ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងពិធីខួបកំណើតដ៏ភ្ញាក់​ផ្អើលបំផុត​…​ខណៈ​ប្រដេញតាមចាប់​គ្រឿង​ញៀន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ខួបកំណើត​មួយ ដែល​កំពុង​មានការ​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​សប្បាយ ស្រាប់តែ​មាន​កងកម្លាំង​បង្ក្រាប​គ្រឿងញៀន ​ប្រដេញ​គ្នា​រត់​ចូលចាប់​មុខសញ្ញា​ ផ្អើល​រហូត​មានការ​ផ្ទុះអាវុធ ហើយ​ប្រជា​ពលរដ្ឋ​ក៏​បាន​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​អន្តរាគមន៍ ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ខួបកំណើត​មួយ ដែល​កំពុង​មានការ​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​សប្បាយ ស្រាប់តែ​មាន​កងកម្លាំង​បង្ក្រាប​គ្រឿងញៀន ​ប្រដេញ​គ្នា​រត់​ចូលចាប់​មុខសញ្ញា​ ផ្អើល​រហូត​មានការ​ផ្ទុះអាវុធ ហើយ​ប្រជា​ពលរដ្ឋ​ក៏​បាន​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​អន្តរាគមន៍ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១០​យប់​ថ្ងៃ​ទី​៦ ខែកក្កដា នៅផ្ទះ​លក់​គ្រឿងសំណង់ «​ប៉ុន សា​មួន​» អគារ​លេខ​៧៨ ផ្លូវ​លេខ​៣២BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។

បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ផ្នែក​ចារកម្ម​ក្រសួង​មហាផ្ទៃ ដែល​ចូលរួម​ពិធី​ខួបកំណើត​នេះ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ ខណៈ​រូប​គាត់​កំពុង​ចួ​ល​រួម​ក្នុង​ពិធី​ខាងលើ ស្រាប់តែ​មាន​បុរស​២​នាក់​ស្លៀក​ពាក់​ស៊ី​វិល ដេញចាប់​បុរស​២​នាក់​ទៀត​ដែល​មិនដឹង​ថា​ ជា​ករណី​អ្វី​នោះ​ទេ ។

ពេល​នោះ បុរស​២​នាក់​ដែល​ត្រូវ​គេ​ដេញចាប់​បាន​រត់​ចូល​ក្នុង​រោង​ពិធី ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ឈុ​ល​ឡើង ។ លុះ​ឃាត់​សួរនាំ​ទៅ ខាង​បុរស​២​នាក់​ដែល​ដេញចាប់​គេ​បាន​ចាប់​ប្រាប់​ថា ពួក​គាត់​ជា​កងកម្លាំង​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៣)​តែ​មិន​មានការ​បង្ហាញ​ដីកាចាប់ខ្លួន​ទេ ដោយ​ឃើញ​ចាប់​បាន​ស្ត្រី​ម្នាក់​នៅ​លើ​រថយន្ត និង​បន្ត​ចាប់​បក្សពួក​ផ្សេង​ទៀត ។

ខណៈ​ជនសង្ស័យ​រត់​ចូល​ក្នុង​រោង​ពិធី​ហើយ​ផ្លោះ​របង​ផ្ទះ​រត់គេច​ខ្លួន​បាត់​ទៅ ទើប​ក្រុម​អ្នក​ដេញចាប់​ខឹង​ដោយ​បាន​ចោទ​ថា អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ជា​បក្សពួក ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​រត់គេច​ខ្លួន​បាន ។ ដោយ​សារ​ការ​ចោទប្រកាន់​បែប​នេះ ធ្វើ​ឲ្យ​អ្នកចូលរួម​ពិធី​ខួបកំណើត​ខឹង​តប​វិញ​ភ្លាម រហូត​ដល់​ប្រើ​ហិង្សា​បណ្ដាល​ឱ្យ​បុរស​២​នាក់​នោះ ដែល​មាន​ម្នាក់​ជា​ក្រឡាបញ្ជី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ជា​នគរបាល​របួស​ភ័យ​ខ្លាច​មិន​តិច​ទេ ។

ក្រោយ​ពី​ផ្ទុះ​ហិង្សា​នោះ ដោយ​តាម​រក​អ្នក​ដៃដល់​មិនឃើញ ស្រាប់តែ​មាន​ជន​ស៊ី​វិល​២​នាក់​ទៀត ​ជិះ​ម៉ូតូ​មក​ដល់​អះអាង​ថា ​ជា​នគរបាល​បាន​ផ្ទុះអាវុធ​១​គ្រាប់ ​ដើម្បី​បញ្ឈប់​ហិង្សា ព្រោះ​ខ្លាច​កើត​មាន​គ្រោះថ្នាក់​ធ្ងន់​វធ្ងរ ។

លោក ឃុន ឡេ​ង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​ទី​២ ថ្លែង​ថា ក្រោយ​ពី​ប្រជា​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ថា មាន​ករណី​ជន​ស៊ី​វិល​ផ្ទុះអាវុធ​ពេល​ចុះ​បង្ក្រាប​ជនសង្ស័យ​២​នាក់ កម្លាំង​នគរបាល​​ល្បាត​បាន​ទៅ​កាន់​កន្លែង​កើតហេតុ​សួរនាំ ទើប​ដឹង​ថា ជា​កងកម្លាំង​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក៏​នាំ​មក​ប៉ុស្តិ៍​សួរនាំ រួម​ជាមួយ​បុរស​ម្នាក់​ទៀត​ជា​នគរបាល​ចារកម្ម​នៅ​ក្រសួងមហាផ្ទៃ ដែល​ចូលរួម​កម្ម​ពិធី​ខួបកំណើត និង​បាន​ទាស់​ពាក្យ​សម្តី​គ្នា រហូត​ឈាន​ដល់​ប្រើ​ហិង្សា​បណ្តាល​ឲ្យ​រង​របួស​ទាំង​សងខាង តែ​របួសស្រាល ។

នៅ​ពេល​សួរនាំ ភាគី​ទាំង​សងខាង​មិន​បានប្ដឹង​ទៅ​លើ​បុគ្គល​ណា​ទេ សុំ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា កុំឱ្យ​ភាគី​ខាង​ណា​រករឿង​ខាង​ណា និង​មាន​ផ្តិត​ស្នាម​មេដៃ​ផង ។ ចំណែក​នគរបាល​ដែល​តាមប្រមាញ់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទទួលស្គាល់​ថា បាន​បាញ់​គំរាម​តែ​១​គ្រាប់​ទ មិនមែន​ដូច​ប្រជាពលរដ្ឋ​ដែល​ចោទប្រកាន់​ថា​បាញ់​២​គ្រាប់ អ្នកខ្លះ​ថា​៥​គ្រាប់ គឺ​មិនមែន​ជា​ការ​ពិត​ទេ ។

ជាក់ស្ដែង សមត្ថកិច្ច​រក​ឃើញ​សម្បក​គ្រាប់​១ និង​អំបែង​កែវ​ស្រា​១​ដែល​គប់​ទៅ​លើ​ក្រឡាបញ្ជី ម្នាក់​ដែល​បាន​ចូលរួម​បណ្តាល​ឲ្យ​រង​របួស​មិន​ធ្ងន់ធ្ងរ​ទេ ៕ ​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ