រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ស្ទើរមួយជីវិតសម្តេចមិនដែលប្តឹងអ្នកណានោះទេ ហើយការប្តឹងសម រង្ស៊ី ដើម្បីរកយុត្តិធម៌ចំពោះសម្តេច និងអ្នកដែលរងគ្រោះដោយសារ លោកសម រង្ស៊ី មួលបង្កាច់ និងលាបពណ៌ » ។ សម្តេចក្រឡាហោម ស ខេង បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ខែកក្កដា យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនសាធារណជន និងបងប្អូនជនរួមជាតិទាំងអស់ឲ្យបាន ជ្រាបថា ស្ទើរពេញមួយជីវិតរបស់ខ្ញុំមកដល់ពេលនេះ ខ្ញុំមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំងជាមួយបុគ្គលណាមួយឡើយ» ។
សម្តេចគូសបញ្ជាក់ថា « នេះ គឺជាពាក្យបណ្ដឹងលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹងជាលក្ខណឯកជនចំពោះបុគ្គល សម រង្ស៊ី ។ ហើយការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួនឲ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ជៀសវាងការប្រឌិតព័ត៌មាន ដើម្បីញុះញង់បំផុសបំផុលក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន» ។ ជាមួយគ្នានោះដែរ សម្តេច ស ខេង ក៏សង្កត់ធ្ងន់ថា ៖«ពាក្យបណ្តឹងនេះក៏ទាមទារយុត្តិធម៌ដល់រូបខ្ញុំ និងអ្នករងគ្រោះទាំងអស់ដែលត្រូវបានបុគ្គល សម រង្ស៊ី ធ្វើការលាបពណ៌ និងចោទប្រកាន់បំភ្លៃការពិត» ។
សម្តេច ស ខេង ក៏បានសូមអំពាវនាវដល់អ្នកនយោបាយទាំងអស់ គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការក្នុងសកម្មភាពរបស់ខ្លួនដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងការប្រព្រឹត្តនូវអំពើដែលនាំឲ្យមានការបែកបាក់ក្នុងសង្គម និងធ្វើឲ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនផងដែរ ។
សូមជម្រាបថា ក្រុមមេធាវីសម្តេច ស ខេង បានដាក់ពាក្យបណ្តឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិទៅសាលាដំបូងរាជធានីភ្នំពេញ កាលពេលថ្មីៗកន្លងមកនេះពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ។ មេធាវីបានស្នើសុំឲ្យតុលាការដូចជា ៖ ១- សុំឱ្យតុលាការធ្វើការចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សម រង្ស៊ី ឲ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់ ។ ២- ទាមទារឲ្យឈ្មោះ សម រង្ស៊ី សងសំណងជំងឺចិត្តជាប្រាក់ចំនួន៤,០០០,០០០,០០០ (បួនពាន់លានរៀល) ឬស្មើ១លានដុល្លារអាមេរិកដល់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ