ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​គយ​អន្តរជាតិ និង​ត្រួតពិនិត្យ​ឡើង​វិញ​ជា​ស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​គយ​ពិភពលោក លើក​ទី​១៣៣/១៣៤…

គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​គយ​ពិភពលោក លើក​ទី​១៣៣/១៣៤ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លេខាធិការដ្ឋាន​កណ្តាល​អង្គការ​គយ​ពិភពលោក នាទី​ក្រុង ប្រ៊ុ​ច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ិ​ក ។

សន្និបាត​នេះ ដឹកនាំ​ដោយ លោក Enrique Canon ប្រធាន​ក្រុមប្រឹក្សា (​អ៊ុយ​រ៉ា​ហ្គា​យ​) ដោយ​មានការ​ចូលរួម​ពី​អគ្គនាយក​គយ​និង​គណៈប្រតិភូ នៃ​ប្រទេស​ជា​សមាជិក​ចំនួន​១៨៣, តំណាង​វិស័យ​ឯកជន​, និង​អ្នក​សង្កេតការណ៍​អន្តរជាតិ​សំខាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

អង្គការ​គយ​ពិភពលោក​បាន​កំណត់​យក​ប្រធានបទ “​ព្រំដែន​វៃឆ្លាត​សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​ធ្វើ ដំណើរ និង​ការ​ដឹក​ជញ្ជូន​”​ជា​ប្រធានបទ​របស់​WCO សម្រាប់​ឆ្នាំ​២០១៩​។ លោក​អគ្គលេខាធិការ Kunio Mikuriya ក៏​បាន​គូសបញ្ជាក់​ពី​យុទ្ធសាស្ត្រ និង​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ របស់​អង្គការ​គយ​ពិភព​លោក ដោយ​រួម​មាន​ដូច​ជា​៖ សន្តិសុខ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​, ការ​វាស់វែង​លទ្ធផល​, ស្វ័យប្រវត្តិកម្ម​នីតិវិធី​គយ​និង​សហប្រតិបត្តិការ​គយ​, ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​, ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​, និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​នីតិវិធី​គយ និង ប្រតិបត្តិការ​គយ ជា​ពិសេស​ការ​ប្រើប្រាស់​ទិន្នន័យ​ធំ (Big Data) ប្រមូល​ទិន្នន័យ វិភាគ​ទិន្នន័យ និង​ការ​ចែករំលែក​ផ្លាស់​ប្តូរ​ទិន្នន័យ​។

អង្គសន្និបាត​បាន​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០១៨/២០១៩ និង​បាន​លើក​ឡើង​នូវ​ផែនការ​សកម្មភាព​ឆ្នាំ​២០១៩/២០២០ ព្រមទាំង​ការ​បង្កើត​យន្តការ​វាយតម្លៃ​ការ​អនុវត្ត​តាម​រយៈ​ការ​កំណត់​សូចនាករ​វាស់​ស្ទង់​សម្រាប់​ការងារ​នីមួយ​ៗ​។ ប្រធានបទ​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន​៖

១. ឧត្តមភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច (Economic Competitiveness)
២. អនុលោម​ភាព​និង​ការ​អនុវត្ត​ច្បាប់
៣.​ការ​វិភាគ​ទិន្នន័យ​និង អភិបាលកិច្ច
៤. ការ​ពិនិត្យ​ឡើង​វិញ​នូវ​អនុសញ្ញា​ក្យូ​តូ​ដែល​បាន​កែ​សម្រួល (Revised Kyoto Convention) និង​ការ គ្រប់គ្រង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (E-commerce)
៥.​ការ​បណ្តុះបណ្តាល ធនធានមនុស្ស និង​៦.​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ឆ្នាំ​២០១៩/២០២២​។

ទន្ទឹម​នេះ អង្គសន្និបាត​ក៏​បាន​សា្ត​ប់​របាយការណ៍ និង​ពិភាក្សា​លើ​ការងារ​បច្ចេកទេស​គយ ដូច​ជា វិធាន​ដើម​កំណើត​ទំនិញ ការ​កំណត់​តម្លៃ​គិត​ពន្ធគយ និង​ការ​កែសម្រួល ប្រព័ន្ធ​ចំណាត់ថ្នាក់​ទំនិញ​សម្រាប់ ឆ្នាំ​២០២២ អនុលោម​ភាព​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការ​កសាង​សមត្ថភាព​។

អង្គសន្និបាត​ក៏​បាន​អនុម័ត សេចក្តីណែនាំ​រួម​គ្នា​រវាង​អង្គការ​គយ​ពិភពលោក​និង​សហភាព​ប្រៃសណីយ៍​សកល (Joint UPU-WCO Guidelines) ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ជា​មុន​រវាង​ស្ថាប័ន​គយ និង​ប្រៃសណីយ៍​។ ជាមួយ​គ្នា​នេះ​ដែរ អង្គសន្និបាត​ក៏​បាន​បោះ​ឆ្នោត​ជា​សម្ងាត់ ដើម្បី​ជ្រើសរើស​តំណែង​ប្រធាន​ក្រុមប្រឹក្សា​, តំណែង​ប្រធាន​នាយកដ្ឋាន អនុលោម​ភាព​និង​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​,​និង​តំណែង​ប្រធាន​នាយកដ្ឋាន​កសាង​សមត្ថភាព​។

លោក​អគ្គលេខាធិការ​បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​គយ​ពង្រឹង​តួនាទី​និង​ភាព​ជា​អង្គភាព​ដឹកនាំ​របស់​គយ​ក្នុង​ការ​គ្រប់គ្រង​ព្រំដែន ជា​ពិសេស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា ដើម្បី​ដើម្បី​ដោះស្រាយ​ប​ញ្ហ​ប្រឈម​ថ្មី​ៗ​រួម​មាន​៖ ការ​ប្រយុទ្ធ​ប្រឆាំង​អង្គការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​, វិបត្តិ​នៃ​ពហុភាគី​និយម (Multilateralism), ការ​លាង​សម្អាត​ប្រាក់​,​បច្ចេកវិទ្យា​និង​ភ័ស្តុភារ ជា​ពិសេស​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​និង​ប្រតិបត្តិការ​ឌី​ជី​ថ​ល​ឆ្លងកាត់​ព្រំដែន ។

គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ក៏​បាន​ឆ្លៀតឱកាស​ប្រជុំ​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ដឹកនាំ​ដោយ​លោក Janos NAGY អ្នក​សេដ្ឋកិច្ច​ជាន់ខ្ពស់ ដើម្បី​ពិភាក្សា​អំពី​ជំនួយ បច្ចេកទេស​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​អនុលោម​ភាព​និង​អនុវត្ត​ច្បាប់​, យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន​, និង​ការ​អនុវត្ត កិច្ចព្រមព្រៀង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​រដ្ឋបាល​គយ Belarus ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​បាន​ឯកភាព​គ្នា​ចាប់ផ្ដើម​រៀបចំសេចក្ដី​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​គយ ។

ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម​បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​ជាស​កល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៥ ខែកក្កដា ២០១៩​។ កិច្ចប្រជុំ​នេះ បាន​ផ្តោត​លើ​ប្រធានបទ​គន្លឹះ​មួយ​ចំនួន​ដូច​ជា​៖ ចាប់​ឱកាស​ពិពិធ​កម្ម​សេដ្ឋកិច្ច​, ជំនួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល បង្កើន​វិនិ​យោគ​និង​ការងារ និង​កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​រ​,​បង្កើត​តម្លៃបន្ថែម​នៅ​កន្លែង​សម្រាប់​វិស័យ​ទេសចរណ៍​ដែល​ជា​មូលដ្ឋាន​សម្រាប់​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​,​និង​ឱកាស​និង​បញ្ហា​ប្រឈម​នៃ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ជាដើម ។

គួរ​បញ្ជាក់​ថា​តប​តាម​ការ​អញ្ជើញ​របស់ លោក រ៉ូ​បឺ​តូ អា​ហ្សេ​វេ​ដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ចូលរួម​កិច្ចប្រជុំ និង​ត្រូវ​បាន​ផ្តល់​កិត្តិយស​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​ជាស​កល​លើក​ទី​៧​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ