារ និង​បង្កើន​តម្លៃបន្ថែម​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​ដើម្បី​ត​ភ្ជាប់​កម្ពុជា​ទៅ​កាន់​ខ្សែ​សង្វា​ក់​ផលិតកម្ម​នៅ​តំបន់ និង​ពិភពលោក ជា​ពិសេស​ការ​ផ្ទេរ​នូវ​ចំណេះដឹង​, បច្ចេកវិទ្យា​, នា​នុ​វត្ត​ន៍ និង​សហគ្រិនភាព​ជាដើម » ។

​បន្ទាប់​ពី​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​ហើយ​នោះ ធុរជន​អា​មេ​រិ​កមួយ​ក្រុមហ៊ុន​នេះ ក៏​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ។ ក្នុង​ជំនួប​នោះ​ដែរ លោក Alexander Feldman បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​កម្ពុជា និង​មាន​បំណង​បណ្តាក់ទុន​បន្ថែម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ។

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែទម្រង់​នានា ដើម្បី​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ការពារ​អត្ថប្រយោជន៍​ជូន​វិស័យ​ឯកជន ដែល​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា «​ក្នុង​នាម​ជា​អ្នកសម្របសម្រួល ក្រសួងពាណិជ្ជកម្ម ប្តេជ្ញា​ចិត្ត ក្នុង​ការ​បន្ត​លើក​ស្ទួយ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​បរទេស » ។

​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម បានអោយ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ សម្រេច​បាន​ប្រមាណ ៤.២៦៤​លាន​ដុល្លារ គឺ​បាន​កើនឡើង​ប្រមាណ ២៣% ធៀប​នឹង​ឆ្នាំ​២០១៧ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ