រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែកក្កដានេះ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោកប្រាក់ ។
សេចក្តីរាយការណ៍បន្ត ជនសង្ស័យឈ្មោះ ជួង សេត អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៦ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
គួបញ្ជាក់ថា ជនសង្ស័យម្នាក់នេះត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីសហការណ៍ជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែកក្កដា ក្នុងឯកសណ្ឋានអាវយឺត អ.ហ ពណ៌ខ្មៅ ខោពណ៌ត្រេអ៊ី អាយឌី១គ្រឿង និងកាំភ្លើងខ្លីជ័រ១ដើម ពណ៌ខ្មៅ ដាក់ក្នុងស្រោម កំពុងធ្វើដំណើរនៅចំណុចមុខស្តាតចាស់ សង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យរូបនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ៤នាក់ ដោយបានចោទប្រកាន់ដូចៗគ្នាពាក់ព័ន្ធលើករណីឆបោកប្រាក់ ក្រោមរូបភាពជ្រើសរើសមនុស្សឲ្យចូលក្របខណ្ឌកងរាជអាវុធហត្ថ ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាពកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងជំនាញឲ្យស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជាបន្ទាន់ ដើម្បីនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់ទើបឈានដល់ការឃាត់ខ្លួនសង្ស័យរូបនោះ ។
ដើមចមក្នុងបណ្តឹងបណ្តាលឲ្យឃាត់ខ្លួនជនសង្ស័យបានបញ្ជាក់ថា ឈ្មោះ ជួង សេត បានតាំងខ្លួនធ្វើជាសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជាកូនចៅលោកឧត្តមសេនីឯក រ័ត្ន ស្រ៊ាង ដើរឆបោកយកប្រាក់ពីជនរងគ្រោះចំនួន៤នាក់ថា រត់ការឲ្យចូលក្របខណ្ឌអាវុធហត្ថដែលក្នុងម្នាក់តម្រូវឲ្យបង់ចាប់ពី៤០០០ទៅ៥០០០ដុល្លារអាមេរិក ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា គេមិនមែនជាមន្ត្រីកងរាជអាវុធហត្ថទេ ប៉ុន្តែដោយសារគេត្រូវការប្រាក់ចាយវាយប្រចាំថ្ងៃទើបបានស្លៀកពាក់ក្លែងបន្លំធ្វើជាមន្ត្រីអាវុធហត្ថដើម្បីឆបោកអ្នកដទៃនោះ ។ ចម្លើយសារភាពបន្តថា ដំបូងគេបានទៅកុហក់ឈ្មោះ ឈន ឌី ថា រូបគេជាមន្ត្រីកងរាជអាវុធហត្ថក្រុង កូនចៅលោកឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង ទើបឈ្មោះ ឈន ឌី បានប្រាប់វិញថា គេចង់ចូលធ្វើជាមន្ត្រីអាវុធហត្ថ ដូច្នោះសុំឲ្យខ្លួន (ជួង សេត) ជួយរត់ការ ដើម្បីបានចូលក្របខណ្ឌអាវុធហត្ថផង ហើយក្នុងនោះក៏មានមិត្តភក្តិចំនួន៣នាក់ទៀត១-ឈ្មោះ ជា ទូ ២-ឈ្មោះ សន សិទ្ធ និង៣-ឈ្មោះ សេង រំដោះ ក៏ចង់ចូលដែរ ។
ក្រោយពេលពិភាក្សារួចហើយ ជនសង្ស័យក៏បានណាត់ជនរងគ្រោះទាំង៤នាក់ ដែលរូបគេបានស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីអាវុធហត្ថ និងបានបញ្ចុះបញ្ជូលជនរងគ្រោះឲ្យបង់ប្រាក់ម្នាក់៤០០០ដុល្លារ ដើម្បីយកទៅរត់ការឲ្យបានឈ្មោះចូលក្របខ័ណ្ឌ ។ មិនតែប៉ុណ្តោះ ក្រោយមកជនសង្ស័យនៅទារប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់ថែមទៀត សរុបដល់ចំនួន១៧៦០០ ដុល្លារអាមេរិក ។ នៅពេលប្រាក់១៧៦០០ ដុល្លារអាមេរិកបានរហូតពីដៃអស់ហើយ ជនរងគ្រោះម្នាក់ៗមានការសង្ស័យលើឈ្មោះ ជួង សេត ដោយមិនបានឃើញមានសកម្មភាពអ្វីសោះទើបបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយស្រាវជ្រាវលើករណីនេះរហូតឈានដល់ធ្វើការឃាត់ខ្លួនជនឆបោករូបនោះប្រគល់ជូនតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តងទៅ ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ