ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួលយក​របាយការណ៍ UPR ១៧៣ តែ​ច្រានចោល​២៥

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ទទួលយក​សំណើរ​របស់ (UPR) ការ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់​ចំនួន​១៧៣​ចំណុច តែ​ច្រានចោល​២៥​ចំណុច​ក្នុង​ចំណោម​របាយការណ៍​១៩៨​ចំណុច ។ លោក ជិន ម៉ា​លី​ន…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ទទួលយក​សំណើរ​របស់ (UPR) ការ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់​ចំនួន​១៧៣​ចំណុច តែ​ច្រានចោល​២៥​ចំណុច​ក្នុង​ចំណោម​របាយការណ៍​១៩៨​ចំណុច ។

លោក ជិន ម៉ា​លី​ន អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ជា​ភាគី​តំណាង​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ស្តី​ពី​ការ​អនុម័ត​របាយការណ៍ UPR ជុំ​ទី​៣ សម្រាប់​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩​ថា ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ តំណាង​កម្ពុជា រូប​លោក​បាន​ធ្វើ​សេចក្តី​ថ្លែង​ការ​ពី​វឌ្ឍនភាព​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ទទួលយក​មក​អនុវត្ត​អនុសាសន៍ UPR (​ការ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់​) ចំនួន​១៧៣ និង​កត់សម្គាល់​ចំនួន​២៥ ក្នុង​ចំណោម​អនុសាសន៍​សរុប​ចំនួន​១៩៨ ដែល​ផ្តល់​ដោយ​រដ្ឋ​សមាជិក​ចំនួន​៧៣ ។

តំណាង​កម្ពុជា​ក៏​បាន​ថ្លែង​បញ្ជាក់ «​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ អំពី​មូលហេតុ​នៃ​ការ​ទទួលយក​អនុសាសន៍​ទាំង​១៧៣ និង​មូលហេតុ​នៃ​ការ​កត់សម្គាល់​អនុសាសន៍​ទាំង​២៥ ព្រមទាំង​យន្តការ​នៃ​ការ​ដាក់​ឱ្យ​អនុវត្ត និង​តាមដាន​ត្រួតពិនិត្យ​ការ​អនុវត្ត​អនុសាសន៍​ដែល​ទទួលយក​ទាំង​អស់នោះ​ក្នុង​ការ​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។

លោក​បន្ថែម​ថា ការ​ទទួលយក​អនុសាសន៍​ដែល​មាន​ចំនួន​ច្រើន​រហូត​ដល់​១៧៣​នេះ គឺ​ដោយហេតុ​ថា អនុសាសន៍​ទាំងនោះ​ស្រប​ទៅ​នឹង​ឆន្ទៈ​ក៏​ដូច​ជា គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​លើ​គ្រប់​វិស័យ​ក្នុង​ការ​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ។ ចំណែកឯ​អនុសាសន៍​ទាំង​២៥ ដែល​ត្រូវ​ធ្វើការ​កត់សម្គាល់​វិញ គឺ​ដោយហេតុ​ថា អនុសាសន៍​ទាំងនោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ពិត​ជាក់ស្តែង​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ឡើយ ហើយ​ជា​ពិសេស​អនុសាសន៍​ទាំងនោះ​មិន​អាច​អនុវត្ត​បាន​ដោយ​ផ្ទុយ​ទៅ​នឹង​ក្របខ័ណ្ឌ​ច្បាប់ រួម​មាន​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ៗ​ទៀត ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​លើក​ឡើង​ក្រោម​រូបភាព និង​របៀបវារៈ​នយោបាយ ជា​ជាង​ទិដ្ឋភាព​បច្ចេកទេស និង​គោលការណ៍​គ្រឹះ​នៃ​ការ​អនុវត្ត​សិទ្ធិ​និង​សេរីភាព​ក្នុង​សង្គម​ប្រជាធិបតេយ្យ ។

បន្ទាប់​ពី​ការ​អនុម័ត​ជា​ផ្លូវការ​នូវ​របាយការណ៍ UPR ជុំ​ទី​៣ សម្រាប់​កម្ពុជា​ក្នុង​កិច្ចប្រជុំ​នេះ​រួច គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ធ្វើការ​បែងចែក​អនុសាសន៍​ដែល​ទទួលយក​ទាំង​អស់នេះ ជូន​ទៅ​គ្រប់​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត និង​តាមដាន​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​ស្ថាប័ន​ទាំងនោះ ដើម្បី​រាយការណ៍​ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​វិញ អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត នា​សម័យប្រជុំ​ត្រួតពិនិត្យ​លើក​ទី​៤ នៅ​៤​ឆ្នាំ​ក្រោយ ។

លោក​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ផង​ដែរ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ពិភាក្សា និង​ពិគ្រោះ​យោបល់ អំពី​យន្តការ​នៃ​ការ​អនុវត្ត​អនុសាសន៍​ដែល​ទទួលយក​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​មាន​តំណាង​រដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ី​វី​ល​ជាតិ និង​អន្តរជាតិ ។

ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ​ដែរ អង្គការសិទ្ធិមនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អា​មេ​រិ​កបាន​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​ទទួលយក​ចំណុច​សំខាន់​ៗ​ដែល​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឡើង​ទាក់ទង​នឹង​សិទ្ធិ​ជន​ស៊ី​វិល និង​សិទ្ធិ​នយោបាយ​នោះ​ទេ តែ​បាន​ទទួលយក​អនុសាសន៍​ចំនួន​១៧៣ ពី​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ។
អង្គការ​នេះ​បាន​បញ្ជាក់​ថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ផ្លាស់​ប្តូរ​គំនិត ហើយ​ទទួលយក​អនុសាសន៍​ពី​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ទាក់ទង​នឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ រួម​ទាំង​ទម្លាក់​ចោល​បទ​ចោទ​ព្រហ្មទណ្ឌ​ដែល​មាន​ច​រិ​ក​នយោបាយ​ទាំងអស់ ដោះ​លែង​អ្នកទោស​នយោបាយ និង​កែប្រែ​ច្បាប់​កៀបសង្កត់ ដែល​រិ​ត​ត្បិត​សិទ្ធិ​ជា​មូលដ្ឋាន ។ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ត្រូវ​តែ​ចាត់វិធានការ បើ​រដ្ឋាភិបាល​ខកខាន​មិន​ធ្វើការ​កែ​ប្រ‍ែ​» ។

បើ​តាម​ការ​អះអាង​របស់​អង្គការ Human Rights Watch បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្មាន​ការ​ភ្ញាក់ផ្អើល​ទេ ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​អង្គការ​នេះ​បាន​ចោទប្រកាន់​ថា វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ី​វិល ក្រុម​អ្នកនយោបាយ​ជំទាស់ និង​សំឡេង​ជំទាស់​នានា តាម​អ្វី​ដែល​អង្គការសិទ្ធិមនុស្ស​នេះ​បាន​បញ្ជាក់​ថា «​ដើម្បី​ប្រើ​ជា​លេស​ក្នុង​ការ​រំលោភសិទ្ធិ​សេរីភាព​នានា រដ្ឋាភិបាល​បាន​អះអាង​ថា អង្គការនីតិប្រតិបត្តិ មិន​អាច​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ចៅក្រម និង​ព្រះរាជអាជ្ញា​បាន​ទ‍េ​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ