ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ចុះ​ផ្អាក​សំណង់​របស់​ជនជាតិ​ចិន មួយ​កន្លែង​ដែល​ប្រើ​ដែក​សុទ្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ផ្អាក​សំណង់​របស់​ជនជាតិ​ចិន មួយ​កន្លែង ដែល​ប្រើ​ដែក​សុទ្ធ​ជា​ពិសេស​ប្រើ​ដែក​សសរ​តូច​ៗ និង​គ្មាន​ច្បាប់​អនុញ្ញាត ដែល​មិន​មានការ​ព្រួយបារម្ភ​ថា អាច​ប្រឈម​ទៅ​នឹង​ហានិភ័យ​នា​ពេល​ណាមួយ​ទៅ​ថ្ងៃ​ខាង​មុខ​បន្ទាប់​ពី​សាងសង់​រួច​។ ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ផ្អាក​សំណង់​របស់​ជនជាតិ​ចិន មួយ​កន្លែង ដែល​ប្រើ​ដែក​សុទ្ធ​ជា​ពិសេស​ប្រើ​ដែក​សសរ​តូច​ៗ និង​គ្មាន​ច្បាប់​អនុញ្ញាត ដែល​មិន​មានការ​ព្រួយបារម្ភ​ថា អាច​ប្រឈម​ទៅ​នឹង​ហានិភ័យ​នា​ពេល​ណាមួយ​ទៅ​ថ្ងៃ​ខាង​មុខ​បន្ទាប់​ពី​សាងសង់​រួច​។

ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ ដែល​សំណង់​អត់​ច្បាប់​មួយ​កន្លែង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លោក វ៉ា សា​វឿ​ន សង្កាត់​ចោម​ចៅ​៣ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ផ្អាក​ការ​សាងសង់​សំណង់​ខាងលើ​នោះ​បាន​ឲ្យ​ដឹង​ថា សំណង់​មួយ​នេះ​គឺជា​ប្រភេទ សំណង់​ឃ្លាំង ដែល​ជា​របស់​ជនជាតិ​ចិន ហើយ​គ្មាន​ការ​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។

រហូត​ពេល​នេះ សាងសង់​បាន​ប្រហែល​៧០​ភាគរយ​ទៅ​ហើយ នៅ​សល់​តែ​ការ​ប្រក់​ដំបូល និង​បិទ​បាំងជញ្ជាំង​តែ​ប៉ុណ្ណោះ ដោយ​ទាំង​សសរ និង​ទាំង​គ្រោងឆ្អឹង​បាន​ប្រើ​ដែក​សុទ្ធសាធ​។ មាន​ទំហំ​១,៦០០​ម៉ែត្រការ៉េ ហើយ​បើ​តាម​ការ​ពិនិត្យ មើល​ជាក់ស្ដែង​ឃើញ​ថាស​សរ​គ្មាន​ការ​បុក​គ្រឹះ​ឡើយ​គឺ​ដាំ​បន្ទើត​នៅ​លើ​សាប​បេតុង​ដែល​មាន​សភាព​ប្រះ​ស្រាំ​ថែម​ទៀត​ផង​។ ម្យ៉ាងទៀត​ប្រើប្រាស់​ដែក​ក្នុង​ការ​សាងសង់​ស្តើង​ណាស់ ព្រមទាំង​រៀប​ជញ្ជាំង​ជាប់​ជាមួយ​សសរ​ដែក ដែល​គ្មាន​បទដ្ឋាន​បច្ចេកទេស និង​មិន​មាន​ភាពរឹងមាំ​នោះ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា ជនជាតិ​ចិន ទាំងនោះ​សាងសង់​ឆៅ​ៗ​តែ​ម្ដង​ហើយដោយ​សារ​តែ​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​ហានិភ័យ​នៅ​ពេល​ខាង​មុខ​នោះ​ទើប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​លួច​រាយការណ៍​ជូន​លោក​ស្ងាត់​ៗ ហើយ​លោក​បាន​រាយការណ៍​បន្ត​ទៅ​កាន់ លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សុំ​គោលការណ៍​។

ខណៈនោះ​លោក​អភិបាល​បាន​បញ្ជា ឲ្យ​ចុះ​ទៅ​ហាមឃាត់​ជា​បណ្តោះអាសន្ន​រង់ចាំ​ការ​សម្រេច​ជា​ថ្មី​ពីសា​លា​រាជធានី​ភ្នំពេញ និង​សាលា​ខណ្ឌ ពោធិ៍​សែន​ជ័យ​ថា នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​សាងសង់​បន្ត ឬ​រុះរើ​ចេញ​វិញ​យ៉ាងណា​នោះ​លោក​នឹង​អនុវត្ត​តាម បទបញ្ជា​ភ្លាម ដើម្បី​ចៀសវាង​មាន​គ្រោះថ្នាក់​នៅ​ពេល​ក្រោយ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ជា​មុន​នោះ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ