ខេត្តកំពង់ឆ្នាំង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា តូបលក់ដូរមួយកន្លែងដែលគេសង់សម្រាប់លើកចុះឡើងតាមទឹកឡើងទឹកស្រកត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង ដោយសារម្ចាស់ផ្ទះជាអ្នកលក់អីវ៉ាន់ចាប់ហួយបើកចង្ក្រាន បណ្ដាលឲ្យភ្លើងឆាបដល់ប៊ីដុងសាំងបង្កជាអគ្គីភ័យឆេះតូបតែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។
លោក សាំង ស៊ន មេឃុំឆ្នុកទ្រូបានអោយដឹងថា ម្ចាស់តូបរងគ្រោះឈ្មោះលុយ ថានី ភេទស្រីអាយុ២៧ឆ្នាំ មានមុខរបរជាអ្នកលក់ដូរចាប់ហួយ បានរងរបួសធ្ងន់ផងដែរ ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូណ៌ ។
លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់ថា តូបលក់ដូរដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ៣ ម៉ែត្រ គុណ៣ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ដែលសង់ឡើងសម្រាប់សែងចល័ត ចុះឡើងតាមទឹកស្រកទឹកឡើង តាមផ្លូវចុះទៅមាត់កំពង់ទឹកឆ្នុកទ្រូ ។ នៅមុនពេលកើតហេតុ ស្ត្រីម្ចាស់តូប ខាងលើបានបើកចង្ក្រានហ្គាសក្នុងបំណងដាំទឹក ប៉ុន្តែភ្លើងបានឆាបឆេះរាលដល់ប៊ីដុងសាំងធ្វើឲ្យឆេះតូបយ៉ាងសន្ធោសន្ធៅតែម្ដង មិនអាចជួយសង្គ្រោះអ្វីបានឡើយ ។
លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់ថា ទំហំនៃការខូចខាតគឺតូបលក់ដូរ និងអីវ៉ាន់ចាប់ហួយ រួមទាំងសម្ភារៈទាំងអស់ដែលភ្លើងឆេះខ្ទេច ដែលតាមការប៉ាន់ប្រមាណមានតម្លៃជាង២ពាន់ដុល្លារ ។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលផ្ទុះហ្គាសឆាបឆេះដល់ប៊ីដុងសាំង បណ្តាលឱ្យម្ចាស់តូបខាងលើរត់ចេញទាំងភ្លើងឆេះខ្លួនរងរបួសធ្ងន់ផងដែរ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះ នឹងរៀបចំបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ