ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​សួន​អាពាហ៍​ពិពាហ៍​​សម្រាប់​​កូន​កំលោះ​​​កូន​ក្រមុំ​ដាំ​កូន​ឈើ​ក្នុង​ថ្ងៃ​រៀប​ការ

13 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អនុវត្ដ​ទៅ​តាម​មាត្រា​នៃ​ច្បាប់​​ស្ដី​ពី​ព្រៃឈើ និង​ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ចិត្ដ​ស្រលាញ់ ថែរក្សា​ការពារ​ព្រៃឈើ​ទាំង​អស់​គ្នា អាជ្ញាធរ​ខេត្ត​ រៀបចំ​ដោយ​ខណ្ឌ និង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ ដោយ​មានការ​ចូល​រួម​សហការ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ បង្កើត​ជា​សួន​អា​ពាហ៍​ពិ​ពា​ហ៍​សម្រាប់​គូស្រករ​កូន​កំលោះ​កូន​ក្រមុំ​ដាំ​កូន​ឈើ​ព្រៃ​ទុកជា​អនុ​ស្សារី​យ៍​ក្នុង​ថ្ងៃ​រៀប​​ការ

ខេត្តក្រចេះ ៖ អនុវត្ដ​ទៅ​តាម​មាត្រា​នៃ​ច្បាប់​​ស្ដី​ពី​ព្រៃឈើ និង​ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ចិត្ដ​ស្រលាញ់ ថែរក្សា​ការពារ​ព្រៃឈើ​ទាំង​អស់​គ្នា អាជ្ញាធរ​ខេត្ត​ រៀបចំ​ដោយ​ខណ្ឌ និង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ ដោយ​មានការ​ចូល​រួម​សហការ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ បង្កើត​ជា​សួន​អា​ពាហ៍​ពិ​ពា​ហ៍​សម្រាប់​គូស្រករ​កូន​កំលោះ​កូន​ក្រមុំ​ដាំ​កូន​ឈើ​ព្រៃ​ទុកជា​អនុ​ស្សារី​យ៍​ក្នុង​ថ្ងៃ​រៀប​​ការ​។

ការ​បង្កើត​​សួន​អា​ពាហ៍​​ពិ​ពា​ហ៍​សម្រាប់​គូ​ស្រករ​​កូនកំលោះ​កូនក្រមុំ​ដាំ​កូន​ឈើ​​ព្រៃ​គ្រប់​ប្រភេទ​ទុកជា​អនុ​ស្សារី​យ៍​ក្នុង​ថ្ងៃ​រៀប​ការ​នេះ ត្រូវ​​​បាន​​គេ​ចាត់​ទុក​ថា ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ដក្រចេះ ដែល​ទ​ង្វើ​​​នេះ​ធ្វើ​ឱ្យ​មហាជន​មានការ​គាំ​ទ្រ​​យ៉ាង​ពេញ​ទំហឹង​ថា បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​កូនកំលោះ​កូ​ម​ក្រមុំ​ចូលរួម​ដាំ​កូន​ឈើ​ព្រៃ​ជា​សក្ខី​ភាព​នៃ​ការ​ចូលរួម​ថែរក្សា​ព្រៃឈើ និង​ទុកជា​អនុ​ស្សារី​យ៍​សម្រាប់​កូន​ៗ​របស់​ពួក​គេ​ឱ្យ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​។

ជាង​នេះ​ទៅ​ទៀត​ អ្វី​ដែល​គួរ​ឱ្យ​ភ្ញា​ក់​ផ្អើល​ទៀត​​នោះ កាលពីរ​សៀល​ថ្ងៃ​ទី​៧ មេ​សា មាន​កូន​កំលោះ​កូនក្រមុំ​មួយគូ​ដែល​បាន​រៀប​អា​ពា​ហ៍​ពិពា​ហ៍​នៅ​ស្រុក​ចិត្រ​បុរី ខេត្ដក្រចេះ​ បាន​សម្រេច​នាំ​គ្នា​ទៅ​ដាំ​កូន​ឈើទាល​ពីរ​ដើម​ដែល​បាន​ពី​លោក​ព្រាប សុធា​រ៉ា នាយ​ផ្នែក​​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ​។

នៅ​ក្នុង​ពិធី​ដាំ​កូន​ឈើ​ព្រៃ​ពី​សំណាក់​កូន​កំលោះ​​កូន​ក្រមុំ​ទាំង​ពីរ​ក្នុង​ថ្ងៃ​រៀប​អា​ពា​ហ៍​​ពិពាហ៍​នៅ​ល្ងាច​នោះ ​ក៏​មានការ​អញ្ជើញ​ចូលរួម​​លើកទឹកចិត្ដ​ពី​សំណាក់​លោក​សួន ញ៉ាក អភិ​បាល​ស្រុក​ចិត្រ​បុរី លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ លោក​ព្រាប សុធា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ រួម​ទាំង​មន្ដ្រី​រដ្ឋបាល​ព្រៃ​ឈើ​ក្រោម​ឱវាទ ​លោក​មេឃុំ ​​និង​មេ​ភូមិ​ជា​ច្រើន​រូប​ទៀត​។

លោក​ព្រាប សុធា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ​បាន​ថ្លែង​ថា តប​ទៅ​តាម​មាត្រា​៦០​នៃ​ច្បាប់​ស្ដី​ពី​ព្រៃឈើ​ដែល​បាន​ចែង​ថា ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ភេទ​ដែល​ជា​គូ​ស្រករ​ថ្មី ត្រូវ​បាន​​លើកទឹកចិត្ដ​ដាំ​ដើមឈើ​ពីរ​ដើម​ក្រោម​កិច្ច​សម្របសម្រួល​និង​ផ្ដល់​កូន​ឈើ​ដោយ​មន្ដ្រី​រដ្ឋ​បាល​ព្រៃឈើ​មាន​សមត្ថកិច្ច និង​អនុវត្ដ​ទៅ​តាម​អនុ​សាសន៍​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង​លោកប្រតិភូ​រាជ​រដ្ឋាភិ​បាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​​ព្រៃឈើ​ ខណ្ឌ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​​បង្កើត​ជា​សួន​អនុ​ស្សារី​យ៍​ក្នុង​បរិវេណ​សួន​អា​ពាហ៍​​ពិ​ពា​ហ៍​លើ​ផ្ទៃដី​៦​ហិ​កតា ដែល​មា​នទី​តាំងនៅ​ក្នុង​បរិវេណ​ដី​សម្បទាន​សង្គមកិច្ច​ ស្ថិត​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ (​អាស៊ាន​)​។

លោកនាយ​ផ្នែក​បាន​ថ្លែង​បន្ដ​ថា ការ​បង្កើត​ជា​សួន​អា​ពាហ៍​ពិ​ពា​ហ៍​សម្រាប់​ឱ្យ​កូនកំលោះ​កូន​ក្រមុំ​ចូលរួម​ដាំ​កូន​ឈើ​ទុកជា​អនុស្សា​រី​យ៍​នេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​ចូលរួម​ស្រលាញ់ និង​ថែរក្សា​នូវ​ដើមឈើ​ព្រៃ​ទាំងអស់​គ្នា និង​សម្រាប់​បង្ហាញ​ជូន​កូនចៅ​ឱ្យ​បានឃើញពី​​ការ​ចូលរួម​លើ​វិស័យ​អភិ​រក្ស ថែរក្សា​ព្រៃឈើ​របស់​ឪពុក​ម្ដាយ​ពួ​ក​គេ​។ លោកនាយ​ផ្នែក​បាន​បញ្ជាក់​ថា ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​បង្កើត​ជា​ថ្នាល​បណ្ដុះ​កូន​ឈើ​ព្រៃ​គ្រប់​ប្រភេទ​មាន​ចំនួន​រាប់​ម៉ឺន​កូន​ទុក​សម្រាប់​តម្រូវ​ការ​របស់​កូន​កំលោះ​កូនក្រមុំ​ផ្សេង​ទៀត ដែល​ចង់​ចូលរួម​ដាំ​កូន​ឈើ​ព្រៃ​នៅ​ក្នុង​សួន​អា​ពា​ហ៍​ពិ​ពា​ហ៍​នេះ​៕