ស្លាប់​ម្នាក់​ទៀត​ហើយ​! សង្ស័យ​អ្នកបើកបរ​ដេក​លក់​មួយភាំង


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ ខណៈ​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​ឧប្បតិហេតុ​ក្រឡាប់​រថយន្ត កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ កក្កដា​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ដែល​គេ​សង្ស័យ​អ្នកបើកបរ​ដេក​លក់​មួយភាំង ។

សេចក្តីរាយការណ៍​បន្ត​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភ័​ណ្ឌ ផល អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​ស្លាប់​) និង​ម្នាក់​ទៀត​ឈ្មោះ ខ្លី ភេទ​ប្រុស ៣៧​ឆ្នាំ រស់នៅ​ភូមិ​ជីប៉ា​ង​ជើង សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន (​រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប៉ៃលិន​) ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​បើករថយន្ត​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រ៉េ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវជាតិ​ក្រឡាប់​ខ្លួនឯង​តែ​ម្ដង ដែល​គេ​សង្ស័យ​អ្នកបើកបរ​អាច​ដេក​លក់​មួយភាំង ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ ។

បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា រថយន្ត​ទំនង​បើក​លឿន​គួរសម ហើយ​គេ​មិនដឹង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​បើក​ក្រឡាប់​ខ្លួនឯង​បែប​នេះ​ទេ ស្រាប់តែ​បើក​សុខ​ៗ​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​សង្កត់​មនុស្ស​ស្លាប់ និង​របួស​តែ​ម្តង ។ ប៉ុន្តែ​អ្នក​ភូមិ​ដែល​បាន​ទៅ​ជួយ​អន្តរាគមន៍ សង្ស័យ​អ្នកបើកបរ​ងងុយដេក​ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ ។ ទោះ​យ៉ាងណា សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន ដើម្បី​ធ្វើ​ស្រាវជ្រាវ​បន្ត ខណៈ​សព​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​របួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ