រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបង្កើនការធ្វើទំនើបកម្មសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ បានល្អប្រសើរ ដើម្បីទាក់ទាញប្រជាពលរដ្ឋក្នុងទីក្រុងមកប្រើប្រាស់សេវានេះឲ្យបានកាន់តែច្រើន ដែលជួយរំដោះការកកស្ទះចរាចរតាមរយៈការកាត់បន្ថយការប្រើប្រាស់សេវាធ្វើដំណើរផ្ទាល់ខ្លួន។ អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនូវប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការរថយន្តក្រុង និង Appសម្រាប់តាមដានចលនាបម្លាស់ទីរថយន្តក្រុង ដើម្បី តាមដានទីតាំងចលនាបន្លាស់ទីរថយន្តក្រុងរួមទាំង ការផ្ដល់នូវព័ត៌មានអំពីទីតាំងជាក់ស្ដែងរបស់រថយន្តក្រុង ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកជិះសេវា ដឹកជញ្ជូនសាធារណៈនេះ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ប្រព័ន្ធ App តាមដានទីតាំងចលនាបន្លាស់ទីរថយន្តក្រុងនេះ នឹងកាន់តែទាក់ទាញប្រជាពលរដ្ឋកាន់តែច្រើន ឲ្យងាកមកប្រើប្រាស់សេវារថយន្តក្រុងរាជធានីភ្នំពេញបានកាន់តែច្រើន។ លោកបានបញ្ជាក់ថា ការសម្រេចដាក់ឲ្យប្រើប្រាស់ប្រាស់ទំនើបកម្មនៅលើរថយន្តក្រុងសាធារណៈរបស់រដ្ឋនេះ បន្ទាប់ពីអ្នកប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុងមានការលំបាកមិនដឹងពីដំណើរការរថយន្តក្រុងកំពុងស្ថិតនៅលើទីតាំងណាឡើយក្រោយពេលរថយន្តក្រុងនោះចាកចេញពីស្ថានីយចំណតដឹកអ្នកដំណើរ ហើយនៅពេលខ្លះនៅលើ តម្រុយផ្លូវរត់ដូចគ្នា។
លោក អ៊ាង សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីអាចប្រើប្រាស់កម្មវិធីតាមដំណើរការសេវារថយន្តក្រុងនេះបាន ប្រជាពលរដ្ឋ ទាញយកកម្មវិធីAppនេះ មកប្រើប្រាស់នៅក្នុងទូរស័ព្ទរបស់ខ្លួននោះជាការស្រេច។ លោកបន្តថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរ ការប្រើប្រាស់សេវារបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
រដ្ឋាករស្វយ័តក៏បានបំពាក់នូវម៉ាស៊ីនទូទាត់ប្រាក់ប្រព័ន្ធអេឡិចត្រូនិក កាតវីង នាគារឯកទេសវិង និង អេស៊ីលីដាទាន់ចិត្តរបស់ធនាគារអេស៊ីលីដា ឃ្យូអរកូដនៅលើរថយន្តក្រុងទាំងអស់បានរៀបចំថ្មីជម្រករង់ចាំថ្មី bus center ១៧៧ទីតាំង ជំនួសរង់ចាំចំនួន ៩០៤ទីតាំង ដោយបំពាក់ភ្លើងបំភ្លឺ និងបំពាក់វ៉ាយហ្វាយលើរថយន្តក្រុងផងដែរ រដ្ឋាករស្វយ័ត និងJICA ក៏បានបំពាក់ APP និងប្រព័ន្ធគ្រប់គ្រង រថយន្តក្រុងដែលប្រព័ន្ធនេះអនុញ្ញាតឲ្យអ្នកបង្កើតកម្មវិធីAPP អាចចូលទៅទាញយកទិន្នន័យទីតាំង និងពេលវេលាជាក់ស្ដែងរបស់រថយន្តក្រុងក្នុងដំណាក់កាលដំបូងរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យរដ្ឋាករ ក្រុមជំនាញការចៃកាសហការជាមួយក្រុមហ៊ុន អ៊ីសូមុក បង្កើតប្រព័ន្ធតាមដានរថយន្តក្រុង ដែលមានឈ្មោះហៅថា City bus App ដែលធ្វើការផ្សព្វផ្សាយគឺបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីនេះប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ។
សូមបញ្ជាក់ថា គម្រោងធ្វើឲ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈ រាជធានីភ្នំពេញ ដែលមានរយៈពេល ៤ឆ្នាំចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ និងក្រុមជំនាញការ ចៃកា បានដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនសាធារណៈជូនដល់ប្រជាពលរដ្ឋមានចំនួន១៣ខ្សែដោយប្រើប្រាស់រថយន្ត ក្រុមចំនួន២៣៥គ្រឿង និងអ្នកជិះសរុបចន្លោះពី២ម៉ឺន៦ពាន់នាក់ដល់ជាង៣ម៉ឺននាក់៕ ដោយ ៖ ចន ណារិទ្ធ
ចែករំលែកព័តមាននេះ