ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ទៀ បា.ញ់ ៖ កង​យោធពលខេមរភូមិន្ទ​ទាំងអស់​ត្រូវ​បន្ត​ហ្វឹកហាត់​ជា​ប្រចាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបាន​បញ្ជា​ទៅ​កាន់​កង​យោធពលខេមរភូមិន្ទ​ទាំងអស់​ត្រូវ​តែ​ហ្វឹកហាត់​ជា​ប្រចាំ ទោះបីជា​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ​ក៏​ដោយ ។ សម្តេច…

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបាន​បញ្ជា​ទៅ​កាន់​កង​យោធពលខេមរភូមិន្ទ​ទាំងអស់​ត្រូវ​តែ​ហ្វឹកហាត់​ជា​ប្រចាំ ទោះបីជា​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ​ក៏​ដោយ ។

សម្តេច ទៀ បាញ់ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ យ៉ាង​ដូច្នេះ​ថា​«​កង​យោធពលខេមរភូមិន្ទ​ទាំងអស់​ត្រូវ​បន្ត​ហ្វឹកហាត់​ឱ្យ​បាន​ល្អជា​ប្រចាំ ដើម្បី​ត្រៀមខ្លួន​ឱ្យ​បាន​ស្រេច​ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ បើ​ទោះបីជា​កម្ពុជា​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​រួច​ហើយ​ក្តី​» ។

នៅ​លើ​បណ្តាញ​សង្គម​ដដែល​សម្តេច ទៀ បាញ់ ក៏​បាន​ស្រង់​ខ្លឹមសារ​សង្ខេប​ដកស្រង់​ពី​សៀវភៅ «​ការ​បញ្ចប់​សង្គ្រាមស៊ីវិល ៖ ប្រភព​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា​» វគ្គ​ទី​៨១ យ៉ាង​ដូច្នេះ​ថា ការ​បង្ការ​អំពើ​ភេរវកម្ម អំពើ​ភេរវកម្ម​កំពុង​ជា​បញ្ហា​ប្រឈម​មុខ និង​ជា​កង្វល់​មួយ ដែល​រដ្ឋាភិបាល​ទាំងឡាយ តែងតែ​យកចិត្តទុកដាក់​ជា​និច្ច​នា​ពេល​បច្ចុប្បន្ន ។ ចំពោះ​កម្ពុជា ថ្វី​ត្បិត​តែ​លទ្ធភាព​នៃ​ការ​វាយប្រហារ​មក​លើ​ប្រទេស​កម្ពុជា​អាច​មាន​តិចតួច​ក៏​ដោយ​ក៏ «​ការ​ខិតខំ​ធើ្វ​យ៉ាងណា ដើម្បី​បញ្ចៀស​មិន​ឲ្យ​សកម្មភាព​ភេរវកម្ម​កើត​មាន​ឡើង​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ជោគជ័យ​ធំធេង​ណាស់ ជា​ជាង​ទុក​ឲ្យ​សភាពការណ៍​កើតឡើង ហើយ​ទើប​យើង​ប្រឹងប្រែង​ទប់ទល់​» ។

សម្តេច​លើក​ឡើង​ទៀត​ថា ដូច​បានឃើញ​ស្រាប់​ហើយ​នូវ​សភាពការណ៍​ដែល​កើត​មាននៅ​ម​ជ្ឈឹ​ម​បូព៌ា នៅ​អឺរ៉ុប នៅ​អា​មេ​រិ​ក ហើយ​ជា​ពិសេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​នៅ​ជិតបង្កើយ​នេះ (​ថៃ​) គ្មាន​អ្នក​ណា​ម្នាក់​អាច​មានជោគ​ជ័យ​ទាំងស្រុង​លើ​អំពើ​ភេរវកម្ម​អន្តរជាតិ ដែល​បាន​កើត​មាននៅ​ឡើយ​ទេ ។ កន្លែង​ខ្លះ​បាន​ត្រឹមតែ​ការពារ​ទាំង​លំបាក កន្លែង​ខ្លះ​ការពារ​មិន​បាន​ទៀត​ផង ទោះជា​ប្រើប្រាស់​ធនធាន​ដ៏​មហិមា​យ៉ាងណា​ក៏​ដោយ ។ ដូច្នេះ​ការ​ប្រឹងប្រែង​ប្រើ​គ្រប់​វិធី​ទាំងអស់​នៅ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​សភាពការណ៍​អាក្រក់​ណាមួយ​កើត​មាននៅ​លើ​ទឹកដី​របស់​យើង គឺជា​ប្រការ​ចាំបាច់​បំផុត ។ ប្រមុខ​ដឹកនាំ​ក្រសួង​ការ​ជាតិ​ក៏​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ការ​សិក្សា​ខាង​ដើម​ថា កង​យោធពលខេមរភូមិន្ទ (​ខ​.​ភ​.​ម )​បាន​បំពេញភារកិច្ច ដោយ​មានការ​ប្រែប្រួល​ជា​ច្រើន​ដំណាក់​ក្នុង​សង្គ្រាម​នៅ​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​មួយ​ឈាន​ទៅ​រក​ការ​ទប់ស្កាត់​បង្ក្រាប​ភេរវកម្ម ប៉ុន្តែ​ការ​បន្ត​ការពារ និង​ថែរក្សា​សន្តិភាព​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស និង​ដើម្បី​ការ​អភិវឌ្ឍ​នៅ​តែ​ជា​បញ្ហា​បត់បែន​ស្មុគស្មាញ ដែល​ទាមទារ​ការ​រៀបចំ​កែសម្រួល​ទាំង​រចនាសម្ព័ន្ធ​ថែម​ទៀត ព្រោះ​រូបភាព​នៃ​ការ​គំរាមកំហែង​លើ​ស្ថិរភាព​ជាតិ​មួយ តំបន់​មួយ បច្ចុប្បន្ន​បាន​វិវត្តន៍​លឿន​ទាំង​កត្តា​ផ្ទៃក្នុង កត្តា​ខាងក្រៅ​ព្រមទាំង​កត្តា​រូបី និង​អរូបី ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល និង​ស្ថាប័ន​ក្រោម​ឱវាទ ពិសេស ខ​.​ភ​.​ម បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​ឈាន​ទៅ​រក​ការ​បង្ក្រាប​អំពើ​ភេរវកម្ម ក្នុង​វិធានការ​ជា​ច្រើន​ដែល​បាន​ចាត់តាំង​ឡើង​ដូច​ជា ការ​ប្រមែប្រមូល​ដកហូត​អាវុធ និង​កម្ទេច​អាវុធ​ដែល​នៅ​រាយ​ប៉ាយ​អណាធិបតេយ្យ តាម​រយៈ​នយោបាយ​អណ្តាតភ្លើង​សន្តិភាព គឺជា​ផ្នែក​មួយ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ផែនការ​ទប់ស្កាត់​ភេរវកម្ម ដែល​ក្នុង​នេះ​មាន​រហូត​ដល់​ការ​ប្រមូល​កម្ទេច​កាំជ្រួច​ផ្ទៃដី និង​កាំជ្រួច​អាកាស «​ប៉េ​ឆូ​រ៉ា​» បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ។

ដូច្នេះ​គួរ​ចាប់អារម្មណ៍​ពី​អី្វ​ដែល​ធើ្វ​ឲ្យ​មានការ​វិវត្តន៍ ពី​ការ​ប្រឈម​មក​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ទាំង​យោធា​ទាំង​នយោបាយ ។ ទិដ្ឋភាព​នេះ​ក៏​យើង​អាច​មើលឃើញ​នូវ​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​មួយទៀត​ក្នុង​ការ​គ្រប់គ្រង​អាវុធ​ដែល​កម្ពុជា​បាន​ធើ្វ​ប្រកបដោយ​ជោគជ័យ​ក្នុង​នយោបាយ «​អណ្តាតភ្លើង​សន្តិភាព​» របស់​រាជរដ្ឋាភិបាល​ផ្ទាល់​ផង និង​ជា​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​អ៊ី​យូ​អា​សាក់​ផង ។ សម្តេច ទៀ បាញ់ បន្ថែម​ថា គេ​អាច​វាយតម្លៃ​បាន​ដែរ​ថា ការ​គ្រប់គ្រង​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​នេះ គឺជា​ការ​រួម​វិភាគទាន​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម ។

ក្រៅពី​នេះ ដើម្បី​ឆ្លើយ​តប​ឲ្យ​កាន់តែ​ខ្លាំង​ក្នុង​ប្រ​តិ​ប​តិ្ត​ការ​ជាក់ស្តែង រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ច្បាប់​នានា ដើម្បី​ឲ្យ​មាន​សមត្ថកិច្ច​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​បង្ក្រាប ការពារ​ទប់ស្កាត់​ភេរវកម្ម និង​បាន​ណែនាំ​គ្រប់ពេលវេលា គ្រប់​បណ្តា​អង្គភាព ឲ្យ​ការពារ​ចាត់តាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​មាន​ភាព​ទូលំទូលាយ ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ដូច​ជា គណៈកម្មាធិការ​ប្រឆាំង​ភេរវកម្ម​… ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា ពី​កងទ័ព​មួយ​ដែល​គេ​ធ្លាប់​ចោទ​ថា ជា​កម្លាំង​ជន​ផ្តាច់​ការ​អំណាច​និយម ជា​ទ័ព​អសមត្ថភាព ក្លាយជា​កម្លាំង​ដែល​ដោះស្រាយ​កង្វល់ ការ​បារម្ភ​របស់​ពិភពលោក ។ ចំពោះ​អា​មេ​រិ​ក​ដែល​ធ្លាប់​លួច​ផ្តល់​ជួយ​ដល់​ឧទ្ទាម កាល​ធើ្វ​សង្គ្រាមស៊ីវិល ក៏​បាន​ក្លាយជា​ដៃគូ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ ដើម្បី​ស្ថិរភាព សន្តិភាព ឬ​ការ​អភិវឌ្ឍ ។ នេះ​ជា​ក្រឹត្យក្រម​នៃ​ការ​ប្រែប្រួល​ក្នុង​ថេរវេលា​ជិត​៣០​ឆ្នាំ​ចុង​ក្រោយ​ដោយសារ​ការ​ផ្លាស់​ប្តូរ​បរិបទ និង​សភាពការណ៍​អំពី​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ