ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​កម្ពុជា​ត្រូវការ​នូវ​ការ​វិនិយោគសាធារណៈ​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគសាធារណៈ​គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ ក្នុង​ការ​អភិវឌ្ឍ​និង​កសាង​ប្រទេស​អោយ​កាន់តែ​រីក​ចម្រើន ព្រោះ​ការ​អភិវឌ្ឍ​នានា គឺ​ត្រូវការ​ឲ្យ​មានការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​វិស័យ​ឯកជន ។ ​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍…

​រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគសាធារណៈ​គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ ក្នុង​ការ​អភិវឌ្ឍ​និង​កសាង​ប្រទេស​អោយ​កាន់តែ​រីក​ចម្រើន ព្រោះ​ការ​អភិវឌ្ឍ​នានា គឺ​ត្រូវការ​ឲ្យ​មានការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​វិស័យ​ឯកជន ។

​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​រូប​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ភាសា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​ទៅ​លើ​វិស័យ​សា​ធារណៈ ពិតជា​សំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស ហើយ​ការ​វិនិយោគសាធារណៈ​នេះ គឺ​មាន​ច្រើន​ផ្នែក តែ​វិស័យ​បី​ដែល​ជា​អាទិភាព​សំខាន់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ក្នុង​នោះ​រួម​មានវិស័យ​អប់រំ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​សុខាភិបាល ដែល​រដ្ឋាភិបាល​ត្រូវ​បង្កើន​យកចិត្តទុកដាក់ ក្នុង​ការ​អភិវឌ្ឍន៍​ដើម្បី​ជំរុញ​អោយ​កំណើនសេដ្ឋកិច្ច​កាន់តែ​ប្រសើរ ។

លោក​បណ្ឌិត​មាន​ប្រសាសន៍​បន្ត​ថា កាលពីមុន​ប្រទេស​កម្ពុជា​មាន​សេដ្ឋកិច្ច​មិន​ទាន់​លូតលាស់​ខ្លាំង ទុន​វិនិយោគ​លើ​វិស័យ​សាធារណៈ​ត្រូវ​បាន​ពឹង​លើ​ជំនួយ​ពី​បរទេស តែ​បន្ទាប់​ពី​ប្រទេស​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​លូតលាស់​ល្អ​ប្រសើរ​នោះ ជំនួយ​សម្រាប់​កសាង​លើវិស័យ​សាធារណៈ ពី​បរទេស​ត្រូវ​បាន​កាត់​បន្ថយ ដូច្នេះ​ទាមទារ​អោយ​រដ្ឋាភិបាល បង្កើន​ចំណូល​ពន្ធ​ដើម្បី​យក​ទុន​នោះ​មក​អភិវឌ្ឍន៍​វិស័យ​សាធារណៈ ដូច​ជា​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម ។

​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​មាន​ប្រសាសន៍​ថា «​បើសិនជា​វិស័យ​សាធារណៈ​រីក
ចម្រើន នឹង​ធ្វើ​អោយ​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​កាន់តែ​ងាយស្រួល​និង​កាន់តែ​រីក​ចម្រើន​ផង​ដែរ ជាក់ស្ដែង​នៅ​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​ចង់​វិនិយោគ​លើ​វិស័យ​ដឹក​ជញ្ជូន តែបើ​គ្មាន​ផ្លូវ​ល្អ ផ្លូវ​ស្អាត​ការ​វិនិយោគ​វិស័យ​នេះ​នឹង​រអាក់រអួល ហើយ​ក៏​គ្មាន​វិស័យ​ឯកណាម​ក​វិនិយោគ​ផ្លូវថ្នល់​អោយ​យើង​ដែរ ដូច្នេះ​មានរ​តែ​រដ្ឋាភិបាល​បង្កើន​ការ​វិនិយោគ​ផ្លូវថ្នល់​ហើយ ចាំ​ប្រមូល​ថវិកា​ពី​វិស័យ​ឯ​ជន​វិញ »​។

បើ​តាម​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា​ការ​វិនិយោគសាធារណៈ​នៅ​កម្ពុជា ត្រូវ​បាន​ចាប់ផ្តើម​ដំបូង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ ក៏​ប៉ុន្តែ​ពេល​នោះ គឺ​កម្ពុជា​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ហិរញ្ញប្បទាន សហប្រតិបត្តិការ​ពី​ដៃគូ​អភិវឌ្ឍន៍ ។ ប៉ុន្តែ​ក្រោយមក នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​២០០០ ដោយសារ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល និង​ក្នុង​ស្មារតី​នៃ​ការ​ពង្រឹង​ភាព​ជា​ម្ចាស់​លើ​កិច្ច​អភិវឌ្ឍ កម្ពុជា​បាន​ចាប់ផ្តើម​ធ្វើការ​វិភា​ជន៍​បែងចែក​ធនធាន​ខ្លួនឯង​ពី​ប្រភព​ថវិកាជាតិ​តាម​លទ្ធភាព​ជា​បណ្តើរ​ៗ​ក្នុង​ការ​វិនិយោគ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ បន្ថែម​ពីលើ​ប្រភព​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ​ការ វិនិយោគសាធារណៈ គឺ​មាន​ទំហំ​ប្រមាណ ៨% នៃ ផសស ដែល​ក្នុង​នោះ ១​ភាគ​៣ បាន​ពី​ថវិកាជាតិ និង ២​ភាគ​៣ ទៀត​បាន​មក​ពី​ដៃគូ​អភិវឌ្ឍន៍​ដែល​ជា​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង ដែល​សមិទ្ធផល​ដ៏​គួរ​ឱ្យ កោត​ស​សើរ​នេះ គឺ​បាន​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ខិតខំ​គៀរគរ​ធនធាន​ដោយ​ខ្លួនឯង និង​វិនិយោគ​ដោយ​ខ្លួនឯង ដោយ​ទំហំ​នៃ​ការ​វិនិយោគ​នេះ​បាន និង​កំពុង​កាន់តែ​ធំ​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក​បាន​បន្ត ដោយសារ​តម្រូវការ​វិនិយោគ​កាន់តែ​ធំ ហើយ​រដ្ឋាភិបាល​ក៏​មាន​លទ្ធភាព​ធ្វើការ​វិនិយោគ​កាន់តែ​ធំ​ជាង​មុន ដូចនេះ ចំណុច​គន្លឹះ គឺ​ការ​ផ្តោត​លើ​បញ្ហា​ប្រសិទ្ធភាព ។ លោក​ថា​៖« ថ្វី​ត្បិត​កន្លង​មក យើង​បាន​ដាក់​ចេញ​នូវ​លិខិត​បទដ្ឋាន​គតិយុត្តិ និង​គោលការណ៍​មួយ​ចំនួន​ជា​បន្តបន្ទាប់ សម្រាប់​គ្រប់គ្រង ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្តី ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ ជា​ពិសេស​នៅ​ក្នុង​បរិការណ៍ បច្ចុប្បន្ន​។ ដូចនេះ យើង​មាន​ភាព​ចាំបាច់ និង​បន្ទាន់ ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​នេះ​ឡើង​វិញ តាម​រយៈ​ការ​រៀបចំ​ច្បាប់ និង លិខិត​បទដ្ឋាន​គតិ​យុ​ត្ត សម្រាប់​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ស្រប​តាម​ឧត្តមានុភាព ជា​អន្តរជាតិ និង​តំបន់ សំដៅ​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព និង​ចីរភាព​នៃ​ការ​វិនិយោគ ទាំង​គម្រោង​អភិវឌ្ឍន៍ និង​ទាំង​ថវិកា​» ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ