ស្មាន​តែ​ស្គាល់គ្នា​​! ស្រាប់តែ​ឃើញ​ច្រាន​ទម្លាក់​​​ដី​រួច​បណ្តើរ​ចេញ សង្ស័យ​សួរនាំ​ទើប​​បែកធ្លាយ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ដេក​លើ​ម៉ូតូ​លែង​​ដឹងខ្លួន ក៏​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​កង់​ពី​ច្បារ​អំពៅ​មក​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ​ក៏​ចុះ​ទៅ​ច្រាន​បុរស​​នោះ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​ទៅ​ដេក​នឹង​ដី ហើយ​ជ្រុះ​ទូរស័ព្ទ​ចេញពី​ហោប៉ៅ​ខោ​ក៏​ត្រូវ​ជនសង្ស័យ​យក​ទាំង​ទូរស័ព្ទ​ទៀត​រួច​បណ្តើរ​ចេញ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​សង្ស័យ​ក៏​ឃាត់​សួរនាំ​ទើប​ដឹង​ថា​ជា​ចោរ បង្ក​ឱ្យ​មានការ​ហួសចិត្ត និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​មុខ​វិទ្យា​ជាតិ​អប់រំ នឹង​វិ​ក្រិត​ការ ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

ជនសង្ស័យ​ទាំង​២​នាក់​នោះ ១-​ឈ្មោះ ហេង ហ៊ា​ង អាយុ​១៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ និង​២-​ឈ្មោះ ឱ​ក សុ​ជាតិ ហៅ​អា​រាជ អាយុ​24​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​គ្នា​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឌួ​ង សុ​ផ​ន់ អាយុ​35​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CP:0261 ស្រវឹង​និយាយ​លែង​ដឹងខ្លួន​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ទាំង​ហួសចិត្ត​ថា មុន​កើត​គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​រេ​ពេញ​ផ្លូវ​តែ​ម្នាក់ឯង មក​ឈប់​នៅ​មុខ​ក្លោ​ង​ទ្វារ​វិទ្យាស្ថាន​ខាងលើ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ ហើយ​ដាក់​ជ​ន្ទ​ល់​ម៉ូតូ ស្រាប់តែ​ដេក​លក់​លើ​ម៉ូតូ​នោះ​ទៅ ខណៈ​ពេល​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ខាងលើ មិនដឹង​ជិះ​កង់​មក​ណា​ទេ​ក៏​ឈប់​នៅ​ជិត​ជន​រង​គ្រោះ ហើយ​ពួក​គាត់​ក៏​មិន​បាន​ចាប់អារម្មណ៍​ស្មាន​តែ​ពួក​គេ​ស្គាល់គ្នា ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ច្រាន​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ ដួល​ទៅ​ដេក​នឹង​ដី ហើយ​ធ្លាក់​ទូ​ស័ព្ទ​ចេញពី​ហោប៉ៅ​ខោ​នៅ​តែ​មិនដឹង​ខ្លួន​ទៀត ក៏​ត្រូវ​ជនសង្ស័យ​យក​ទាំង​ទូរស័ព្ទ និង​លើក​ម៉ូតូ​បណ្តើរ​ចេញ​បម្រុង​គេចខ្លួន តែ​បណ្តើរ​មិន​ដល់​៥០​ម៉ែត្រ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ទាន់​មានការ​សង្ស័យ ក៏​ឃាត់​សួរនាំ​ទៅ​ទើប​ដឹង​ថា​ជា​ចោរ ក៏​ឃាត់ខ្លួន​តែ​ម្តង​។ ភ្លាម​ៗ​ក៏​បាន​ដើរទៅ​ដាស់​ជន​រង​គ្រោះ​ឱ្យ​ភ្ញាក់​ឡើង​ទាំង​វង្វេងវង្វាន់ ស្ទាប​រក​ទូរស័ព្ទ​មិនឃើញ​រក​ម៉ូតូ​មិនឃើញ ទើប​រៀង​ស្វាង​បន្តិច​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ