រាជធានីភ្នំពេញ ៖ ព្រះតេជគុណ និងជាអតីតតារាកន្លែងនាយ តាក់ស៊ី បានចេញមុខធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីទទួលការរិះគន់ពីមហាជន ក្រោយព្រះអង្គបានចេញមុខទេសនាជាលើកដំបូងក្នុងនាមជាព្រះសង្ឃ។
បើទោះបីជាការចេញមុខទេសនាជាលើកដំបូង បានទទួលការចាប់អារម្មណ៍ និងបានធ្វើឲ្យមានការសើចក្អាកក្អាយពីញាតិញ៉ោមក៏ដោយ ប៉ុន្តែព្រះតេជគុណ តាក់ស៊ី បែរជាទទួលបានការរិះគន់ពីមហាជនមួយចំនួន។
បើយោងតាមរយៈវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃម្សិល ព្រះតេជគុណ តាក់ស៊ី បានមានព្រះបន្ទូលថា អ្វីដែលមហាជនបានឃើញនូវវីដែអូដែលព្រះអង្គបានទេសនានោះ គឺមិនមែនជាចេតនាទាំងស្រុងរបស់ព្រះអង្គនោះឡើយ។ ប៉ុន្តែពេលនោះ គឺមានការសំណូមពរពីញាតិញ៉ោម ក៏ដូចជា ព្រះចៅអធិការ ដើម្បីឲ្យព្រះអង្គឡើងសំណេះសំណាលលេងជាមួយញាតិញោម ដោយមិនមែនជាការទេសនានោះឡើយ។
ព្រះតេជគុណមានបន្ទូលបញ្ជាក់ថា ក្នុងការឡើងនិយាយនោះ អាត្មាហាក់មិនមានពាក្យអ្វីដែលត្រូវថ្លែង មានតែពាក្យសម្តីនិយាយលេងឲ្យបានសើចចែកជូនញាតិញ៉ោម ក្នុងនោះអាត្មាក៏បានបញ្ចូលនូវធម៌វិន័យផងដែរ។
យ៉ាងណាក៏ដោយ ព្រះតេជគុណបានសូមទោសដល់ញាតិញ៉ោមទាំងអស់នូវកំហុសខុសឆ្គងទាំងឡាយ និងសូមទទួលយកការរិះគន់ទាំងអស់ ដើម្បីមកកែប្រែ ខណៈពេលដែលព្រះអង្គពុំមានចេតនាណាបំផ្លាញដល់ព្រះពុទ្ធសាសនានោះឡើយ។
ព្រះតេជគុណតាក់ស៊ី ក៏បានស្នើសុំឲ្យម្ចាស់គណនេយ្យហ្វេសប៊ុកដែលបានសរសេរលិខិតចំហរមកដល់ព្រះអង្គនោះ សូមកុំមានការយល់ច្រឡំ ព្រះអង្គមកបួសនេះ គឺមានសទ្ធាជ្រះថ្លា ដោយមិនចង់បានភាពល្បីល្បាញអ្វីទៀត ដូចកាលពីពេលលេងកំប្លែងនោះឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ