ខេត្តបាត់ដំបង ៖ មានករណីជនសង្ស័យដែលគេសន្និដ្ឋានថាអាចមានបក្ខពួកយ៉ាងតិច២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចូលលួចយកលុយនិងគ្រឿងអលង្ការអស់គ្មានសល់ ដែលសរុបជិត២ម៉ឺនដុល្លារ ហើយត្រូវបានគេប៉ាន់ស្មានថាអាចកើតឡើងនៅចន្លោះពីម៉ោង៨និង៣០នាទីរហូតដល់ម៉ោង១០ព្រឹកថ្ងៃទី៥ កក្កដា នៅក្នុងភូមិកំពង់ម្ដោក ឃុំអូរដំបង២ ស្រុកសង្កែ ខណៈដែលម្ចាស់ផ្ទះរវល់ចេញទៅបង់ថ្លៃភ្លើង ហើយបិទទ្វារទុកចោល។
អធិការស្រុកសង្កែ លោកស៊ុន សុវណ្ណ បានសរសេរនៅក្នុងរបាយការណ៍ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះម៉ាច សុជា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
លោកអធិការបានឲ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ជនរងគ្រោះផ្នែកខាងក្រោយ រួចចូលលួចទ្រព្យសម្បត្តិនៅក្នុងបន្ទប់ ក្រោយពេលស្ត្រីរងគ្រោះ និងស្វាមីរួមទាំងកូនៗផង បានជិះរថយន្តចេញទៅបង់ថ្លៃភ្លើងផុតបន្តិច។ លុះត្រឡប់មកដល់ផ្ទះវិញទើបដឹងរឿងនេះបង្កឲ្យមានការភ្ញាក់ផ្អើល និងប្ដឹងទៅសមត្ថកិច្ចតែម្ដង។
បើតាមចម្លើយបឋមរបស់ជនរងគ្រោះ ដែលសមត្ថកិច្ចបានសួរនាំ អ្នកស្រីម៉ាច សុជា ជាម្ចាស់ផ្ទះបាននិយាយថា មុនពេលកើតហេតុ ម្ដាយរបស់គាត់បានចេញទៅផ្សារ រីឯគាត់និងស្វាមី រួមទាំងកូនតូចៗផង បានបិទទ្វារចាក់សោរ រួចនាំគ្នាជិះរថយន្តចេញទៅដល់ថ្លៃភ្លើងនៅឯក្រុងបាត់ដំបង។
ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះបាននិយាយទៀតថា នៅពេលគាត់ត្រឡប់មកដល់ផ្ទះវិញ បើកទ្វារចូលក្នុងផ្ទះ ស្រាប់តែភ្ញាក់ព្រឺតដោយសារឃើញទ្វារក្រោយចំហរ លុះចូលក្នុងបន្ទប់ឃើញស្នាមគាស់ទូរើ កកាយ ហើយថែមទាំងបាត់លុយ និងគ្រឿងអលង្ការ អស់គ្មានសល់ ទើបផ្អើលឆោឡោប្ដឹងទៅសមត្ថកិច្ចតែម្ដងទៅ។
ជុំវិញការបាត់បង់ទ្រព្យសម្បត្តិខាងលើនេះ បើតាមរបាយការណ៏របស់លោកស៊ុន សុវណ្ណ អធិការស្រុកសង្កែ បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលត្រូវចោរលួចរួមមាន «ប្រាក់ដុល្លារចំនួន១២.២០០ដុល្លារ, ប្រាក់ខ្មែរចំនួន១លានរៀល, ខ្សែដៃមាន១ខ្សែទម្ងន់៥ជី, ខ្សែកមាស១ខ្សែទម្ងន់៥ជី, ចិញ្ចៀនមាស១វង់តំលៃ៤០០ដុល្លារ, កងដៃប្លាទីនរបស់កូន១គួ, ខ្សែកប្លាទីនរបស់កូន១ខ្សែ និង ខ្សែ ជើងប្លាទីន១ខ្សែតំលៃ១៥០ដុល្លារ។
ពាក់ព័ន្ធនឹងករណីនេះ បើតាមសមត្ថកិច្ចបាននិយាយថា ក្រុមជនសង្ស័យអាចមានបក្ខពួកយ៉ាងតិច២នាក់ ហើយក្រុមជនសង្ស័យទំនងជាបានតាមដានឃ្លាំមើលសកម្មភាពគ្រួសារជនរងគ្រោះចេញ-ចូលផ្ទះគ្រប់ពេល ទើបក្រុមជនសង្ស័យអាចឆ្មក់ចូលធ្វើសកម្មភាពបានដោយសុវត្ថិភាពបែបនេះ ពេលដែលម្ចាស់ផ្ទះរវល់ចេញក្រៅ។
លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានថ្លែងថា បើតាមសេចក្ដីរាយការណ៏ពីលោកអធិការស្រុកសង្កែ ជុំវិញករណីកគាស់ទម្លុះទម្លាយលំនៅឋានខាងលើនេះ ទំនងមិនទាន់មានតម្រុយអំពីមុខសញ្ញាជនប្រព្រឹត្តនៅឡើងទេ។ ប៉ុន្តែលោកស្នងការរងបានបញ្ជាក់ថា ពេលនេះលោកស្នងការខេត្ត បានជម្រុញឲ្យកម្លាំងការិយាល័យជំនាញ ចុះសហការជាមួយកម្លាំងជំនាញអធិការស្រុកសង្កែ ដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះហើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ