ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ស​ន្ទុ​ក​ជាង ១២០០​នាក់​ទទួល​ការ​ពិនិត្យ​ និង​ព្យា​បាល​​ជំងឺ​​មិន​គិតថ្លៃ

4 ឆ្នាំ មុន

ស​ន្ទុ​ក ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ស​ន្ទុ​ក​ប្រមាណ​ជាង១២០០​នាក់​ក្នុងស្រុក​ស​ន្ទុ​កបាន​មក​ទទួល​សេវា​​ពិនិត្យ និង ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង បំពង់ក មិន​គិតថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​មូលនិធិ​ចក្ខុ​កម្ពុជា…

ស​ន្ទុ​ក ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ស​ន្ទុ​ក​ប្រមាណ​ជាង១២០០​នាក់​ក្នុងស្រុក​ស​ន្ទុ​កបាន​មក​ទទួល​សេវា​​ពិនិត្យ និង ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង បំពង់ក មិន​គិតថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​មូលនិធិ​ចក្ខុ​កម្ពុជា ​(H.O.P.E Cambodia) ក្រោម​កិច្ចសហការ​ជាមួយ​ក្រុម​ការងារ​យុវជន​ស្ម័គ្រ​ចិត្ត​ធនា​គារ​ជាតិ​នៃ​កម្ពុជា ដឹកនាំ​ដោយ​លោក​ជំទាវ លោក ជា សិរី អគ្គ នាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​មូលនិធិ​រក្សា​កុមារ​ និង​អង្គការ​ក្ដី​សង្ឃឹម​កម្ពុជា​។

សកម្មភាព​មនុស្ស​ធម៌​​នេះ​បាន​រៀបចំ​ផ្ដល់​ការ​ពិនិត្យ​ និង​ព្យាបាលជំងឺ​​ជូន​នៅ​ក្នុង​ប​វិ​វេ​ណ​វត្ត ជី​និ​តា​រាម ស្ថិត​នៅឃុំ​កំពង់ថ្ម ​ស្រុក​ស​ន្ទុ​ក ​ខេត្តកំពង់ធំ​។ ចំពោះ​អ្នកជំងឺ​ដែល​ត្រូវ​មក​ទទួល​សេវា​នា​ពេល​នេះ​ អ្នកជំងឺ​ផ្នែក​ភ្នែកមាន​ជិត​៩០០​នាក់ ,ជំងឺ​ត្រចៀក​, ច្រ​មុះ​មាន​ជាង​២០០​នាក់ ​និង​អ្នកជំងឺ​​ធ្មេញ​មាន​ជិត​៣០០
នាក់​។

នៅ​ក្នុង​សកម្មភាព​ការ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​​ជូន​ប្រជា​ពល​រដ្ឋ​នា​ឱកាស​នោះ​លោក​ជំទាវ ជា សិរី បាន​មាន​ប្រសាសន៍​ថា​ ៖ ​​គឺជា​សកម្មភាព​មនុស្ស​ធម៌​​ពិត​ៗ​ដែល​ជា​កិច្ច​ខិតខំ​មួយ​របស់​ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត​ធនា​គារ​ជាតិ​នៃ​ក​ម្ពុ​ជា ​និង​អង្គការ​ដៃគូរ​ដើម្បី​លើកកម្ពស់​សុខុមាលភាព ជូន​ប្រជាពលរដ្ឋ​។​ហើយ​សកម្ម​ភាព​នេះ​វា​ក៏​ជា​ផ្នែក​មួយ​សម្រាប់​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្វែងរក​សេវា​សុខភាព​នោះ​ផង​ដែរ​។

លោក​ជំទាវ​នូវ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ ​ទឹកចិត្ត​សប្បុរស​ធ​ម៌ ​និង​កាយវិការ​ដ៏​ល្អ​ប្រពៃ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នា​ពេល​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចូលរួម​ចំណែក​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក​ម្ដុ​ជា​ផង​ដែរ ​លើ​ការ​គិតគូ ​និង​ថែទាំ​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទទួល​បាន​សុខភាព​ល្អ​ទាំង​ផ្នែក​ផ្លូវ​កាយ​ផង​ និង​ផ្នែក​ផ្លូវ​ចិត្តបាន​គ្រប់​ៗ​គ្នា​។

លោក​ជំទាវ ជា សិរី បាន​បញ្ជាក់​ដែរ​ថា​÷​សកម្មភាព​មនុស្ស​ធម៌​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ សម្រាប់​ទឹកដី​ស្រុក​ស​ន្ទុ​ក​។ ជាក់ស្ដែង​ដូច​ពេល​កន្លង​មកនេះ ឯកឧត្ដម ជា ចាន់​តូ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក និង​លោក​ជំទាវ ខៀវ ស៊ី​ណា អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​បាន​ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រ​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​មិន​គិតថ្លៃ​ជា​បន្តបន្ទាប់​ស្រុក​ស​ន្ទុ​ក​នេះ​។

តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តបាន​ឲ្យ​ដឹង​ថា​៖​ ការងារ​មនុស្ស​ធ​ម៌​នៅ​ពេល​នេះ​ក្រៅពី​ផ្ដល់​ការ​ពិនិត្យ និង ព្យាបាល​នោះ​ក៏​មានការ​បង្ហាត់បង្ហាញ​ពី​របៀប​នៃ​ការ​ថែរក្សា​ការពារ​ទៀត​ផង​។ បើ​តាម​ការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ព្យា​ល​បាល​ជំងឺ ត្រចៀក ច្រមុះ និង បំពង់ក បាន​អះអាង​ថា​÷​ក្រុម​គ្រូ​ពេទ្យ​ទាំង​​អស់ ពិតជា​មានការ​រីករាយ​និង​ពេញ​ចិត្ត​ណាស់​ពេល​ឃើញ​មាន​ប្រជា​ពលរដ្ឋ​បាន​មក​ទទួល​យក​សេវា​ពិនិត្យ​ និង​ព្យាបាល ​បើ​ទោះបីជា​មានការ​នឿយហត់ ​និង​ត្រូវ​ប្រើ​ពេល​ប្រើ​ម៉ោង​យ៉ាងណា​ក៏​ដោយ ​គឺ​ត្រូវ​តែ​ពិនិត្យ​ និង​ព្យា​ល​បាល​ជូន​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ទាំងអស់​។

សូម​បញ្ជាក់​ថា​ ៖ ​ប្រជាពលរដ្ឋ​ជាង​១២០០​នាក់​ដែល​មក​ពិនិត្យ​ និងព្យា​ល​បាល​ជំងឺ​នា​ពេល​នឹះ​ក៏​ទទួល​បានការ​សម្របសម្រួល​ និង​ទទួល​បាន​អាហារ​សម្រន់​ពី​ក្រុមការងារ​យុវជន​ស្ម័គ្រ​​ចិត្ត​​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ​។ ដោយឡែក​ចំពោះ​អ្នក​ជំងឺ​​ភ្នែក​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ត្រូវ​ធ្វើការ​វះ​នោះ​ក្រុមការងារ​យុវ​ជន​ស្ម័គ្រចិត្ត​សហការ​ជាមួយ​គ្រូពេទ្យ​នឹង​រៀបចំ​បញ្ជូន​នាំ​ទៅ​ធ្វើការ​វះកាត់​នៅ​រាជធានី​ភ្នំពេញ​នៅ​ខែសីហា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ផង​ដែរ​៕ ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ