ប្រទេសអាហ្វហ្គានីស្ថាន ៖ អ្នកចរចាអាមេរិកលោកZALMAY KHALILZADអះអាងកាលពីថ្ងៃទី៦កក្កដាថា ការចរចាសន្តិភាពវគ្គចុងក្រោយរវាងសហរដ្ឋអាមេរិកនិងពួកតាលីបង់នៅប្រទេសកាតា មានលទ្ធផលស្ថាបនាបំផុត សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។
លោកZALMAY KHALILZADថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ការចារចា៦ថ្ងៃវគ្គចុងក្រោយ ក្នុងចំណោមការចរចា៧លើកដែលយើងបានធ្វើមកទល់ពេលនេះ ជាមួយពួកតាលីបង់ មានលក្ខណះវិជ្ជមានបំផុត។ យើងធ្វើឲ្យមានការរីកចម្រើនលើគ្រប់បញ្ហាដែលលើកយកមកពិភាក្សាគ្នា។
ការចរចាផ្ដោតលើ៤ចំណុចគឺៈ ការដកថយរបស់កងទ័ពអាមេរិក ការធានាថាអាហ្វហ្គានីស្ថាននឹងមិនប្រើសម្រាប់ជាទីតាំងរបស់បណ្ដាក្រុមបះបោរ ដើម្បីវាយប្រហារប្រទេសឯទៀតៗ ការចរចាអន្តរអាហ្វហ្គានីស្ថាននិងបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយ។ ជាលើកទីមួយហើយដែលខ្ញុំអាចនិយាយថា ការចរចាគ្នាកាន់តែទូលំទូលាយនិងមានការរីកចម្រើនលើបញ្ហា៤។
ចំណែកអ្នកនាំពាក្យនយោបាយរបស់ពួកតាលីបង់នៅក្រុងដូហា ក៏និយាយពីការរីកចម្រើនដែរដោយថា យើងពុំទាន់មានឧបសគ្គនៅឡើយ។ តាមTWITTERអ្នកនាំពាក្យរបស់ពួកតាលីបង់ បានប្រកាសពីការផ្អាកការចរចា២ថ្ងៃជាមួយសហរដ្ឋអាមេរិក ដោយសារមានការពិភាក្សាគ្នាអន្តរអាហ្វហ្គានីស្ថាន ដែលត្រូវធ្វើជាថ្មីនាថ្ងៃទី៧កក្កដាក្នុងទីក្រុងដូហាដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ