ប្រទេសឥណ្ឌា ៖ លោករ៉ាហ៊ុលគន្ធីស្ថិតក្នុងសែស្រឡាយនៃត្រកូលអ្នកនយោបាយឥណ្ឌាគឹត្រកូលនេរុ-គន្ធី បានប្រកាសនាថ្ងៃទី៣កក្កដា ពីការលាលែង ចេញពីតំណែងប្រធានគណបក្សកុងក្រេស ជាគណបក្សប្រឆាំងឥណ្ឌាដ៏ធំ។ ការប្រកាសសុំលាលែងរបស់លោក កើតមានបន្ទាប់ពីបរាជ័យដ៏ធំ ក្នុងការបោះឆ្នោតសភាចាញ់ដាច់ឆ្ងាយពួកជាតិនិយមហិណ្ឌូ របស់នាយករដ្ឋមន្ត្រីលោកណារេនដ្រាម៉ូឌី។
ក្នុងសារលិខិតមួយច្បាប់ចេញផ្សាយតាមTWITTERលោករ៉ាហ៊ុលគន្ធីអះអាងថា ក្នុងឋានៈជាប្រធានគណបក្សកុងក្រេស ខ្ញុំជាអ្នកទទួលខុសត្រូវលើបរាេជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៩នេះ។ ការហ៊ានទទួលខុសត្រូវវាសំខាន់ណាស់ សម្រាប់ការរីកចម្រើននាពេលអនាគតរបស់គណបក្សយើង។ ដោយសារបែបនេះហើយ បានជាខ្ញុំសម្រេចសុំលាលែងចេញពីតំណែងប្រធានបក្សកុងក្រេស។
គណបក្សBHARATIYA JANATA PARTYរបស់លោកណារេនដ្រាម៉ូឌី ដណ្ដើមបានជ័យជម្នះយ៉ាងធំធេង ក្នុងការបោះឆ្នោតសភាកាលពីខែមេសា-ឧសភា ដែលនាំឲ្យគណបក្សកុងក្រេសធ្លាក់ក្នុងវិបត្តិ។ គណបក្សប្រឆាំងដ៏ធំនោះឈ្នះបានតែក្នុងមណ្ឌលប្រមាណជា៥០ ពោល៦ដងតិចជាងគណបក្សរបស់នាយករដ្ឋមន្ត្រី។ នោះជាបរាជ័យដ៏ធំពុំធ្លាប់មានសម្រាប់គណបក្សនេះ ចាប់តាំងពីឥណ្ឌាទទួលបានឯករាជ្យពីឆ្នាំ១៩៤៧មក។ គណបក្សកុងក្រេសធ្លាប់ជាអ្នកកាន់អំណាចជាច្រើនអាណត្តិនៅឥណ្ឌា។
ក្នុងលិខិតសុំលាលែងលោករ៉ាហ៊ុលគន្ធីបន្តថា ការប្រយុទ្ធរបស់ខ្ញុំមិនមែនគ្រាន់តែដណ្ដើមអំណាចនយោបាយប៉ុណ្ណោះទេ។ ខ្ញុំពុំខឹងសម្បាជាមួយគណបក្សBHARATIYA JANATA PARTY តែខ្លួនខ្ញុំប្រឆាំងប្ដូរផ្ដាច់ចំពោះគំនិតនយោបាយរបស់គណបក្សនោះ។ ការវាយប្រហារប្រឆាំងប្រទេសយើងនិងរដ្ឋធម្មនុញ្ញរបស់យើង ដែលកើតមាននាបច្ចុប្បន្ន គឺក្នុងបំណងបំផ្លាញកោសិកាសង្គមរបស់ប្រជាជាតិយើង។ លោកគូសបញ្ជាក់ថា លោកនៅតែជាទាហានដ៏ស្មោះត្រង់របស់គណបក្សកុងក្រេស៕
ចែករំលែកព័តមាននេះ