ខេត្តកណ្ដាល៖ ដោយសារភ្លើងប្រចណ្ឌ បុរសម្នាក់តែងតែរករឿងប្រពន្ធជាញឹកញាប់ និងគំរាមថានឹងសម្លាប់ ធ្វើឲ្យស្ដ្រីជាប្រពន្ធ មានអារម្មណ៍ភ័យខ្លាចរាល់ថ្ងៃ ហើយទ្រាំបានក៏សម្រេចចិត្ដប្ដឹងសមត្ថកិច្ច
ឱ្យធ្វើការចាប់ខ្លួន ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃទី៥ កក្កដា ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនសង្ស័យខាងលើ ឈ្មោះចាន់ សុធី អាយុ៣៦ឆ្នាំ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិក្រោលគោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ រីឯស្ដ្រីជាប្រពន្ធឈ្មោះ អ៊ីវ សុភី អាយុ៣៦ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប្រភពដដែលបន្ដថា កន្លងមក ជនសង្ស័យនិងជនរងគ្រោះស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីមកប្រកបការងារ តែនៅពេលដែលរស់នៅជាមួយគ្ប្ដីប្រពន្ធចេះតែមិនចុះសម្រុងនឹងគ្នា ទើបស្ដ្រីរងគ្រោះមកធ្វើការ និងជួលផ្ទះនៅក្រុមហ៊ុន7NG ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។ រីឯប្ដីធ្វើជាជាងជួសជុលម៉ាស៊ីនត្រជាក់នៅរាជធានីភ្នំពេញ ។ លុះក្រោយមកទៀត ប្ដីតែងតែទូរស័ព្ទជេរប្រមាថ និងគំរាមកំហែងស្ដ្រីរងគ្រោះជាប្រពន្ធជាញឹកញាប់ ។
កាលពីថ្ងៃទី៣០ មេសា ជនសង្ស័យបានមកផ្ទះជួលស្ដ្រីរងគ្រោះ ដោយនិយាយគំរាមថានឹងសម្លាប់ ហើយចាក់សោបន្ទប់បង្ខាំងស្ដ្រីរងគ្រោះ ។ ដោយភ័យខ្លាច ក៏បានទៅដាក់ពាក្យបណ្ដឹងសុំលែងលះជាមួយជនសង្ស័យជាប្ដី នៅសាលាដំបូងរាជធានីភ្នំពេញ ។ លុះមកដល់ថ្ងៃទី៥ កក្កដា បានមកផ្ទះជួលរបស់ស្ដ្រីរងគ្រោះម្ដងទៀត ហើយចូលទៅអុកឡុក រករឿងប្រចណ្ឌ ធ្វើឲ្យស្ដ្រីរងគ្រោះទ្រាំលែងបានក៏ទូរស័ព្ទទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ ឲ្យជួយអន្តរាគមន៍ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ