ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​ទាំង​ប្រាំ​របស់​កំពូល​មហា​ស​ដ្ឋី Jack Ma អាច​ជួយ​ឲ្យ​អ្នក​សម្រេច​ក្តី​សុបិន

4 ឆ្នាំ មុន

លោក Jack Ma ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba ជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ប្រមាណ​៣៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ លោក​បាន​ចែករំលែក​ពី​ទស្សនៈ​មួយ​ចំនួន​ទាក់ទិន​នឹង​បទ​ពិសោធន៍​ជា​សហគ្រិន​របស់​លោក ហើយ​ខាងក្រោម​នេះ…

លោក Jack Ma ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba ជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ប្រមាណ​៣៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ លោក​បាន​ចែករំលែក​ពី​ទស្សនៈ​មួយ​ចំនួន​ទាក់ទិន​នឹង​បទ​ពិសោធន៍​ជា​សហគ្រិន​របស់​លោក ហើយ​ខាងក្រោម​នេះ គឺជា​ដំបូន្មាន​សំខាន់​ៗ​ដែល​អ្នក​គួរតែ​ស្តាប់​តាម ប្រសិនបើ​អ្នក​ចង់​សម្រេច​ក្តី​សុបិន ៖

១. នៅ​ជិត​មនុស្ស​ដែល​ជឿជាក់​អ្នក ប្រសិនបើ​អ្នកមាន​ក្តី​សុបិន​ធំ

អ្នក​មិន​ខុស​ទេ ប្រសិនបើ​អ្នកមាន​ក្តី​សុបិន​ធំ ឬ​មហិច្ឆតា​ខ្ពស់ ។ លោក Jack Ma បាន​ប្រាប់​មក​ថា ឲ្យ​តែ​អ្នក​ជឿជាក់​លើ​ខ្លួនឯង និង​លើ​អ្វី​ដែល​អ្នក​ធ្វើ​នោះ អ្នក​នឹង​អាច​ស្វែងរក​មនុស្ស​ដែល​គាំទ្រ​អ្នក​បាន​ហើយ ។ លោក​បាន​បន្ត​ទៀត​ថា ប្រសិនបើ​អ្នក​រកបាន​មនុស្ស​ដែល​ជួយ​អ្នក​នោះ​អ្នក​សំណាង​ហើយ និង​គួរតែ​សប្បាយចិត្ត ប៉ុន្តែ​ប្រសិនបើ​មនុស្ស​មិន​ជួយ​អ្នក​ទេ អ្នក​មិន​គួរ​បាក់ទឹកចិត្ត​ឡើយ ព្រោះ​វា​ជា​រឿង​ធម្មតា​មួយ ។

២. ការ​ធ្វើការ​ជាមួយ​មនុស្ស គឺ​ពិតជា​សំខាន់​ក្នុង​ការ​សម្រេច​ក្តី​សុបិន

លោក​បាន​ចែករំលែក​ថា «​មិន​ថា អ្នក​ឆ្លាត​វាងវៃ​ប៉ុណ្ណា​ឡើយ ប្រសិនបើ​អ្នក​មិន​ចេះ​ធ្វើការ​ជាមួយ​មនុស្ស​ទេ​នោះ ក្តី​សុបិន​របស់​អ្នក​បាន​ត្រឹមតែ​ជា​ក្តី​សុបិន​ប៉ុណ្ណោះ​។ »
ប្រសិនបើ​អ្នក​ចង់​ជោគជ័យ លោក​ផ្តល់​យោបល់​ឲ្យ​អ្នក​ត្រូវ​ចេះ​ធ្វើការ​ជាមួយនឹង​មនុស្ស ហើយ​អ្នក​ត្រូវ​ចង​ចាំ​ថា អ្នក​ដែល​ឆ្លាត​វាងវៃ​មិនមែន​ជា​មនុស្ស​ដែល​មិន​ចេញ​ខុសឆ្គង​ទេ ។

៣. អ្នក គឺជា​អ្នក

នៅ​លើ​ពិភពលោក​នេះ​មាន​មនុស្ស​ប្រមាណ​៧​ប៊ី​លាន​នាក់ ប៉ុន្តែ​មាន​មនុស្ស​ដូច​អ្នក​តែ​ម្នាក់​ប៉ុណ្ណោះ ។ អ្នក គឺជា​អ្នក ដូច្នេះ​អ្នក​មិន​ចាំបាច់​ព្យាយាម​ធ្វើ​ឲ្យ​ដូច​មនុស្ស​ដទៃ​ទេ ។ ព្យាយាម​ធ្វើ​ខុស​ពី​គេ ដើម្បី​លេចធ្លោ​ជាងគេ​វិញ ។

៤. ផ្តោត​សំខាន់​លើ​អ្វី​ដែល​អ្នក​ពិតជា​ស្រលាញ់​ចូល​ចិត្ត

មនុស្ស​វ័យក្មេង​ជា​ច្រើន​មាន​អ្វី​ជា​ច្រើន​ដែល​ពួក​គេ​ចង់​ធ្វើ តែ​អ្នក​គួរតែ​ផ្តោត​ស្មារតី តែ​អ្វី​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត​ជាងគេ ។ ប្រសិនបើ​អ្នក​ជឿជាក់​លើ​វា​នោះ​វា​ជា​ក្តី​សុបិន​ដ៏​ល្អ​មួយ ។ អ្នក​ត្រូវ​តែ​ជឿជាក់​លើ​វា ព្រោះ​អ្នក​ស្រលាញ់​ចូល​ចិត្ត​វា មិនមែន​មក​ពី​មនុស្ស​ដទៃ​គិត​ថា វា​សំខាន់​ទេ ។

៥. ពេល​ដែល​មាន​ក្តី​សុបិន ត្រូវ​សួរ​ខ្លួន​ថា ត្រូវ​លះបង់​អ្វី?

អ្នក​ត្រូវ​តែ​ចេះ​សួរ​ខ្លួនឯង​ថា អ្នកមាន​អ្វីខ្លះ ? អ្នក​ចង់បាន​អ្វី? តើ​អ្នក​ចង់​ធ្វើ​អ្វី​ឲ្យ​ពិតប្រាកដ? ហើយ​អ្វី​ដែល​សំខាន់ គឺ​តើ​អ្នក​អាច​លះបង់​អ្វីខ្លះ ដើម្បី​ទទួល​បាន​ក្តី​សុបិន​របស់​ខ្លួន ។ ប្រសិនបើ​អ្នក​មិន​គិត​ពី​អ្វី​ដែល​អ្នក​ត្រូវ​លះបង់​ទេ​នោះ អ្នក​មិន​អាច​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់បាន​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ