ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ៖ កាត់​បន្ថយ​បន្ទុក​មុខ​វិជ្ជា​ប្រឡង និង​ការ​ខ្វល់ខ្វាយ​របស់​បេក្ខជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ការ​កាត់​បន្ថយ​មុខ​វិជ្ជា​ប្រឡង​សញ្ញា​បាត់​បាក់​ឌុ​ប គឺ​ដើម្បី​កាត់​បន្ថយ​បន្ទុក និង​ការ​ខ្វល់ខ្វាយ​របស់​បេក្ខជន​ក្នុង​ការ​ប្រឡង​ម្តង​ៗ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ការ​កាត់​បន្ថយ​មុខ​វិជ្ជា​ប្រឡង​សញ្ញា​បាត់​បាក់​ឌុ​ប គឺ​ដើម្បី​កាត់​បន្ថយ​បន្ទុក និង​ការ​ខ្វល់ខ្វាយ​របស់​បេក្ខជន​ក្នុង​ការ​ប្រឡង​ម្តង​ៗ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ ។

លោក​បណ្ឌិត រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​កោះសន្តិភាព​ដឹង នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩​ថា ការ​កាត់មុខ​វិជ្ជា​ប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) ពី​ចំនួន​១០​មុខ​វិជ្ជា មក​ចំនួន​៧ ក្រសួង​បាន​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០១៤ នៅ​ពេល​ក្រសួង​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ប្រឡង​មក​ម្ល៉េះ ។ លោក​បាន​បញ្ជាក់​ថា «​ការ​កាត់​បន្ថយ​ចំនួន​មុខ​វិជ្ជា​ប្រឡង​ក្នុង​គោលបំណង​បន្ថយ​បន្ទុក និង​ការ​ខ្វល់ខ្វាយ​របស់​បេក្ខជន​ពី​ការ​ប្រឡង​រយៈពេល​២​ថ្ងៃ​កន្លះ​មក​នៅ​ត្រឹម​រយៈពេល​២​ថ្ងៃ និង​ពី​១០​មុខ​វិជ្ជា មក​នៅ​ត្រឹម​៧​មុខ​វិជ្ជា ។ ចំណុច​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​សិក្សា​ទេ ដោយ​សិស្ស​ទាំងអស់​បាន​ពង្រឹងសមត្ថភាព តាម​រយៈ​ការ​ប្រឡង​ឆមាស​នូវ​គ្រប់មុខ​វិជ្ជា​រួច​ហើយ​» ។ លោក​បន្ត​ថា ការ​ប្រឡង​នេះ គឺជា​ការ​វិនិច្ឆ័យ​លើ​កម្រិត​សមត្ថភាព ចំណេះដឹង​របស់​បេក្ខជន​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​យុត្តិធម៌​តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ។

ចំពោះ​ការ​កាត់មុខ​វិទ្យា​ប្រឡង​បាក់​ឌុ​ប​នេះ​ត្រូវ​បាន​លោក​នៅ​ចាន់ មុន្នី ជា​គ្រូបង្រៀន មុខ​វិជ្ជា គីមីវិទ្យា នៅ​វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ខេត្តកំពង់ឆ្នាំង​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា លោក​ចង់ឱ្យ​មានការ​ប្រឡង​១០​មុខ​វិជ្ជា​ដូច​មុន ។ បើ​មិន​ដូច្នោះ​ទេ​សិស្ស​ត្រូវ​បោះបង់​ការ​រៀន​មុខ​វិជ្ជា​ខ្លះ ។ លោក មុន្នី ថា ៖ «​អ៊ីចឹង​ឧទាហរណ៍​ថ្នាក់​វិទ្យាសាស្ត្រ អ៊ីចឹង​មុខ​វិជ្ជា ភូមិ មុខ​វិជ្ជា ផែនដី មុខ វិជ្ជា​សីលធម៌​គេ​អត់​ប្រឡង ។ អ៊ីចឹង​សិស្ស​វា​អត់​រៀន​ហ្មង​ម៉ោង​ហ្នឹង ។ វា​គិត​អ៊ីចឹង ។ ទី​២ ដូច​ជា មុខ​វិជ្ជា​សង្គម​អ៊ីចឹង វា​អត់​ប្រឡង​គីមី​អត់​ប្រឡង​រូបវិទ្យា​អត់​ប្រឡង​ជីវៈ អ៊ីចឹង ។ អ៊ីចឹង​វា គិត​ថា មិនដឹង​វា​រៀន​ធ្វើ​អី​ផង​មុខ​វិជ្ជា​ហ្នឹង ។ អ៊ីចឹង​ដល់​ម៉ោង​វា​អត់​សូវ​ចង់​រៀន ។ ទៅ​ផ្ទះ​វិញ​វា​អត់​សូវ​មើល​អត់​សូវ​អី អ៊ីចឹង​ហើយ​ការ​រៀន​របស់​សិស្ស​ខ្សោយ​» ។

សូម​ជម្រាប​ថា សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប និង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា​ខាង​មុខ​នេះ ត្រូវ​បាន​ក្រសួង​បែងចែក​ជា​ពីរ​ផ្នែក គឺ​ផ្នែក​វិទ្យាសាស្ត្រ និង​វិទ្យា សាស្ត្រ​សង្គម ។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មានមុខ​វិជ្ជា ៖ ផែនដី និង​បរិស្ថានវិទ្យា , ប្រវត្តិវិទ្យា , ភូមិវិទ្យា , ភាសាបរទេស , គណិត​វិទ្យា​, សីលធម៌ ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ ។ ផ្នែក​វិទ្យាសាស្ត្រ មានមុខ​វិជ្ជា ៖ ប្រវត្តិវិទ្យា ,​ជីវវិទ្យា ,​គីមីវិទ្យា , ភាសាបរទេស ,​អក្សរសាស្ត្រ​ខ្មែរ ,​រូបវិទ្យា និង​គណិត​វិទ្យា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ